គ្រោះរញ្ជួយដីកម្រិត៧,៣រិចទ័រ បានវាយប្រហារ ឆ្នេរសមុទ្រភាគឦសាន របស់ជប៉ុន បណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និង៩៤នាក់ទៀតរងរបួស
បរទេស ៖ ហេតុការណ៍មួយនេះ ធ្វើឱ្យគេនឹករលឹកដល់ការរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលបានកើតឡើងនៅ តំបន់ដដែលនេះ កាលពីជាងមួយទសវត្សរ៍មុន។
បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) នៅថ្ងៃទី១៦ ខែមីនា ការរញ្ជួយដីបានកើតឡើងនៅជម្រៅ៦០គីឡូម៉ែត្រ និងក្នុងចម្ងាយ៥៧គីឡូម៉ែត្រ ពីឆ្នេរសមុទ្រទីក្រុងហ្វូគូស៊ីម៉ា ខេត្តហ្វូគូស៊ីម៉ា ដែលនៅភាគឦសានជប៉ុន។ ទន្ទឹមនេះ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យជប៉ុនបានបញ្ជាក់ថា មានការឆាបឆេះមួយចំនួនកើតឡើង ហើយប្រជាជន២នាក់បានស្លាប់ និងមនុស្សជាង៩៤នាក់រងបានរងរបួស ក្នុងនោះមនុស្ស៤នាក់បានរងរបួសធ្ងន់។
បើតាមទីភ្នាក់ងារព័ត៌មាន AP ក្រុមហ៊ុនថាមពលអគ្គិសនី Utility Tokyo អះអាងថា ភា្លមៗក្រោយការរញ្ជួយដី ផ្ទះប្រហែល២លានខ្នងគ្មានអគ្គិសនីនៅថ្ងៃទី១៦ ខែមីនា។ ទោះជាយ៉ាងណា ខណៈការផ្គត់ផ្គង់ចាប់ផ្ដើមដំណើរការបន្តបន្ទាប់ ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីមួយទៀត Tohoku បញ្ជាក់ថា ផ្ទះប្រហែល៣៨,៥០០ខ្នង នៅតែគ្មានភ្លើងប្រើប្រាស់នៅព្រឹកថ្ងៃទី១៧ ខែមីនា (ម៉ោងនៅជប៉ុន)។