ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា អំពាវនាវឱ្យប្រជាជន បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល និងនាំគ្នាទៅទទួលការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា

34

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាជនកម្ពុជា បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសវិធានការ «៣ការពារ និង៣កុំ» និងនាំគ្នាទៅទទួលការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។

ការបន្តអំពាវនាវបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពីធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ១៩ ប្រភេទ (AstraZeneca) ពីប្រជាជន និងរដ្ឋាភិបាលហុងគ្រី នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នាវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវឱ្យប្រជាជនកម្ពុជា បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសវិធានការ ៣ការពារ និង៣កុំ និងនាំគ្នាទៅទទួលការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។ ខ្ញុំសូមជូនពរ សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និងប្រជាជននៃប្រទេសទាំងពីរ ឱ្យទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច និងជៀសឆ្ងាយពីជំងឺកូវីដ១៩»។

បន្ថែមពីនេះ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តថា អំណោយជាវ៉ាក់សាំងដែលផ្តល់ជូនកម្ពុជានាពេលនេះ គឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់របស់ប្រជាជន និងរដ្ឋាភិបាលហុងគ្រី លើការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅកម្ពុជា និងនៅលើសកលលោកទាំងមូល ដែលកម្ពុជាសូមកោតសរសើរ និងវាយតម្លៃខ្ពស់។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅតែបន្តអូសបន្លាយ និងកំពុងវិវត្ត ជាពិសេសតាមរយៈការបង្កើតជាប្រភេទមេរោគបំប្លែងខ្លួនថ្មីៗជាបន្តបន្ទាប់។ ដោយឈរលើស្មារតីប្រុងប្រយ័ត្នប្រកបដោយសុទិដ្ឋិនិយម, កម្ពុជាបានតាមដានវាយតម្លៃសភាពការណ៍ និងយកចិត្តទុកដាក់ខ្ពស់ ដោយបានពន្លឿន និងជំរុញយុទ្ធនាការចាក់វ៉ាក់សាំង សំដៅបង្កើតភាពស៊ាំសហគមន៍នៅទូទាំងប្រទេសកម្ពុជា។ ក្នុងក្របខណ្ឌសកលលោក, កម្ពុជា ក៏បានចូលរួមជំរុញផងដែរនូវយុទ្ធនាការចាក់វ៉ាក់សាំង និងសូមវាយតម្លៃខ្ពស់ចំពោះវប្បធម៌ជួយគ្នាទៅវិញទៅមក ជាពិសេសការចែករំលែកនូវវ៉ាក់សាំងកូវីដ១៩ ដែលពិតជាមានសារសំខាន់ និងប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ។ កម្ពុជាជឿជាក់ថា ការចាក់វ៉ាក់សាំងគឺជាកិច្ចការអាទិភាព សម្រាប់យើងទាំងអស់គ្នា ហើយវ៉ាក់សាំងនឹងបន្តដើរតួនាទីជាទំនិញយុទ្ធសាស្ត្រគន្លឹះ ក្នុងការទប់ទល់នឹងការឆ្លងរាលដាល ក៏ដូចជាការរៀនរស់នៅជាមួយជំងឺកូវីដ១៩ និងការបើកកិច្ចដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ឡើងវិញ ។

ប្រមុននៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២, កម្ពុជា គឺជាប្រទេសមួយដែលទទួលបានជោគជ័យក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដោយសម្រេចបានអត្រាចាក់វ៉ាក់សាំងប្រមាណ ៩២,២៧ភាគរយ នៃប្រជាជនសរុបប្រមាណ ១៦លាននាក់ ។ ការណ៍នេះ បានអនុញ្ញាតឱ្យកម្ពុជាបើកប្រទេសឡើងវិញ និងរក្សាកិច្ចដំណើរការនៃសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញលើគ្រប់វិស័យ ទោះបីជាការឆ្លងរាលដាលចូលក្នុងសហគមន៍នៅបន្តមានក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ស្របពេលដែលមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង (Omicron) នៅតែបង្កនូវហានិភ័យ និងមានភាពមិនប្រាកដប្រជា, រាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់អាទិភាពដល់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយបានបើកយុទ្ធការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ និងពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងជូនដល់កុមារដែលមានអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងន័យនេះ, អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លាវ៉ាក់សាំងកូវីដ១៩ ប្រភេទ AstraZeneca ពីសំណាក់ប្រជាជន និងរដ្ឋាភិបាលហុងគ្រីនាថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង