មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសមៈនឹងសម្ពោធនៅថ្ងៃទី២១ ខែមីនា អាជ្ញាធររាជធានីសម្រេចបិទកំណាត់ផ្លូវ២ខ្សែ
ភ្នំពេញ ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា–ចិនព្រះកុសមៈ ដែលមានទីតាំងស្ថិតនៅភូមិ១២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោកគ្រោងនឹងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២១ ខែមីនានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធីផងដែរ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា៖ រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញឱ្យ បានជ្រាបថានៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៥:០០នាទី ក្រសួងសុខាភិបាល និងមន្ទីរពេទ្យ មិត្តភាពកម្ពុជា–ចិនព្រះកុសមៈនឹងរៀបចំពិធីសម្ភោធមន្ទីរពេទ្យមិត្តភាពកម្ពុជា–ចិនព្រះកុសមៈ ដែលស្ថិតនៅភូមិ១២ សង្កាត់ទឹកល្អក់២ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធីរហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចាប់ពីស្ពានអាកាស៧មករា ដល់វិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២) និងកំណាត់ផ្លូវលេខ២៦៥ ចាប់ពីមហាវិថីកម្ពុជាក្រោម (ផ្លូវលេខ១២៨) ដល់វិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២) ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយ អនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕