ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា​ ​បាន​ចូលរួមចែករំលែក​យ៉ាង​សកម្ម​ក្នុង​វិស័យ​មីន​ ដល់បណ្តាប្រទេសទាំងក្នុងតំបន់ និងពិភពលោក ដែលទទួល​រងគ្រោះ​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​ ដូច​កម្ពុជា​ដែរ​

267

 

ភ្នំពេញ ៖ នៅទីស្នាក់ការអាជ្ញាធរមីន ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីន បាន​បទសម្ភាសន៍ជាមួយអ្នកពិគ្រោះយោបល់អន្តរជាតិ ស្តីពីការរួមចំណែក​វិស័យមីនកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការត្បូងត្បូង (South South Cooperation)។

ក្នុង​បទ​សម្ភាសន៍​នោះ ​លោកទេសរដ្ឋមន្រ្តី លី ធុជបាន​លើក​ឡើង​ថា​ ចាប់ពីឆ្នាំ១៩៩២ វិស័យមីនកម្ពុជា បានចាប់ផ្តើមកំណើតឡើងដែលមានរាជរដ្ឋាភិបាលកម្ពុជា ជាម្តាយ និងសហគមន៍ជាតិ-អន្តរជាតិ ជាឳពុក ហើយឥឡូវនេះរយៈពេល ៣០ ឆ្នាំ កម្ពុជា បានទទួលនូវមេរៀនគ្រប់បែបយ៉ាង និងបទពិសោធន៍យ៉ាងច្រើន ព្រមទាំងមានមហិច្ឆតា ចូលរួមចែករំលែកជួយទៅដល់ប្រជាជន និងបណ្តាប្រទេស ទាំងក្នុងតំបន់ និងពិភពលោក ដែលត្រូវការចាំបាច់ នូវការងារបោសសម្អាតមីន។

ដើម្បីចូលរួមដល់កិច្ចសហប្រតិបត្តិការត្បូងត្បូង កម្ពុជា បានរៀបចំឲ្យមានយន្តការរឹងមាំ គោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពច្បាស់លាស់ សម្រាប់វិស័យ សកម្មភាពមីនទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមានកិច្ច សហការយ៉ាងជិតស្និទ្ធ ជាមួយប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ដែលសមិទ្ធផលទាំងនេះ បានកើតឡើងចេញពីការយក ចិត្តទុកខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត។
ជាមួយ​គ្នានេះ​ ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព សម្តេចតេជោ តែងតែចែករំលែកនូវបេះដូង និងសេចក្ដីស្រលាញ់សន្តិភាព ទៅបណ្ដាប្រទេសនានា ដែលទទួលរងគ្រោះដោយសារសង្រ្គាម ដូចកម្ពុជា តាមរយៈការបញ្ជូន កងកម្លំាងរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ ទេសរដ្ឋមន្រ្តី លី ធុជ សូម​កោត​សរសើរ​ និង​ថ្លែង​អំណរគុណ​ជូន​ចំពោះ​ប្រតិបត្តិករ​ជាតិ​-អន្តរជាតិ​ ដែល​តែងតែ​ចែក​រំលែក​នូវ​បទពិសោធន៍​និង​បច្ចេកទេស​របស់​ខ្លួន​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ និង​ជុំ​វិញ​ពិភពលោក​។ ជាមួយ​គ្នា​នេះ​ ទេសរដ្ឋមន្រ្តី លី ធុជ សូម​ថ្លែង​អំណរគុណ​ជូន​ចំពោះ​ដៃគូ​អភិវឌ្ឍន៍​ និង​ប្រទេស​ជាមិត្ត​ ដែល​បាននិង​កំពុង​ចូលរួម​គាំទ្រ​ដល់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង