ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសជាតិមានសុខសន្តិភាព ពេញលេញ ការអភិវឌ្ឍលំនៅដ្ឋាន កាន់តែប្រសើរឡើង មានក្រុមហ៊ុនបណ្ដាក់ទុនរកស៊ីយ៉ាងច្រើននៅកម្ពុជា

303

ភ្នំពេញ៖ ដោយសារ ប្រទេសជាតិមានសុខសន្តិភាព បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងខ្លាំង ទន្ទឹមនិងនេះការអភិវឌ្ឍលំនៅដ្ឋាន ក៏កាន់តែប្រសើរឡើងផងដែរ។សន្តិភាពនេះហើយដែលធ្វើឲ្យក្រុមហ៊ុនឯកជន មានការបណ្ដាក់ទុនរកស៊ីយ៉ាងច្រើន នៅកម្ពុជា មិនថា នៅរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្ត បង្កើតបាននូវការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋមានជីវភាពធូរធា។

  នេះជាការលើកឡើងរបស់ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញក្នុងពិធីសំណះសំណាលជាមួយបុគ្គលិកកម្មករ កម្មការិនី ដែលកំពុងពេញការងារក្នុងការដ្ឋាននិងត្រួតពិនិត្យគុណភាពសំណង់ បុរីមេគង្គលែន តាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតនៅភូមិ ចំបក់មាស សង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨មីនានេះ។

  លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការអភិវឌ្ឍក្រុមហ៊ុនសំណង់មិនថា នៅរាជធានីភ្នំពេញឬនៅតាមបណ្តាខេត្តនោះទេ គឺសុទ្ធតែបង្កើតបាននូវការងារធ្វើជូនបុគ្គលិកកម្មករ កម្មការិនី ។តែបើ

ប្រទេសជាតិមានអសន្តិសុខគឺមិនមានអ្នកចូលមកធ្វើការវិនិយោគនោះទេ ជាក់ស្តែងដូចជានៅប្រទេសអ៊ុយក្រែន មានបញ្ហាជាមួយរុស្ស៊ីគឺមិនមានក្រុមហ៊ុនណាហ៊ានទៅរកស៊ីនៅក្នុងប្រទេសដែលមានសង្គ្រាមនោះទេ។

  លោកឃួង ស្រេងបន្តទៀតថា ក្រុមហ៊ុនមានឱកាសរកស៊ី បង្កើតឲ្យកម្មករកម្មការិនីមានការងារធ្វើគឺដោយសារតែប្រទេសជាតិយើងមានសន្តិភាព ហើយ

សន្តិភាពនេះ បានមកពី សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ដូច្នេះលោកស្នើឱ្យបងប្អូនកម្មករកម្មការិនីទាំងអស់រួមគ្នារក្សាឲ្យបានគង់វង្សនូវសន្តិភាពសម្រាប់កម្ពុជា។

  លោកបញ្ជាក់ផងដែរថា កម្មករកម្មការិនីនិងម្ចាស់ក្រុមហ៊ុនគឺប្រៀបបានអណ្ដាតនឹងធ្មេញដែលយើងត្រូវរួមគ្នាដើម្បីអោយក្រុមហ៊ុនរីកចំរើន បើក្រុមហ៊ុនរីកចម្រើនយើងក៏រីកចំរើនដែរ។

  លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយក នៃ បុរី មេគង្គ លែន បានមានប្រសាសន៍លើកឡើងថា៖ បុរីមេគង្គលែនបានចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិយ៉ាងខ្លាំងក្លា តាមរយៈ ការផ្តល់ជូននូវការងាររាប់ពាន់កន្លែង និងបង្កើនបន្ថែមជារៀងរាល់ឆ្នាំ តួយ៉ាងឆ្នាំ២០១៩ យើងមានបុគ្គលិក និង កម្មករ សរុប ជាងមួយពាន់នាក់ ឆ្នាំ២០២០ បង្កើនទៅជា២ពាន់នាក់ រហូតមកដល់បច្ចុប្បន្ន។ ជាពិសេសក្នុងកំឡុងវិបត្តិកូវិត១៩ យើងមិនបោះបង់ចោល ក្រុមការងារយើង ដោយចូលរួមជាមួយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល បើកប្រាក់បៀវត្តន៍ជូនពេញលេញ ហើយថែមទាំងយកចិត្តទុកដាក់យ៉ាងខ្ពស់ទៅលើសុខភាពអនាម័យ ការផ្តល់ជាការឧបត្តម្ភស្បៀង ថវិកា ការធ្វើតេស្តរហ័សជាប្រចាំនិងការលើកទឹកចិត្តអោយចាក់វាំសាំងទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវិត១៩។បានចូលរួមលើកកម្ពស់គុណភាពសំណង់ និងបរិស្ថាន តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធល្អប្រណិត សំណង់ដែលប្រើប្រាស់វត្ថុធាតុដើមរឹងមាំ តាមស្តង់ដារបច្ចេកទេសខ្ពស់  និងការរៀបចំប្រព័ន្ធប្រព្រឹត្តឹកម្ម ប្រព័ន្ធការពារកណ្តៀរ ប្រព័ន្ធការពារឆក់ល។ ហើយថ្មីៗនេះ យើងបានឈ្នះនូវ ពានរង្វាន់អចលនទ្រព្យ Property Guru ២០២១ ប្រចាំតំបន់អាស៊ី ទៅលើម៉ូតផ្ទះ និងគុណភាពសំណង់ផងដែរ។បានចូលរួមសកម្មភាពសប្បុរសធម៌ជាមួយអង្គការសប្បុរសធម៌នានា ឥតឈប់ឈរ ដើម្បីចូលរួមរំលែកបន្ទុកសង្គម៕

 

អត្ថបទដែលជាប់ទាក់ទង