ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានិងអារ៉ាប៊ីសាអូឌីត ប្តេជ្ញាចិត្តរួមគ្នា ដើម្បីពង្រឹង និង ពង្រីកបន្ថែមទៀតនូវវិសាលភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី

32

 

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មាន នៅ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ លទ្ធផលនទស្សនកិច្ចផ្លូវការ របស់ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត, តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ(His Highness Prince Faisal bin Farhan Al Saud) រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានយាងមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ សំដៅពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនៃព្រះរាជទស្សនកិច្ច ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ បានយាង ចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីន ព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានយាងព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត មកបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំទ្វេភាគី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ បានពិភាក្សាលើវិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការ និងបានឯកភាពថា ព្រះរាជទស្សនកិច្ចនេះ គឺជាចំណុចចាប់ផ្ដើមសម្រាប់ការលើកកម្ពស់ទំនាក់ទំនងជាមិត្តភាព និងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពថា ប្រទេសទាំងពីរនៅមិនទាន់បានប្រើប្រាស់សក្តានុពល ទាំងអស់នៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់នៅឡើយ និងបានប្តេជ្ញាចិត្តរួមគ្នាដើម្បីពង្រឹង និង ពង្រីកបន្ថែមទៀតនូវវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

អំពីពាណិជ្ជកម្ម និងការវិនិយោគ បន្ទាប់ពីបានលើកឡើងនូវកាលានុវត្តភាពប្រកបដោយការ លើកទឹកចិត្តរបស់កម្ពុជា ជាពិសេសច្បាប់វិនិយោគថ្មីដែលអំណោយផល កិច្ចព្រមព្រៀងពាណទ្ធចក សេរីមួយចំនួន និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមាន កាលពីដើមឆ្នាំនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានស្នើសុំសមភាគីរបស់ឯកឧត្តម ឱ្យជំរុញពាណិជ្ជករក អារ៉ាប៊ីសាអូឌីតមកបណ្តាក់ទុននៅកម្ពុជាក្នុងវិស័យសំខាន់ៗមួយចំនួន រួមមានទេសចរណ៏កសិកម្ម និងថាមពលកកើតឡើងវិញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះ បទពិសោធន៍ និងជំនាញរបស់អារ៉ាប៊ីសាអូឌីតក្នុងផលិតកម្មប្រេង និងឧស្ម័ន និងបានស្នើឱ្យផ្តល់ អាហារូបករណ៍ក្នុងការបណ្ដុះបណ្ដាលផ្នែកវិស្វកម្មប្រេង និងឧស្ម័ន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើដល់អារ៉ាប៊ីសាអូឌីតពិចារណាលើការនាំចូលកសិផល ពីកម្ពុជា និងចែករំលែកបទពិសោធន៍ស្ដីពីការផលិតអាហារហាឡាល់ (Halal Food)។ បន្ថែមពីនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងការផ្លាស់ប្តូរ ជំនាញការទូតរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំងពីរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជំរុញភាគីអារ៉ាប៊ីសាអូឌីតឱ្យធ្វើការ ពិចារណាចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ជាមួយកម្ពុជា និងពន្លឿនការពិចារណាចំពោះអនុស្សារណៈនៃការយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងអប់រំ រវាងប្រទេសទាំងពីរ។

ឯកឧត្តម ប្រាក់ សុខុន និងព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ ក៏បាន ពិភាក្សា និងបានឯកភាពគ្នាផងដែរ អំពីការបង្កើតយន្តការសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ជា ពិសេសលើកិច្ចពិគ្រោះយោបល់ជាប្រចាំរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។

ក្នុងអំឡុងពេលនៃជំនួប រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ គ្នាផងដែរ លើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗមួយចំនួន ដែលជាផលប្រយោជន៍ និងការបារម្ភរួម។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនាពេលបច្ចុប្បន្ន និងបានសន្យាថា នឹងពង្រឹងការគាំទ្រគ្នាបែបនេះបន្ថែមទៀត។ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ បានសម្តែងនូវការគាំទ្រ និងជូនពរដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។ ភាគីទាំងពីរ មានគោលជំហរដូចគ្នាក្នុងការគោរពតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ និងការគោរពចំពោះអធិបតេយ្យភាព និងគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលយកការអញ្ជើញរបស់ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ ទៅបំពេញទស្សនកិច្ចផ្លូវការនៅអារ៉ាប៊ីសាអូឌីត៕

អត្ថបទដែលជាប់ទាក់ទង