ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សា ការងារជាមួយប្រធាន អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

31

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង (Nguyen Tan Cuong ) ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីការពារប្រទេស ។

នៅក្នុងជំនួបនោះ ឯកឧត្តម ង្វៀន តឹនគឿង បានគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាម ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហើយបានគោរពសម្ដែងនូវ ការអបអរសាទរចំពោះសម្តេចតេជោនិងរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រយុទ្ធប្រឆាំងកូវីដ-១៩បានជោគជ័យ ដោយបានចាក់ស្រោចវ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋបានជាង៩០% ដែលនេះជាចំនួនច្រើនបំផុត នៅក្នុងពិភពលោក និងនៅក្នុងតំបន់។ ឯកឧត្តមក៏សូមសម្តែងនូវការអបអរសាទរផងដែរ ពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ជាពិសេសទទួលបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំ អគ្គបញ្ជាការដែលធ្វើដោយផ្ទាល់ បន្ទាប់ពីការអាក់ខាន ការប្រជុំដោយផ្ទាល់២ឆ្នាំកន្លងមក។ ឯកឧត្តមក៏បាន គោរពរាយការណ៍ជូន សម្ដេចតេជោថា កងទ័ពទាំង២ នឹងរៀបចំឲ្យមានកិច្ចប្រជុំនៅព្រំដែន ដើម្បីពង្រឹងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការ លើកិច្ចការពារជាតិ ការបង្កើត Hot line ដើម្បីរួមគ្នាដោះស្រាយ រាល់បញ្ហាដែលអាចកើតមានឡើងឲ្យទាន់ពេលវេលា ហ្វឹកហាត់ការស្រាវជ្រាវ និងសង្គ្រោះបន្ទាន់ រួមទាំងចែករំលែកព័ត៌មាន រក្សាសន្តិសុខ និងសុវត្ថិភាពតាមព្រំដែន។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះរបាយការណ៍របស់ឯកឧត្តម ង្វៀន តឹនគឿង និងលើកទឹកចិត្តឲ្យកងទ័ពទាំង២ បន្តកិច្ចសហប្រតិបត្តិការខាងលើ និងស្វែងរក កិច្ចសហប្រតិបត្តិការដទៃទៀតដែលអាចធ្វើបាន ដើម្បីធ្វើយ៉ាងណារក្សា សុវត្ថិភាព និងសន្តិសុខជូន ដល់ប្រជាជនរស់នៅតាមព្រំដែន ដើម្បីឲ្យពួកគាត់ប្រកប​អាជីវកម្មដោយគ្មានការភ័យខ្លាច ប្រែក្លាយព្រំដែនដែល ធ្លាប់ជាទីតាំងសមរភូមិ​ឲ្យទៅជាតំបន់គ្របដណ្តប់ដោយការអភិវឌ្ឍ សន្តិភាព និងមិត្តភាព។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន ឯកឧត្តម ង្វៀន តឹនគឿង អំពីយុទ្ធសាស្ត្រ ចាក់ស្រោចវ៉ាក់សាំងនៅកម្ពុជា ដែលនាំដល់ការទទួលបាន ជោគជ័យ និងបើកប្រទេសឡើងវិញតាមរយៈ ទី១) អ្នកដំណើរមកកម្ពុជាពុំចាំបាច់ មានវិញ្ញាបនបត្រ បញ្ជាក់ការធ្វើតេស្ត PCR 72 ម៉ោង មុនធ្វើដំណើរមកកម្ពុជាទេ ទី២)មិនតម្រូវឲ្យធ្វើតេស្តរហ័ស នៅពេលមកដល់កម្ពុជាទេនិងទី៣) អនុញ្ញាតទិដ្ឋាការនៅ ពេលមកដល់កម្ពុជា។ ជាមួយគ្នានោះដែរសម្តេចតេជោ​ក៏បានកោតសរសើរដល់​ការចូលរួមចំណែករបស់ កងទ័ពទាំង២ ក្នុងការកសាងការពារ ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង វៀតណាម៕

អត្ថបទដែលជាប់ទាក់ទង