រថយន្ដបែនដឹកដី បើកលឿន បុករថយន្តហាយឡែនឌ័រ ស្លាប់៤ នាក់
ស្វាយរៀង ៖ រថយន្តបែនដឹកដី បើកបរក្នុងល្បឿនលឿន ដល់ផ្លូវបែកជាបួន បុករថយន្ត ហាយឡែនឌ័រ ខ្ទប់នឹងបង្គោលភ្លើង បណ្តាលឲ្យមនុស្សចំនួន៤នាក់ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ៤និង១០នាទីទៀបភ្លឺថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២២ ស្ថិតនៅលើផ្លូវជាតិ លេខ១ ចន្លោះគីឡូ ១២៦/១២៧ ស្ថិតក្នុងភូមិ បាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ដបែនដឹកដី មួយគ្រឿងម៉ាក SCANIA ពណ៌ ស ពាក់ផ្លាកលេខ កំពង់ចាម 3B -0332 បើកបរដោយឈ្មោះ យឿន ភារម្យ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ តាជោរ ឃុំ សង្កែ ស្រុក រំដួល ខេត្ត ស្វាយរៀង ធ្វើដំណើរពីជើងទៅត្បូងយ៉ាងលឿន ដូចហោះ។ អ្នកបើកបរគ្មានរបួស ( ឃាត់ខ្លួនបាន ) រថយន្ដខូចខាតធ្ងន់ ។ លុះមកដល់ចំណុចកើតហេតុខាងលើ មានរថយន្ដ មួយគ្រឿងទៀតម៉ាក ហាយឡែនឌ័រ ពណ៌ សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ ប្រភេទ2BD -1141 បើកបរដោយឈ្មោះ ហឹម ដានី ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ រត់តាក់ស៊ី រស់នៅភូមិ គោកល្វាង សង្កាត់ ព្រៃអង្គុញ ក្រុង បាវិត ខេត្ត ស្វាយរៀង បើកបរពីកើតទៅលិច មានអ្នករួមដំណើរចំនួន៥នាក់។ ចំណែកអ្នកបើកបានរងរបួសធ្ងន់ ។
ជនរងគ្រោះដែលបានស្លាប់ទាំង៤នាក់មានឈ្មោះ ៖ ទី១ ស៊ុន ស្រីណង ភេទ ស្រី អាយុ ៤៤ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ ជ្រៃធំ សង្កាត់ ព្រៃអង្គុញ ក្រុង បាវិត ខេត្ត ស្វាយរៀង , ទី២, ពេជ្រ ដាំ ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ ជ្រៃធំ សង្កាត់ ព្រៃអង្គុញ ក្រុង បាវិត ខេត្ត ស្វាយរៀង , ទី៣ ទីវ ឡន ភេទ ស្រី អាយុ ៣២ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ដើមពោធិ៍ ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្ត ស្វយរៀង និងទី៤ លុន រតនា ភេទ ប្រុស អាយុ ៨ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ដើមពោធិ៍ ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង ។
អ្នករងរបួស សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុ នៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីអ្នកបើកបរ រថយន្ដបែន ប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។
សមត្ថកិច្ចជំនាញចរាចរណ៍ក្រុងស្វាយរៀង បានចុះមកធ្វើការវាស់វែង និងយក រថយន្តទាំង២គ្រឿង និងអ្នកបើកបររថយន្តបង្ក ទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការតាមផ្លូវច្បាប់៕