ក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការ ចំពោះស្ថានីយប្រេងឥន្ធនៈ ដែលលក់លើសតម្លៃកំណត់ និងផ្អាកលក់ដើម្បីទុកប្រេងលក់ឡើងថ្លៃ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានព្រមានចាត់វិធានការ ចំពោះស្ថានីយប្រេងឥន្ធនៈ ណាលក់លើសតម្លៃដែលក្រសួងបានកំណត់ និងស្ថានីយណា ដែលផ្អាកការលក់បណ្តោះអាសន្ន ដើម្បីទុកប្រេងលក់ដំឡើងថ្លៃនាពេលខាងមុខ បន្ទាប់ពីក្រសួងរកឃើញថា មានស្ថានីយប្រេងឥន្ធនៈមួយចំនួន ដែលភាគច្រើន នៅតាមបណ្តាខេត្តនានា បានប្រព្រឹត្តបែបនេះ។
យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម បានផ្ញើជូនអភិបាលខេត្តទាំងអស់ ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី១៩ ខែមីនានេះបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មពិនិត្យឃើញថា គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ របស់ក្រុមហ៊ុនប្រេងឥន្ទនៈនៅកម្ពុជា នៅបន្តថាលក់ជាធម្មតាដែលភាគច្រើន មានទីតាំងនៅកណ្តាលរាជធានីភ្នំពេញ ឬនៅតាមបណ្តាទីរួមខេត្ត ឬទីរួមស្រុក ប៉ុន្តែចំពោះដេប៉ូស្ថានីយប្រេងឥន្ធនៈឯកជនមួយចំនួន ដែលភាគច្រើននៅតាមដងផ្លូវ ក្រៅពីទីរួមខេត្ត ឬទីរួមស្រុក បានផ្អាកការលក់រាយរបស់ខ្លួន និងមួយចំនួនបានឡើងថ្លៃ ប្រេងឥន្ធនៈមុនការកំណត់។
ក្រសួងបានស្នើឱ្យអភិបាលខេត្តទាំងអស់ ជួយជំរុញឱ្យដេប៉ូស្ថានីយ ប្រេងឥន្ធនៈឯកជនទាំង នោះ អនុវត្តតាមគោលការណ៍ច្បាប់ ឬសហការផ្តល់ព័ត៌មាន មកមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) រាជធានី-ខេត្ត មន្ត្រីពាណិជ្ជកម្មរាជធានីខេត្ត និងមន្ត្រីពាក់ព័ន្ធ។
លិខិតរបស់ក្រសួងបានបញ្ជាក់ថា «សូមមេត្តាចូលរួមសហការ និងចាត់វិធានការណ៍ ចំពោះដេប៉ូស្ថានីយប្រេងឥន្ធនៈឯកជន ឱ្យអនុវត្តតាមគោលការណ៍ដែលបានកំណត់ ដើម្បីរក្សាស្ថិរភាព និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា»៕