ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រឿងញៀនជាង ២០ គីឡូក្រាម ត្រូវគយ បង្ក្រាប ពេលចុះត្រួតពិនិត្យរថយន្ដអត់ពន្ធ នៅខេត្តព្រៃវែង

43

ព្រៃវែង៖ អនុវត្តតាមបទបញ្ជារបស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រោមការដឹកនាំរបស់លោក អគ្គនាយករង កើត សុទ្ធារ៉ា លើចំណាត់ការចំពោះរថយន្តគ្មានពន្ធ ដែលមានស្រាប់នៅក្នុងស្រុក នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅភូមិឡឹក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង, មន្ត្រីគយ និងរដ្ឋាករការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស បានធ្វើការត្រួតពិនិត្យអនុលោមភាព ពន្ធនាំចូលរថយន្តម៉ាក AUDI Q7 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AE-4537 ដែលជាផ្លាកលេខក្លែងក្លាយ។

នៅពេលត្រួតពិនិត្យក្នុងរថយន្ត មន្ត្រីគយបានរកឃើញនូវម្សៅក្រាម និងថ្នាំគ្រាប់មួយចំនួន។ ដោយសង្ស័យអាច ជាសារធាតុញៀន មន្ត្រីគយ និងរដ្ឋាករបានឃាត់ខ្លួនជនសង្ស័យ១រូប និងចាប់យករថយន្ត និងសារធាតុសង្ស័យ បញ្ជូនមកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីធ្វើតេស្ត និងបន្តនីតិវិធី។

ដោយមានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីគយនិងរដ្ឋាករ សហការជាមួយមន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើតេស្តបឋម លើសារធាតុសង្ស័យ ឃើញលទ្ធផលថាជាសារធាតុញៀនខុសច្បាប់ចំនួន ៣ប្រភេទ មានទម្ងន់សរុប២០,៧៥២.៤ក្រាម ក្នុងនោះ ប្រភេទ MDMA ១៥,៧៤២ក្រាម, ប្រភេទកេតាមីន៤,៩៩៦ក្រាម, និងមេតំហ្វេតាមីន១៤.៤ក្រាម។

បច្ចុប្បន្នមន្ត្រីគយ និងរដ្ឋាករបានប្រគល់ជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើ ជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង