វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer-BioNTech ចំនួន ១៣៩.២៣០ដូស មកដល់កម្ពុជា
ភ្នំពេញ៖ ក្រោមជំនួយសប្បុរសនៃ មូលនិធិឆ្លើយតបនឹងកូវីដ-១៩ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រកាសនៃការមកដល់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer-BioNTech ចំនួន ១៣៩.២៣០ដូស ក្នុងព្រះរាជាណាចក្រកម្ពុជាថ្ងៃសៅរ៍ទី១៩មីនានេះ ក្នុងនាមជាភ្នាក់ងារបញ្ជាទិញវ៉ាក់សាំងធំជាងគេរបស់ពិភពលោក យូនីសេហ្វពិតជាមានមោទកភាព ដែលជាផ្នែកមួយក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលមួយនេះ។
វ៉ាក់សាំងទាំងនេះនឹងយកទៅបែងចែកដើម្បីចាក់ជូនដល់ជនងាយរងគ្រោះបំផុត រួមមានពលករចំណាកស្រុក អ្នកមានពិការភាព ជនជាតិដើមភាគតិច និងស្រ្តីមានផ្ទៃពោះ ដើម្បីធានាដល់ការផ្ដល់វ៉ាក់សាំងប្រកបដោយសមធម៌ដល់ប្រជាជនកម្ពុជាទាំងអស់គ្នា។
លោកស្រី យក់ សម្បត្តិ បានបន្តថា នៅក្នុងខែមីនានេះ យើងរំពឹងថានឹងទទួលវ៉ាក់សាំងជាជំនួយទ្វេរភាគី ពីប្រទេសអ៉ីតាលី ហើយម្សិលមិញនេះ ក៏មានការប្រជុំពិសេសរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោកប្រធានាធិបតី ស៊ី ជិនពីង ហើយជាការតាំងចិត្ត ចិនបានប្រកាសផ្តល់វ៉ាក់សាំងជូនកម្ពុជា ចំនួន២០លានដូស ហើយក្នុងនោះវ៉ាក់សាំងប្រមាណ៥លានដូស នឹងរំពឹងថាមកដល់កម្ពុជា នៅចន្លោះថ្ងៃទី២៨ ឬថ្ងៃទី៣០ ខែមីនា ខាងមុខនេះផងដែរ។
នាឱកាសនោះដែរ លោកស្រី បានរំពឹងថា «សម្រាប់ខែមីនា ឆ្នាំ២០២២នេះ កម្ពុជារំពឹងថានឹងមានវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ប្រមាណ ៥ ឬលានដូសនឹងដឹកមកកម្ពុជា។ បន្ថែមពីនេះកម្ពុជា នឹងទទួលវ៉ាក់សាំងតាមរយៈយុទ្ធការកូវ៉ាក់ចំនួន ៥.៥សែនដូស ទៀតជាចំណែកៗចាប់ពីខែ៣ រហូតដល់ខែ៩ ចុងឆ្នាំ២០២២»។
លោកស្រី យក់ សម្បត្តិ បានគូសបញ្ជាក់ថា៖ «ចំពោះប្រទេសទ្វេភាគីកម្ពុជា បានទទួលវ៉ាក់សាំងចំនួន៧ប្រទេសហើយ ហើយនៅពេលខាងមុខនេះ សហរដ្ឋអាមេរិក នឹងជួយចំនួន២លានដូសទៀត តាមរយៈយន្តការកូវ៉ាក់ ដូច្នេះប្រសិន បើបូកជាមួយអាមេរិក យើងមានប្រហែលជិត ១០ប្រទេសហើយ ដែលជួយកម្ពុជា ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង»។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់ថា រហូតមកពេលនេះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលកម្ពុជា ទទួលបានជាក់ស្តែងមានប្រហែល៥០លានដូស ទាំងជំនួយទ្វេរភាគី, តាមយន្តការកូវ៉ាក់ និងការបញ្ជាទិញរបស់រាជរដ្ឋាភិបាល ដូច្នេះនៅក្នុងឃ្លាំងទូទាំង យើងនៅមានប្រហែលជាង៦លានដូស ដែលកំពុងធ្វើចលនាចាក់ជូនប្រជាពលរដ្ឋ។
ប្រទេសដែលមានផ្គត់ផ្គង់ជំនួយជាវ៉ាក់សាំងមកកម្ពុជា រួមមាន៖ ប្រទេសចិន, ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី ប៉ូឡូញ ហូឡង់ ហុងគ្រី អ៉ីតាលី៕