រឿងប្រឌិតព័ត៌មាន ចាប់បង្ខាំងបូមឈាម និងវះយកសរីរាង្គ នៅខេត្តព្រះសីហនុ ខណៈពេលនេះស្ត្រីជនជាតិថៃ បានសារភាពកំហុស
ថៃ ៖ ករណីស្ត្រីជនជាតិថៃ ដែលបានប្រឌិតរឿងពាក់ព័ន្ធករណីថា ក្រុមជនជាតិចិន ចាប់បង្ខាំងបូមឈាម និងវះយកសរីរាង្គ នៅខេត្តព្រះសីហនុ បានសារភាពទទួលស្គាល់កំហុស និងធ្វើការសុំទោសជាសាធារណៈចំពោះនគរបាលកម្ពុជា និងនគរបាលថៃ។ ស្ត្រីថៃរូបនោះបានបញ្ជាក់ថា ការប្រឌិតរឿងបែបនេះ ក្នុងគោលបំណងចង់ឱ្យនគរបាលថៃជួយឱ្យនាងបានទៅប្រទេសថៃវិញ ក្រោយពីលួចឆ្លងដែនចូលមកធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។
ក្រោមកិច្ចសហប្រតិបត្តិអន្តរជាតិរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គស្នងការនគរបាលភូមិនថៃ បានស្រាវជ្រាវរកឃើញថា ករណីនារីជនជាតិថៃមួយរូបដែលបានរាយការណ៍ទៅនគរបាលភូមិន្ទថៃថាជនជាតិចិននៅខេត្តព្រះសីហនុចាប់បង្ខាំង និងបូមឈាមយកទៅលក់នោះ ជារឿងដែលនាងប្រឌិតឡើងក្នុងគោលបំណងចង់អោយនគរបាលថៃជួយអោយនាងបានទៅប្រទេសថៃវិញក្រោយពីលួចឆ្លងដែនចូលមកធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។
ក្រោយពីបានធ្វើការសាកសួរ និងស្រាវជ្រាវយ៉ាងម៉ត់ចត់ នារីខាងលើបានសារភាពទទួលកំហុស និងបានធ្វើការសុំទោសជាសារធារណៈចំពោះនគរបាលទាំងពីរប្រទេសផងដែរ។ តាមប្រភពព័ត៌មានពីអគ្គស្នងការនគរបាលភូមិនថៃនារីខាងលើត្រូវបានចោទប្រកាន់ដាក់ពន្ធធនាគារចំនួនបីឆ្នាំពីបទរាយការព័ត៌មានក្លែងក្លាយ។
ទាក់ទងករណីនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ធ្លាប់បានធ្វើការបដិសេធថា មិនមានករណីបូមយកឈាម និងវះយកសរីរាង្គនៅខេត្តព្រះសីហនុ ដូចជាការផ្សព្វផ្សាយព័ត៌មានរបស់ថៃនោះទេ។ នេះ គឺជាព័ត៌មានប្រឌិតធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ប្រទេសកម្ពុជា។
ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា “ មិនមានករណីវះឬបូមឈាមទេ ពេលនេះទើបដឹងថា បុគ្គលមួយចំនួនតូចកំពុងវាយប្រហារនិងបំពុលព័ត៌មានមិនពិតធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់ប្រទេសកម្ពុជា។ ខ្ញុំមិនយល់ថា ពួកគាត់មានចេតនាបែបណាបានជាប្រឌិតរឿងមិនពិតបែបនេះ “ ។ ការបដិសេធរបស់ស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើឡើងបន្ទាប់ពីលោក Surachate Hakparn រដ្ឋលេខាធិកានៃនគរបាលជាតិថៃបានប្រាប់កាសែតអនឡាញរដ្ឋថៃជាភាសាអង់គ្លេសឈ្មោះ Thai PBS World ថា ជនរងគ្រោះពីការប៉ុនប៉ងយកសរីរាង្គដោយជនទុច្ចរិតជនជាតិចិនកំពុងស្នាក់នៅកម្ពុជា គឺជាស្ត្រីជនជាតិថៃមកពីទីក្រុងបាំងកក មានវ័យ២៥ឆ្នាំ។ បើតាមលោកមន្ត្រីនគរបាលថៃ នាងត្រូវបានគេល្បួងមកធ្វើការខុសច្បាប់ ក្នុងក្រុមហ៊ុនហៅទូរស័ព្ទមួយនៅក្នុងខេត្តព្រះសីហនុ ដែលដំណើរការដោយជនជាតិចិន។ នៅពេលនាងធ្វើដំណើរពីថៃដល់កំពង់ផែក្រុងព្រះសីហនុ នាងត្រូវបានប្រាប់ឱ្យទៅធ្វើការភ្លាម។ ពេលនាងមិនព្រមនាងក៏ត្រូវគេវាយដំឃុំខ្លួនទុកឱ្យស្រេកឃ្លាន ហើយប្រាប់ឱ្យទាក់ទងទៅគ្រួសារនាងនៅប្រទេសថៃដើម្បីជំរិតទារយកប្រាក់ជាថ្នូរនឹងការដោះលែងនាង។ នៅក្នុងអំឡុងពេលនៃការឃុំខ្លួននោះ នាងថា នាងត្រូវចរន្តអគ្គិសនីឆក់ និងមានអ្នកបូមយកឈាមនាងដែរ។ធ្ងន់ធ្ងរជាងនេះ នាងក៏បិះនឹងត្រូវគេវះយកសរីរាង្គរបស់នាងដែរ។ ក្រោយមក នាងបានស្វែងរកផ្លូវរត់គេចខ្លួនមកដល់ មន្ទីរពេទ្យក្រុងប៉ោយប៉ែត ព្រំដែនថៃ រហូតបាត់បង់ស្មារតី និងនាងក៏ត្រូវបានអាជ្ញាធរថៃនៅព្រំដែន ជួយសង្គ្រោះ នៅថ្ងៃទីពុធទី០៩ ខែមីនា កន្លងទៅនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែតអនឡាញ Thai PBS World៕