ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្តត្បូងឃ្មុំ គ្រោងរៀបចំអភិវឌ្ឍន៍ កែលម្អ តំបន់ប្រវត្តិសាស្រ្តដើមពោធិ៍ ទុំ ទាវ ជារមណីយដ្ឋានប្រវត្តិសាស្ត្រ ទាក់ទាញភ្ញៀវទេសចរ

31

 

ត្បូងឃ្មុំ ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ កាលពីចុងសប្តាហ៍កន្លងទៅនេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ សិក្សាអំពីទីតាំងប្រវត្តិសាស្រ្តដើមពោធិ៍ទុំទាវ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយគ្រោងនឹងត្រូវរៀបចំអភិវឌ្ឍន៍ កែលម្អ ជារមណីយដ្ឋានប្រវត្តិសាស្ត្រ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ជាមួយនឹងការចុះពិនិត្យនេះ លោកបណ្ឌិត អភិបាលខេត្ត ក៏បានណែនាំដល់ មន្ត្រីជំនាញទាំងអស់ ត្រូវសិក្សារៀបចំទីតាំងប្រវត្តិសាស្រ្តមួយនេះ ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សម្រាប់បងប្អូន ប្រជាពលរដ្ឋមក ទស្សនាកម្សាន្ត និងសិក្សាពីប្រវត្តិសាស្ត្រ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ។ ដោយជំហានដំបូង ត្រូវសិក្សាធ្វើរបងព័ទ្ធជុំវិញ និងដាំកូនឈើបន្ថែម លើបរិវេណ ដើមពោធិ៍ប្រវត្តិសាស្ត្រមួយនេះ ក្នុងនោះក៏ត្រូវរៀបចំ ឲ្យមានបង្គន់អនាម័យផងដែរ ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍លើកឡើងបន្តថា ទីតាំង ប្រវត្តិសាស្ត្រដើមពោធិ៍ទុំទាវ ដែលស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នេះគឺជាទីតាំងប្រវត្តិសាស្រ្ត ដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ប៉ុន្តែដោយកន្លងមក យើងមិនទាន់បានរៀបចំឲ្យមានសោភ័ណភាពល្អ ហើយម្យ៉ាងភ្ញៀវទេសចរមួយចំនួន មិនស្គាល់ទីតាំងច្បាស់លាស់ផងនោះ ទើបធ្វើឲ្យតំបន់​ទេសចរណ៍ប្រវត្តិសាស្រ្តមួយនេះ ត្រូវបានមើលរំលង ប៉ុន្តែចាប់ពីពេលនេះតទៅ អាជ្ញាធរខេត្ត នឹងរៀបចំតំបន់ប្រវត្តិសាស្ត្រមួយនេះ ឲ្យក្លាយទៅជា តំបន់ដ៏ទាក់ទាញសម្រាប់ ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត និងស្គាល់ពីប្រវត្តិសាស្ត្រទុំទាវ ។

សូមជម្រាបថា កាលពីពេលកន្លងទៅថ្មីៗនេះ ដើមពោធិ៍ក្នុងតំបន់ ប្រវត្តិសាស្ត្រ ទុំទាវដ៏ធំមួយ ដែលគេឲ្យឈ្មោះថាដើមពោធិ៍អ្នកតាក្រហមក ត្រូវបានខ្យល់កន្ត្រាក់ បោកដួលរលំហើយ ត្រូវបានអាជ្ញាធរខេត្តរៀបចំដាំឡើងវិញ។

ក្រោយការដួលរលំដើមពោធិ៍ដ៏ធំមួយនេះ តំបន់ប្រវត្តិសាស្រ្តទុំទាវ ត្រូវបានបងប្អូន ប្រជាពលរដ្ឋ មានការចាប់អារម្មណ៍ចង់ឃើញនិងស្គាល់ ដោយបានចូល ទៅទស្សនា បន្តបន្ទាប់ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលមកពីបណ្ដាខេត្តផ្សេងៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង