ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្រ្តីជប៉ុន បានអញ្ជើញ មកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញ ទស្សនកិច្ចផ្លូវការ

96

ភ្នំពេញ៖ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់កម្ពុជាហើយ នៅម៉ោង២៖៤៥នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ។

ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន ធ្វើឡើងនៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

អំឡុងទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តី គីស៊ីដា ហ្វូមីអូ នឹងមានជំនួបទ្វេភាគីដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមានក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងវិស័យផ្សេងៗទៀត។

នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា។ សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងជប៉ុន នឹងត្រូវចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ។

ក្នុងអំឡុងពេលទស្សនកិច្ច លោក គីស៊ីដា ហ្វូមីអូ នឹងអញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជា។ លោកនាយករដ្ឋមន្រ្តីជប៉ុន ក៏នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅមណ្ឌបរបស់អតីតមន្ត្រីជប៉ុនចំនួន២រូប ដែលបានពលីជីវិតនៅក្នុងបេសកកម្មការងាររបស់អង្គការសហប្រជាជាតិនៅកម្ពុជា ផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក គីស៊ីដា ហ្វូមីអូ នៅព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹងនូវ ទំនាក់ទំនងល្អប្រពៃដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្រ្ត ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។ នេះជាការកត់សម្គាល់របស់ ក្រសួងការបរទេស។

លោក គីស៊ីដា ហ្វូមីអូ ជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅប្រទេសជប៉ុន។ លោកត្រូវបានសភាជប៉ុនបោះឆ្នោតគាំទ្រ ជាផ្លូវការឱ្យឡើងកាន់តំណែងជា នាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។កន្លងមក លោក Kishida ធ្លាប់បានកាន់តួនាទីជា ប្រធានគោលនយោបាយរបស់គណបក្ស LDP និងជារដ្ឋមន្រ្តីការបរទេសជប៉ុន កាលពីចន្លោះឆ្នាំ២០១២-២០១៧ ។ លោក Fumio Kishida បានក្លាយជានាយករដ្ឋមន្ត្រីទី ១០០របស់ជប៉ុន។

កម្ពុជា និងប្រទេសជប៉ុន បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងនេះ នឹងមានអាយុកាលគម្រប់ ៧០ឆ្នាំ នៅឆ្នាំ២០២៣ខាងមុខនេះ។ កម្ពុជា និងជប៉ុន បានដំឡើងកម្រិតទំនាក់ទំនង ពីកម្រិតធម្មតា ទៅជាដៃគូយុទ្ធសាស្ត្រ ដែលជាទំនាក់ទំនងកម្រិតខ្ពស់នៅខែធ្នូ ឆ្នាំ២០១៣។

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ជប៉ុន បានបើកការិយាល័យកុងស៊ុលនៅខេត្តសៀមរាប ដោយទទួលបន្ទុកខេត្តចំនួន៥ រួមមាន៖ ខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ។

តាមរយៈទំនាក់ទំនងដែលវិវឌ្ឍកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំនោះ បានធ្វើឱ្យមានព្រះរាជដំណើរ និងដំណើរទស្សនកិច្ច របស់ព្រះមហាក្សត្រខ្មែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងនាយករដ្ឋមន្ត្រី ក៏ដូចជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន ជាបន្តបន្ទាប់។

ក្នុងនោះព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុនចំនួន ៤ដង គឺនៅឆ្នាំ២០១០, ២០១៤, ២០១៨ និង២០១៩ យាងចូលរួមពិធីរាជាភិសេក ព្រះចៅអធិរាជថ្មី ណារូហ៉ីតូ។

សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំ និងជាតួអង្គដ៏សំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងកម្ពុជា-ជប៉ុន បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនច្រើនលើកបំផុត គឺរហូតដល់ទៅ២៣ដង។ ក្នុងនោះដំណើរទស្សនកិច្ចផ្លូវការមានចំនួន៤លើក គឺនៅឆ្នាំ២០០៧, ២០១៣, ២០១៥ និង២០១៥។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន កាលពីខែកញ្ញា ឆ្នាំ២០១៨។

កាលពីកុម្ភៈ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង ក៏ត្រូវបានអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុនផងដែរ។ ដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចពិសេសបំផុត ដោយជប៉ុនបានយកយន្តហោះពិសេសមកដឹកលោកបណ្ឌិត ហ៊ុន ម៉ាណែត និងគណៈប្រតិភូដោយផ្ទាល់។

ដោយឡែកគណៈប្រតិភូជប៉ុន ក៏បានយាង និងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ផងដែរ។ ក្នុងនោះមានអតីតនាយករដ្ឋមន្ត្រី ៤រូបរួមមាន៖ លោក អាបេ ស៊ីហ្សូ ទស្សនកិច្ចនៅឆ្នាំ២០១៣, លោក ណូដា យ៉ូស៊ីហ៉ីកូ ទស្សនកិច្ចនៅឆ្នាំ២០១២, លោក កូអ៉ីហ្សមី ជូនីឈីរូ ទស្សនកិច្ចនៅឆ្នាំ២០០២ និងលោក អូបឹជិ កេហ្សូ ទស្សនកិច្ចនៅឆ្នាំ២០០០។

ព្រះអង្គម្ចាស់ អាគីស៊ីណូ បានយាងចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព ព្រះបរមរតនកោដ្ឋកាលពីឆ្នាំ២០១៣។ ព្រះចៅអធិរាជ ណារូហ៉ីតូ ពេលព្រះនៅជាព្រះរាជទាយាទ បានយាងបំពេញព្រះរាជទស្សនកិច្ចនៅឆ្នាំ២០១២។

លោក គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន ក៏ធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ កាលពីឆ្នាំ២០១៤ ពេលរូបលោកនៅជារដ្ឋមន្ត្រីការបរទេសជប៉ុន។ ដំណើរទស្សនកិច្ចនាពេលនោះ លោកបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្សារទំនើបអ៉ីអន១។

ក្រៅតែពីដំណើរទស្សនកិច្ច បានលើកឡើងខាងលើនេះ ក៏នៅមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជប៉ុនជាច្រើនរូបទៀត ក៏ធ្លាប់បានបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង