ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីជប៉ុន បានចាប់ផ្តើមហើយពិភាក្សាការងារ

262

ភ្នំពេញ៖ ជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានចាប់ផ្តើមហើយ បន្ទាប់ពីទទួលបដិសណ្ឋារកិច្ចផ្លូវការ នៅវេលាម៉ោង៥៖៣០ល្ងាច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព ប្រទេសកម្ពុជា។

បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ជំនួបនេះ នឹងពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា។ សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងជប៉ុន នឹងត្រូវចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំផងដែរ។

នៅក្នុងដំណើរទស្សនកិច្ច នៅថ្ងៃនេះ លោក គីស៊ីដា ហ្វឺមីអូ បានអញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជា។ លោកក៏បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅមណ្ឌបរបស់ អតីតមន្ត្រីជប៉ុនចំនួន២រូប ដែលបានពលីជីវិតនៅក្នុងបេសកកម្មការងាររបស់អង្គការសហប្រជាជាតិ នៅកម្ពុជា កាលពីប្រមាណ៣០ឆ្នាំមុនផងដែរ។

កម្ពុជា និងប្រទេសជប៉ុន បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងនេះ នឹងមានអាយុកាលគម្រប់ ៧០ឆ្នាំ នៅឆ្នាំ២០២៣ខាងមុខនេះ។ កម្ពុជា និងជប៉ុន បានដំឡើងកម្រិតទំនាក់ទំនង ពីកម្រិតធម្មតា ទៅជាដៃគូយុទ្ធសាស្ត្រ ដែលជាទំនាក់ទំនងកម្រិតខ្ពស់នៅខែធ្នូ ឆ្នាំ២០១៣៕

អត្ថបទដែលជាប់ទាក់ទង