ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានចាកចេញ ពីប្រទេសកម្ពុជា

264

ភ្នំពេញ៖ លោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានចាកចេញពីប្រទេសកម្ពុជាហើយ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ។

នាយករដ្ឋមន្រ្តីជប៉ុន បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោង២៖៤៥នាទី រសៀល ថ្ងៃទី២០ ខែមីនា ម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោក គីស៊ីដា ហ្វឺមីអូ បានអញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្ដមសីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជា។ លោកក៏បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅ មណ្ឌបរបស់ អតីតមន្ត្រីជប៉ុនចំនួន២រូប ដែលបានពលីជីវិតនៅក្នុងបេសកកម្មការងាររបស់អង្គការសហប្រជាជាតិ នៅកម្ពុជា កាលពីប្រមាណ៣០ឆ្នាំមុនផងដែរ។

នៅក្នុងដំណើរទស្សនកិច្ចនេះ កម្មវិធីសំខាន់ជាងគេ គឺជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឡើងរយៈពេលប្រមាណ២ម៉ោង នៅវិមានសន្តិភាព។ បញ្ហាជាច្រើនត្រូវបានពិភាក្សា ក្នុងនោះមានកិច្ចសហប្រតិបត្តិការទ្វេភាគី បញ្ហាក្នុងតំបន់ និងបញ្ហាពិភពលោក។

កម្ពុជា-ជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួម ២៤ចំណុច ដែលចំណុចសំខាន់ៗមានដូចជា ការទទូចឱ្យមានការបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធា ចេញពីទឹកដីអ៊ុយក្រែន, ជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ា អនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច ឱ្យបានឆាប់រហ័ស និងជួយសម្រួលដល់ការ ចែកចាយជំនួយ មនុស្សធម៌ដល់ប្រជាជន, ការសម្តែងការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះការ បន្តសាកល្បងមីស៊ីលបាលីស្ទីក របស់កូរ៉េខាងជើង ក៏ដូចជាជំរុញឱ្យប្រទេស ពាក់ព័ន្ធរក្សាសន្តិភាព សន្តិសុខ និងសុវត្ថិភាពនៅ សមុទ្រចិនខាងត្បូងជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង