ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់អំពីមូលហេតុ សំខាន់ៗធំៗចំនួន៣ ដែលរាជរដ្ឋាភិបាលសម្រេចចិត្តរៀបចំ និងអនុវត្តប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា

269

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ប្រារព្ធនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាពិធីនេះ មានគោលបំណងប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ដើម្បីលើកកម្ពស់ការយល់ដឹងឲ្យបានទូលំទូលាយក្នុងចំណោមអ្នកពាក់ព័ន្ធនានា បង្កើនការទទួលខុសត្រូវ និងការចូលរួមគាំទ្រដល់ការអនុវត្តកម្មវិធីជាតិ ដំណាក់កាលទី២នេះ។

សម្ដេចក៏បានរំលឹកជូនអង្គពិធីអំពីមូលហេតុសំខាន់ៗ និងកិច្ចដំណើរការនៃការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា និងកំណត់សម្គាល់អំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ ដែលក្នុងនោះប្រព័ន្ធគ្រប់គ្រងតាមបែប វិមជ្ឈការពិតជាមានគុណសម្បត្តិល្អប្រសើរច្រើន ដោយសារប្រព័ន្ធនេះបានផ្តល់ការទទួល ខុសត្រូវ និងភាពជាម្ចាស់ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលស្ថិតនៅកៀកជិតប្រជាពលរដ្ឋ ដើម្បីធ្វើសេចក្ដីសម្រេចចិត្តក្នុងការផ្តល់សេវាសាធារណៈចាំបាច់នានាដោយផ្ទាល់ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

សម្ដេចបានបន្តក្នុងន័យដើមថា «និយាយដោយសាមញ្ញ គឺរដ្ឋបាលដែលនៅកៀកជិត ប្រជាពលរដ្ឋអាចដឹងសុខទុក្ខ និងតម្រូវការពិតប្រាកដ របស់ប្រជាពលរដ្ឋបានយ៉ាងច្បាស់ និង ត្រឹមត្រូវជាងរដ្ឋបាលដែលនៅឆ្ងាយពីប្រជាពលរដ្ឋ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិទាំងនេះក៏ អាចរៀបចំផែនការ អាចមានមធ្យោបាយដោះស្រាយបញ្ហាប្រឈមនានា និងអាចធ្វើសេចក្តី សម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការឆ្លើយតបទៅនឹងសំណើ សំណូមពរ និងតម្រូវការនានារបស់ ប្រជាពលរដ្ឋបានយ៉ាងសមស្រប ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ស្របតាមស្ថានភាព ជាក់ស្តែងដែលមានលក្ខណៈខុសគ្នាៗ នៃមូលដ្ឋាននីមួយៗ»។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប បានបង្ហាញសេចក្ដីសង្ឃឹមយ៉ាងមុតមាំថា គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនានាន រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អ្នកពាក់ព័ន្ធនានា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងបន្ត ចូលរួមឲ្យកាន់តែសកម្ម ប្រកបដោយផ្លែផ្កាថែមទៀតទៅតាមតួនាទី ការទទួលខុសត្រូវ និងតាមវិស័យពាក់ព័ន្ធនានា ក្នុងការជំរុញការអនុវត្តកម្មវិធីជាតិ ដំណាក់កាលទី២នេះឲ្យ សម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក។

 

សម្ដេចឧបនាយករដ្ឋមន្រ្តីបានបន្តគូសបញ្ជាក់អំពីមូលហេតុសំខាន់ៗធំៗចំនួន៣ ដែលរាជរដ្ឋាភិបាលសម្រេចចិត្តរៀបចំ និងអនុវត្តប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា រួមមាន ទីមួយគឺដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានការចូលរួមពីគណបក្ស នយោបាយជាច្រើន ដើម្បីពង្រឹង «សន្តិភាពស្ថេរភាពនយោបា» សម្រាប់ជាកាលានុវត្តភាព ក្នុងការកសាងជាតិឡើងវិញ។

មូលហេតុទីពីរ ត្រូវបានសម្ដេចបន្តថាដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និង ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្ទេរនូវសិទ្ធិអំណាច មុខងារ ធនធាន និងការ ទទួលខុសត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋ ហើយមូលហេតុទីបីគឺដើម្បីជំរុញ និងលើកកម្ពស់ ការចូលរួមនានានៅមូលដ្ឋានតាមរយៈការបំផុស ឱ្យមាននូវគំនិតផ្តួចផ្តើម និងច្នៃប្រឌិតដ៏សម្បូរណ៍បែប នៃការដឹកនាំរបស់អាជ្ញាធរមូលដ្ឋាន ព្រមទាំងការចូលរួមមតិយោបល់ និងការផ្ដល់មូលនិធិនានា របស់ប្រជាពលរដ្ឋនៅក្នុងការ អភិវឌ្ឍមូលដ្ឋាននីមួយៗ។

សម្ដេចក្រឡាហោមក៏បានបញ្ជាក់អំពីសមិទ្ធផលធំៗពីរដែលសម្រេចបានឆ្លើយតបទៅនឹងចក្ខុវិស័យនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រួមមានទីមួយ ផ្អែកលើការសម្របសម្រួល ឯកភាពស្រុះស្រួលគ្នាខាងនយោបាយ បានរៀបចំធ្វើការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងទីពីរ គឺការសម្រេចបាននូវការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់ សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្ទេរមុខងារ និងធនធានក្នុង វិស័យអាទិភាពនានាជាបណ្ដើរៗ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេចក៏បានកត់សម្គាល់ផងដែរអំពីបញ្ហាប្រឈមដែលត្រូវរួមគ្នាពិនិត្យ និងដោះស្រាយ ដូចជាការធានាឱ្យមានការស្រុះស្រួលមូលគំនិតគ្នាអំពីការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ រចនាសម្ព័ន្ធ និងប្រព័ន្ធនៅមិនទាន់មានលក្ខណៈសមស្រប ការចូលរួមរបស់សង្គមស៊ីវិល និងវិស័យឯកជននៅពុំទាន់ពេញលេញ និងមាននិរន្តរភាព ខណៈការធ្វើឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិត និងរបៀបរបបបំពេញការងាររបស់មន្ត្រី ទៅតាមបែបបទថ្មីនៃកំណែទម្រង់ ក៏ជាបញ្ហាប្រឈមដ៏សំខាន់មួយ ដែលតម្រូវឱ្យបន្តប្រើប្រាស់ពេលវេលាបន្តទៀតដើម្បីដោះស្រាយផងដែរ។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក៏បានមានប្រសាសន៍អំពីអំពីចក្ខុវិស័យចម្បងៗមួយចំនួននៃកម្មវិធីកំណែទម្រង់ ដំណាក់កាលទី២នេះ ដែលចក្ខុវិស័យនោះពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ធនធានមនុស្ស, ធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវា និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ ។

សម្ដេចបានសង្កត់ធ្ងន់ថា ចាំបាច់ទាមទារឱ្យមានការចូលរួមចំណែក យ៉ាងសកម្មពីគ្រប់តួអង្គពាក់ព័ន្ធនានាទាំងស្ថាប័នសាធារណៈ វិស័យឯកជន អង្គការសង្គម ស៊ីវិល អ្នកពាក់ព័ន្ធនានា ជាពិសេសប្រជាពលរដ្ឋរបស់យើង ដោយផ្តោតលើអភិក្រម រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវសំដៅធ្វើឲ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈប្រកបដោយ គុណភាពនិងប្រសិទ្ធភាព និងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ដើម្បីធានាដល់ការសម្រេចនូវចក្ខុវិស័យ គោលបំណង គោលដៅ និងលទ្ធផលរំពឹងទុកនានាដែលបានកំណត់ក្នុងកម្មវិធីជាតិដំណាក់កាលទី២នេះ ៕

អត្ថបទដែលជាប់ទាក់ទង