កាកបាទក្រហមមកដល់ សម្រេចសង់ផ្ទះថ្មីជូន ៣ខ្នងវិញ ខ្យល់កន្ត្រាក់ បាក់រលំ នៅភូមិចាំស្រី
ព្រះសីហនុ៖ រសៀលថ្ងៃអាទិត្យទី២០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន៥៥គ្រួសារ ស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលពីអាជ្ញាធរស្រុក ឃុំ មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តសាខា។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមការសោកស្តាយពីសម្ដេចកិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនពរបងប្អូនរងគ្រោះ ខ្យល់កន្ទ្រាក់ចំនួន ៥៥ គ្រួសារដែលជួបគ្រោះធម្មជាតិកាលពីម្សិលម៉ិញធ្វើឱ្យប៉ើងដំបូលផ្ទះ និង ដួលរលំផ្ទះ ហើយថ្ងៃនេះសាខាកាកបាទក្រហម បាននាំយកនូវអំណោយ របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋបាន យកទៅប្រើប្រាសដោះស្រាយ ជួសជុលបំពេញបន្ថែមនូវលំនៅដ្ឋានរបស់បងប្អូន ព្រមទាំងផលប៉ះពាល់ដែល បង្កឡើងដោយខ្យល់កន្ត្រាក់ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់បងប្អូនដោយសារខកខាន មិនបានចេញទៅបំពេញការងារខាងក្រៅ។ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតបាន ផ្ញើនូវគ្រឿងឧបភោគទាំងនេះ ដើម្បីជួយសម្រាលទុក្ខលំបាក របស់បងប្អូន។
ឯកឧត្តមប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណ និងកោតសរសើរសាខាថ្នាក់ស្រុក មេឃុំដោយស្មារតីទទួល ខុសត្រូវក្នុងឃុំ បានប្រមូលពត៌មាននានា ទាក់ទងទៅនឹងគ្រោះមហន្តរាយនេះ និងផ្តល់ព័ត៌មានមកសាខា និងរាយការណ៍ ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីនាំយកស្បៀងអាហារ ទាំងនេះចែកជូនរបស់បងប្អូនរងគ្រោះ។ ហើយមកដល់ពេលនេះនៅ មានប្រជាពលរដ្ឋ ២៥គ្រួសារផ្សេងទៀតដែល រងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ យើងនឹងបន្តចែកជូននៅថ្ងៃស្អែកបន្តទៀត។ ថ្វីត្បិតគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ មិនបណ្តាលឱ្យបាត់បង់ជីវិត ឬរបួសស្នាម និងស្មើឱ្យស្រុក ឃុំ បន្តយកចិត្តទុកដាក់ តាមដានគ្រោះធម្មជាតិ ហើយកិច្ចការសំខាន់របស់យើង គឺជួយអាយុជីវិតបងប្អូនប្រជាពលរដ្ឋ និងរបួសស្នាម និងការជួសជុលផ្ទះឱ្យបាន សមស្របឡើងវិញ។ រឿងគ្រោះធម្មជាតិគ្មាន អ្នកណាម្នាក់ចង់នោះទេ បើវាកើតឡើងបង្កឱ្យមាន ផលលំបាកខូចខាតទ្រព្យ សម្បត្តិគួរឱ្យសោកស្តាយ។ សូមអំពាវនាវបងប្អូន ត្រូវមានការប្រុងប្រយ័ត្នជាប្រចាំ នៅពេលមានបញ្ហាកើតឡើង អាយុជីវិតសំខាន់ជាងគេ ត្រូវរកកន្លែងមានសុវត្ថិភាពជាចំបងមុនគេ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋបន្ តការចូលរួមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ពិសេសការចាក់វ៉ាក់សាំងដូសជម្រុញទី៣ និងដូស៤ ទើបមានប្រសិទ្ធភាព ទប់ស្កាត់ ប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ បានខិតខំប្រឹងប្រែងកៀរគរសុំមិត្តភក្កិ និងទិញវ៉ាក់សាំង ដើម្បីធានាឱ្យ ប្រជាពលរដ្ឋមានវ៉ាក់សាំងចាក់គ្រប់ពេលវេលា និងគ្រប់គ្នា ដោយគ្មានការរើសអើង បែងចែកឱ្យតែមនុស្ស រស់នៅលើទឹកដីកម្ពុជា ចាក់វ៉ាក់សាំងជូនទាំងអស់ ឱ្យបានពេញលេញ ដើម្បីការពារជំងឺកូវីដ។ ព្រមទាំងកោតសរសើរលោក មេឃុំជាមន្ត្រីដែលបានរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ធ្វើការងារបានលឿនឆាប់រហ័ស ចុះស្រង់ស្ថិតិរាយការណ៍ ដើម្បីវេចខ្ចប់អំណោយមកចែក ជូនប្រជាពលរដ្ឋរងគ្រោះបាន ទាន់ពេលវេលា។
ក្នុងឱកាសនោះឯកឧត្ដមប្រធាន ក៏បាននាំយកអំណោយសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូន ប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន ៥៥គ្រួសារ ក្នុងមួយគ្រួសារទទួល បានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ កន្ទេល១ តង់១ ឃីតមួយកញ្ចប់ (ក្រមា១ មុង១នភួយ១ សារុង១) ម៉ាសក្រណាត់១ដុំ ជែល១ដប អាវយឺត និងថវិកា១០ម៉ឺនរៀល សម្រាប់ពលរដ្ឋរងគ្រោះប៉ីងដំបូលបន្តិចបន្តួច ៥០គ្រួសារ, ២០ម៉ឺនរៀល ចំពោះផ្ទះប៉ើងដំបូល អស់ចំនួនពីរខ្នងផ្ទះនិង ១លានរៀល ចំពោះផ្ទះដួលរលំរាបដល់ដី ទន្ទឹមនោះឯកឧត្តម ក៏បានសន្យាជួយសាងសង់ផ្ទះ ដែលដួលរលំដល់ដីចំនួន ៣ខ្នង ធ្វើអំពីបេតុង ដំបូលសង្ក័សីមានទទឹង៤ម៉ែត្រ បណ្តោយ ៦ម៉ែត្រផងដែរ៕