ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បារម្ភពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងការឡើងថ្លៃប្រេង អាចបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា និងការនាំចេញផលិតផលកាត់ដេរ

24

 

ភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែង បញ្ហាសង្រ្គាមរបស់រុស្ស៊ី-អ៊ុយក្រែន និងការកើនឡើងនៃថ្លៃប្រេង អាចនឹងបង្កផលប៉ះពាល់ដល់ការរីកចម្រើននៃវិស័យកាត់ដេរ តាមរយៈថយចុះនូវតម្រូវការនៃការបញ្ជាទិញផលិតផលរបស់កម្ពុជា ដែលពឹងអាស្រ័យទៅលើការនាំចេញទៅទីផ្សារអន្តរជាតិ បើទោះបីជាវិស័យកាត់ដេរបានបង្ហាញនូវសញ្ញាវិជ្ជមានឡើងវិញក៏ដោយ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ថ្លែងបែបនេះធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយដាក់ឱ្យអនុវត្តផ្លូវការនូវ «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និង កាបូបកម្ពុជា ២០២២-២០២៧» នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ។

លោកបានថ្លែងយ៉ាងដូច្នេះថា «ការផ្ទុះឡើងនូវសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នាពេលថ្មីៗនេះ ព្រមជាមួយនឹងការដាក់ចេញទណ្ឌកម្មសេដ្ឋកិច្ចផ្ទួនៗមកលើរុស្ស៊ី បាន និងកំពុងបន្ទច់បង្អាក់ដល់ការងើបឡើងវិញ នូវកំណើនសេដ្ឋកិច្ចសកល ជាពិសេស បង្កើនភាពមិនប្រាកដប្រជាខ្ពស់ ចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបង្កឱ្យមានការផ្លាស់ប្ដូរកាន់តែរហ័ស នូវនិម្មាបនកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងតំបន់ និង សកលលោក ដូចជារំហូរហិរញ្ញវត្ថុ ទុនវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ និងច្រវាក់ផ្គត់ផ្គង់ជាដើម។ បន្ថែមលើសម្ពាធអតិផរណាពីការកើនឡើងនៃថ្លៃប្រេងក្នុងពេលចំពោះមុខ បញ្ហាប្រឈមខាងផ្នែករចនាសម្ព័ន្ធ សម្រាប់រយៈពេលមធ្យមខាងមុខ អាចនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ទទួលរងផលប៉ះពាល់ជាអវិជ្ជមានផងដែរ ជាពិសេស អាចបង្កផលវិបាកមិនល្អ ដល់ការរីកចម្រើននៃវិស័យកាត់ដេរ តាមរយៈការថមថយនូវតម្រូវការនៃការបញ្ជាទិញផលិតផលរបស់កម្ពុជា ដែលពឹងអាស្រ័យទៅលើការនាំចេញទៅ ទីផ្សារអន្តរជាតិ»។

លោកបន្តថា តាមរយៈការវាយតម្លៃចុងក្រោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិស័យកាត់ដេរអាចសម្រេចបានកំណើនល្អប្រសើរ ក្នុងអត្រា៨% ក្នុងឆ្នាំ ២០២១ ពីកំណើនធ្លាក់ចុះក្នុងអត្រា -៦,៤% ក្នុងឆ្នាំ ២០២០ និង រំពឹងថានឹងសម្រេចកំណើនក្នុងរង្វង់៨.១% ក្នុងឆ្នាំ ២០២២ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើង នៃតម្រូវការខាងក្រៅ ជាពិសេស ទីផ្សារសហរដ្ឋអាមេរិក គួបផ្សំនឹងការទទួលបាននូវការបង្វែរ នៃការបញ្ជាទិញពីវៀតណាម និង មីយ៉ាន់ម៉ា ក្នុងពេលចំពោះមុខ។

ជុំវិញបញ្ហានេះឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសសមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរបានប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី២១ ខែមីនានេះថា សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើឱ្យការនាំចូលវត្ថុធាតុដើមសម្រាប់ការផលិតឡើងថ្លៃ ដែលធ្វើឱ្យប៉ះពាល់ដល់ថ្លៃដើមនៃការផលិត ដែលឈានដល់ការបង្អាក់ការបញ្ជាទិញ។

លោកបញ្ជក់ថា «អាចនឹងរងផលប៉ះពាល់ គេនឹងអាចកាត់បន្ថយការបញ្ជាទិញ បើសិនជាប្រេង និងវត្ថុធាតុដើមឡើងថ្លៃ។ អ្នកដាក់បញ្ជាទិញ គាត់ដាក់តម្លៃដដែលរោងចក្រ គាត់ផលិតមិនអាចលក់ឱ្យគាត់បាន ហេតុនេះនឹងធ្វើឱ្យជាប់គាំង នូវការដាក់បញ្ជាទិញ»។

ឧកញ៉ា សាង គង់ ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងថា ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ និងការកាត់បន្ថយថ្លៃភស្តុភារ គឺជាកត្តាមិនអាចខ្វះបានក្នុងការជួយកាត់បន្ថយចំណាយធុរកិច្ច។

លោកបន្តថា តាមការសិក្សាការចំណាយលើភស្តុភារ របស់កម្ពុជាមានតម្លៃខ្ពស់ជាងបណ្តាប្រទេសជាច្រើនក្នុងតំបន់ ជាពិសេសប្រទេសវៀតណាម។
បច្ចុប្បន្នកម្ពុជាមានរោងចក្រកាត់ដេរ ប្រមាណជាង១២០០រោង និងមានកម្មករនិយោជិត បម្រើការងារប្រមាណ៨០ម៉ឺននាក់។ នេះបើតាមរដ្ឋមន្រ្តីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា នៅឆ្នាំ២០២១ មានតម្លៃ ១១ ៣៨៩.៦លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៥០៥ លានដុល្លារអាមេរិក ដែលស្មើនឹង១៥.២% បើធៀបនឹងកាលពីឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង