ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាដាក់ឱ្យ ដំណេីរការផ្លូវការ នូវមជ្ឍមណ្ឌលជាតិ​ ព្យាបាលនិងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន​ នៅខេត្តព្រះសីហនុ​

265

ខេត្តព្រះសីហនុ​៖ថ្ងៃ​ទី២២​ ខែមីនា​ ឆ្នាំ​២០២២​ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ អញ្ជេីញជាអធិបតីនិងដឹកនាំថ្នាក់ដឹកនាំតំណាងក្រសួង​ ស្ថាប័ន​ តំណាងកំលាំងទាំងបីប្រភេទ​ ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ ប្រជាពលរដ្ឋចូលរួម​ជាង៥០០នាក់សម្ពោធមជ្ឈមណ្ឌលជាតិព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

ដែលពិធីប្រព្រឹត្តទៅដោយមានការអញ្ជេីញចូលរួមផងដែរពីប្រតិភូព្រះរាជាណាចក្រថៃ​ ដឹកនាំដោយឯកឧត្តម​ ផាន់យ៉ារ៉ាក់​ ភូធូប​ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា​ និងប្រតិភូ​សាធារណរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយឯកឧត្តម​ ង្វៀន​ ហ៊ុយតាំង​ ឯកអគ្គរដ្ឋទូត​វៀតណាមប្រចាំកម្ពុជា។

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ជូន​ សុវណ្ណ​ ប្រធានគណកម្មការកសាងមជ្ឍមណ្ឌលជាតិ​ បានរាយការណ៍ថា៖​ មជ្ឈមណ្ឌលជាតិចាប់ផ្តេីមសាងសង់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ បានបញ្ចប់ការសាងសង់នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១​ និងទើបបានបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២២​ ខែមីនា​ ឆ្នាំ​២០២២នេះ​ កសាងបាននូវហេដ្ឋារចនាសម្ព័ន្ធមាន​ផ្លូវកៅស៊ូ​ សំណង់អគារសរុប២១​តារាងបាល់បោះ តារាងបាល់ទាត់ និងតារាងបាល់ទះ ចំណាយថវិកាសម្រាប់ការសាងសង់ និងការបំពាក់សម្ភារនៅក្នុងមណ្ឌលសរុបចំនួនជាង៧លានដុល្លាអាមេរិក។

ឯកឧត្តម​ វង​ សូត​ រដ្ឋមន្រ្តី​ក្រសួង​ សង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ បានថ្លែងថាការកសាងមជ្ឈមណ្ឌលជាតិពិតជាមានសារៈសំខាន់និងបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលលើការជំរុញការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក៏ដូចជាផែនការជាតិ ៥ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩-២០២៣ ពង្រឹងប្រសិទ្ធភាពព្យាបាលស្តារនីតិសម្បទា និងសមាហរណកម្ម។

ឯកឧត្តម​ ង្វៀន​ ហ៊ុយតាំង​ ឯកអគ្គរដ្ឋទូត​វៀតណាមប្រចាំកម្ពុជា​ បានមានប្រសាសន៍ថា​ ជំនួយនេះជាការចូលរួមរិតចំណងមិត្តភាពសាមគ្គីភាពកម្ពុជា-វៀតណាមខួបលេីកទី៥៥។

ឯកឧត្តម​ ផាន់យ៉ារ៉ាក់​ ភូធូប​ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា​ បានមានប្រសាសន៍ថាការចូលរួមជួយសាងសង់មជ្ឈមណ្ឌលជាតិនេះ​ ដេីម្បីរិតចំណងសាមគ្គីភាពមិត្តភាពខួប៧០ឆ្នាំជួយ។

ក្នុងឱកាសនោះ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ បានមានប្រសាសន៍ដោយថ្លែងអណរគុណដល់សម្តេចក្រឡាហោម​ ស​ ខេង​ សប្បុរសជន​នានា​ អ្នកពាក់ព័ន្ធទាំងអស់ពិសេសភាគីមិត្តកម្ពុជាទាំងពីរវៀតណាម​ និងថៃ​ និងបានដាក់ចេញនូវទិសដៅ​ និងសំណូមពរ១០ចំនុចស្របតាមបេសកកម្ម និងចក្ខុវិស័យដែលបានគ្រោងទុកដូចខាងក្រោម៖

ទី១.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តពង្រឹងនិងពង្រីកបន្ថែមនូវ រចនាសម្ព័ន្ធ មន្ត្រី បុគ្គលិកស្របតាមគោលការណ៍ច្បាប់ សម្រាប់ការងារគ្រប់គ្រង និង បម្រើការនៅក្នុងមជ្ឈមណ្ឌលជាតិនេះ។
ទី២.ក្រសួងសុខាភិបាល គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនត្រូវចាត់ចែងនូវសម្ភារបច្ចេកទេស​ ពេទ្យ បុគ្គលិកជំនាញ។
ទី៣.ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តរៀបចំនិងបញ្ជូនមន្ត្រី ជំនាញបច្ចេកទេសដើម្បីបម្រើការងារបណ្តុះបណ្តាលវិជ្ជាជីវៈចំណេះជំនាញដល់ជនរងគ្រោះដោយសារគ្រឿងញៀន។
ទី៤.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈគ្រប់គ្រងមជ្ឈមណ្ឌល ជាតិនេះ ត្រូវបន្តកៀរគរ កិច្ចសហការគាំទ្រពីវិស័យឯកជន ពិសេសក្នុងខេត្តព្រះសីហនុ ដេីម្បីជួយរកទីផ្សារការងារសម្រាប់ក្មួយៗ ដែលកំពុងសម្រាកព្យាបាល​ ។
ទី៥.ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបន្តជួយសម្របសម្រួលថវិកាពាក់ព័ន្ធលើការចំណាយចាំបាច់សម្រាប់ដំណើរនៅក្នុងមជ្ឈមណ្ឌលជាតិនេះ ។
ទី៦.អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបន្តសហការ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដំណើរការមជ្ឈមណ្ឌលជាតិ។
ទី៧.អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថផ្ទៃប្រទេស​ត្រូវសហការកម្លាំងការពារសន្តិសុខ សុវត្ថិភាពដល់មជ្ឈមណ្ឌល។
ទី៨.អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ បន្តជួយ សហការលើការងារសន្តិសុខ និងការងារផ្សេងៗទៀតតាមតម្រូវការជាក់ស្តែង ។
ទី៩.គណកម្មាធិការទទួលបន្ទុកសាង់សង់មជ្ឈមណ្ឌលនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធ ជន និងយុវនីតិសម្បទា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ន អង្គភាពពាក់ ព័ន្ធ ពិនិត្យលទ្ធភាព កៀរគរដើម្បីសាងសង់អគារស្នាក់នៅសម្រាប់មន្ត្រី បុគ្គលិក ។
ទី១០.សំណូមពរភាគីថៃ ភាគីវៀតណាម ភាគីចិន អង្គការជាតិ និងអន្តរជាតិនានា និងសប្បុរស ជនទាំងអស់បន្តជួយគាំទ្របន្ថែមទៀតជាថវិកា មធ្យោបាយនានាតាមគ្រប់រូបភាព ផ្ដល់ ការបណ្តុះបណ្តាលធនធានមនុស្ស និងសម្ភារៈបច្ចេកទេសដើម្បីធានាបាននូវនិរន្តភាពនៃការ ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង