រដ្ឋបាលរាជធានីភ្នំពេញ ចាត់ឲ្យជំនាញចុះជួសជុល ជង្ហុកសំបុកមាន់ តាមបណ្ដោយមហាវិថីកម្ពុជាក្រោម
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តយកចិត្តទុកដាក់ជាប្រចាំពីបញ្ហា ការខូចខាតផ្លូវ ជង្ហុកសំបុកមាន់ ការកក់ស្ទះចរាចរណ៍និងរៀបចំសណ្ដាប់ធ្នាប់ អនាម័យ សាធារណៈ នៅតាមបណ្ដាមហាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងលើកសោរភ័ណ្ឌទីក្រុងភ្នំពេញទាំងមូលផងដែរ។
ជាក់ស្ដែង មន្ទីរសាធារណការរាជធានីភ្នំពេញ បានចុះជួសជុលផ្លូវមានលក្ខណៈខូចបន្តិចបន្តួច ជាជង្ហុកសំបុកមាន់ តាមបណ្ដោយមហាវិថីកម្ពុជាក្រោយ អមសងខាងផ្លូវ ចាប់ពីផ្សារធំថ្មី រហូតដល់ចំណុចស្ពានអាកាស៧មករា ស្ថិតក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌ៧មករា និងខណ្ឌទួលគោក រាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរ កន្លងមកតាមបណ្ដោយមហាវិថីកម្ពុជាក្រោម អមសងខាងផ្លូវ មានការខូចខាតជង្ហុក តូចៗជាច្រើនធ្វើឲ្យបងប្អូនពលរដ្ឋធ្វើដំណើរ លំបាកក្នុងការធ្វើដំណើរ ជាពិសេសពេលមានភ្លៀងធ្លាក់ ធ្វើឲ្យមានដក់ទឹក អ្នកធ្វើដំណើរដោយមធ្យោបាយម៉ូតូ ពេលខ្លះធ្លាក់ចូលជង្ហុក ខ្ទាតទឹកប្រលាក់ក៏មានផងដែរ។ ដូច្នេះដោយមានការយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញ បានចាត់ឲ្យមន្រ្តីជំនាញចុះជួសជុលនៅជង្ហុកតូចៗ ជាច្រើនតាមបណ្ដោយមហាវិថីកម្ពុជាក្រោមនេះឲ្យមានសភាពល្អប្រសើរឡើងវិញ៕