ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបច្ចេកទេសត្រីភាគីលើកទី២ ពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ

169


ភ្នំពេញ៖ នាថ្ងៃសុក្រទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានរៀបចំកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសត្រីភាគីលើកទី២ ដើម្បីពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោក ហេង សួរ អនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រឹក្សាការងារ។

លោក ហេង សួរ បានថ្លែងថា ក្រុមការងារបច្ចេកទេសបានបន្តកិច្ចពិភាក្សា និងលើកឡើងពីគោលជំហររបស់ខ្លួន នៃតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់យកមកចរចាក្នុង កិច្ចប្រជុំកម្រិតបច្ចេកទេសនេះ។ លោក ហេង សួរ ក៏បានសម្របសម្រួលកិច្ចប្រជុំពិភាក្សា និងលើកឡើងពីចំណុចមួយចំនួន សម្រាប់អោយភាគីទាំងពីរធ្វើការពិចារណា ដើម្បីឲ្យការចរចានេះទទួលបាននូវតួលេខ ប្រាក់ឈ្នួលអប្បបរមាមួយ ដែលប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត និងអាចទទួលយកបានពីគ្រប់ភាគី នឹងដើម្បីផ្តល់ជាមូលដ្ឋាន ដល់គណៈកម្មការប្រឹក្សាការងារ ក្នុងការប្រជុំសម្រេច នៅដើមខែតុលាខាងមុខ។ ដោយសារតួលេខដែលបានលើកឡើង មិនទាន់មានការឯកភាពជាឯកច្ឆន្ធ ដូច្នេះភាគីនីមួយៗ នឹងទុកឱកាសសម្រាប់ ការពិភាក្សាផ្ទៃក្នុងម្តងទៀត មុននឹងយកមកពិភាក្សាបន្ត នៅក្នុងក្រុមការងារបច្ចេកទេស នៅសប្តាហ៍ក្រោយ។

លោក ហេង សួរ អនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រឹក្សាការងារ បានបញ្ជាក់ថា យន្តការនេះ ត្រូវបានអនុវត្តចាប់ពីឆ្នាំ២០១៤ ដើម្បីឱ្យ ភាគីតំណាងនិយោជក ភាគីតំណាងកម្មករនិយោជិត (សហជីព) និងភាគីតំណាងរាជរដ្ឋាភិបាល បង្ហាញអំពីគោលជំហររបស់ខ្លួន ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា ដែលទទួលបានការឯកភាពគ្នាកន្លងមក និងត្រូវបានកំណត់ដោយច្បាប់។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ បានឲ្យដឹងថា កាលវិភាគនៃការចរចាប្រាក់ឈ្នួល អប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩ គឺមាន៤ដំណាក់កាល។ ដំណាក់កាលទី១ ក្នុងខែសីហា ឆ្នាំ២០១៨ ជាការចាប់ផ្ដើមពិភាក្សា ប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ និងជាលក្ខណៈទ្វេភាគី។ ដំណាក់កាលទី២ គឺខែកញ្ញា ឆ្នាំ២០១៨ ជាការចាប់ផ្ដើម ពិភាក្សាប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈត្រីភាគី។ ដំណាក់កាលទី៣ គ្រប់ភាគីទាំងអស់ ត្រូវប្រើលក្ខណៈវិនិច្ឆ័យបែបសង្គម ដូចជាស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយ ក្នុងការរស់នៅ និងលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ច ដូចជា ផលិតភាព ភាពប្រកួតប្រជែងរបស់ ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សា ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ ដំណាក់កាលទី៤ គ្រប់ភាគីទាំងអស់ ផ្ដោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដោយយោងលើលក្ខណៈវិនិច្ឆ័យទាំង៧ ដូចបានកំណត់ក្នុងមាត្រា៥ នៃច្បាប់ស្ដីពីប្រាក់ឈ្នួល អប្បបរមា ដើម្បីជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់ជំហររួមមួយ។ ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨នេះគឺ ១៧០ដុល្លារក្នុង១ខែ ដោយមិនទាន់គិតពីប្រាក់អត្ថប្រយោជន៍ផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង