ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងបរិស្ថានប្រកាសដាក់ពិន័យ ការដ្ឋានសាងសង់នៅខេត្តព្រះសីហនុ ដែលគ្រប់គ្រងដីដែលជាកំណាយមិនបានល្អ ធ្វើឲ្យប៉ះពាល់ដល់ទឹកសមុទ្រ

394


ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យក្រសួងបរិស្ថាន សូមជម្រាបជូនដំណឹង ដល់សាធារណជនឱ្យបានជ្រាបថា រហូតមកដល់ល្ងាច ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ស្ថានភាពទឹកសមុទ្រល្អក់ នៅតំបន់មួយចំនួន នៃឆ្នេរសមុទ្រខេត្តព្រះសីហនុ ដោយសារតែទឹកភ្លៀងធ្លាក់ខ្លាំង នាំយកដីចេញពីការដ្ឋានសាងសង់នោះ មានសភាពល្អឡើងវិញមួយកម្រិតហើយ។ ប្រសិនបើមិនមានការធ្លាក់ភ្លៀងខ្លាំងទេ សភាពទឹកសមុទ្រល្អក់នេះ នឹងវិលត្រឡប់មកល្អទាំងស្រុងដូចដើមវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។

ក្រសួងបរិស្ថាន សូមគូសបញ្ជាក់ថា តំបន់ខ្លះនៃឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ទឹកមានសភាពល្អក់ ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះ នៅខេត្តព្រះសីហនុមានភ្លៀងធ្លាក់យ៉ាងខ្លាំង ជាច្រើនថ្ងៃ ដែលបានច្រោះដីមួយចំនួនចេញពីការដ្ឋានសាងសង់នានា ទៅជាមួយ ហើយហូរចូលទៅក្នុងអូរ និងប្រឡាយ នាំយកចូលទៅក្នុងសមុទ្រ។ ខេត្តព្រះសីហនុបច្ចុប្បន្ននេះ មានការអភិវឌ្ឍ និងមានការដ្ឋានសាងសង់ បុកគ្រឹះជាច្រើន ដែលជាហេតុពេលភ្លៀងខ្លាំង នាំឱ្យមានការច្រោះដីទៅជាមួយខ្លះ។ បញ្ហានេះមិនមានអ្វីដែលគួរឱ្យព្រួយបារម្ភ និងប៉ះពាល់ដល់ទឹកសមុទ្រទេ។

ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានក៏បន្តយកចិត្តទុកដាក់ និងណែនាំដល់ម្ចាស់ការដ្ឋានសំណង់ផ្សេងៗ ឱ្យគ្រប់គ្រងដីដែលជាកំណាយ ពីការដ្ឋានសាងសង់របស់ខ្លួនឱ្យបានល្អ ហើយប្រសិនបើរកឃើញថា ការដ្ឋានសាងសង់ណាមួយ ល្មើសនឹងច្បាប់ នឹងប្រឈមមុខនឹងវិធានការផ្សេងៗ ដូចជាការអប់រំ និងពិន័យជាប្រាក់ជាដើម។

ក្រសួងបរិស្ថាន សូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានបង្ហាញក្តីកង្វល់លើបញ្ហានេះ។ ក្រសួងបរិស្ថាននឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបុព្វហេតុកិច្ចគាំពារបរិស្ថាន៕

អត្ថបទដែលជាប់ទាក់ទង