ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ប្រារព្ធទិវាសំអាតពិភពលោក ថ្ងៃ ១៥ កញ្ញា

103


ភ្នំពេញ៖ ក្រសួងបរិស្ថាន បានផ្សព្វផ្សាយថា កុំភ្លេចទិវាសំអាតពិភពលោក ថ្ងៃ ១៥ កញ្ញា ខ្ញុំចូលរួម… ចុះអ្នកវិញ?
តើលោកអ្នកត្រៀមខ្លួនហើយឬនៅ ដើម្បីចូលរួមទិវាសំអាតពិភពលោក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ ជាមួយប្រជាពលរដ្ឋក្នុង១៥០ ប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក?។
នៅកម្ពុជា លោកអ្នក អាចចូលរួមលះបង់ពេលវេលាមួយព្រឹក នាថ្ងៃចុងសប្តាហ៍ ចូលរួមអបអរសាទរទិវាសំអាតពិភពលោក ដើម្បីជួយសំអាតសំរាមនៅតាមមូលដ្ឋាន ទាំងនៅលើដី និងក្នុងទឹកទាំងអស់ ជាមួយសហគមន៍អន្តរជាតិ ដែលប្រារព្ធពិធីអបអរសាទរទិវាសំអាតពិភពលោកព្រមៗគ្នា។

សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងទេសចរណ៍ ព្រមទាំងអាជ្ញាធររាជធានីភ្នំពេញ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ យុវជន និងប្រជាពលរដ្ឋ គ្រោងជួបជុំគ្នា នៅមុខក្រសួងបរិស្ថាន ចូលរួមការអបអរសាទរទិវាសំអាតពិភពលោកជាផ្លូវការ និងបើកយុទ្ធនាការចុះសំអាតជុំវិញរាជធានីភ្នំពេញ តាមផែនទីកំណត់ ព្រមទាំងមានសម្ភារ ដូចជាស្បោង ដង្គៀបចាប់សំរាម និង ទឹកអាល់កុលលាងដៃ រួចជាស្រេច ដើម្បីធ្វើឲ្យបរិស្ថានរបស់ប្រទេសយើងកាន់តែប្រសើរឡើង!
នៅលើពិភពលោក ការបោះចោលសំរាមចោលមានប្រមាណ ៤ពាន់លានតោននៅលើផែនដី ក្នុងនោះមានសំណល់ប្លាស្ទិក ជាង ៨លានតោន ត្រូវបានចាក់ចូលទៅក្នុងសមុទ្រជារៀងរាល់ឆ្នាំផងដែរ។ យោងតាមប្រសាសន៍ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាមិនទាន់មានរបាយការណ៍បញ្ជាក់ថា ក្នុងមួយថ្ងៃ ប្រើប្រាស់ថង់ប្លាស្ទិកប៉ុន្មាននៅឡើយទេ។ ក្រសួងបរិស្ថានបាននិងកំពុងរៀបចំប្រព័ន្ធប្រមូលទិន្នន័យមួយ​ដើម្បីក្តាប់ឱ្យបានច្បាស់ពីការប្រើប្រាស់​ ថង់ប្លាស្ទិកនេះក្នុងពេលខាងមុខ។ ដោយឡែក យោងតាមរបាយការណ៍ នៅរាជធានីភ្នំពេញ ថង់ប្លាស្ទិកហ៉ាងហោចណាស់ជាង ១០ លានត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃ។ ភាគរយនៃថង់ប្លាស្ទិកក្នុងបរិមាណសំរាមដែលប្រមូលបានតាមរយៈការបោះសម្អាតផ្លូវក្នុងទីក្រុងចំនួន ៣ បើតាមការប៉ានស្មានគឺ ១៧,៣% ក្នុងទីក្រុងភ្នំពេញ ២០,៧% ក្នុងខេត្តសៀមរាប និង ៣៤%ក្នុងខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង