ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ ពាក្យ“អរគុណសន្តិភាព “ ជាពាក្យពេញនិយម ព្រោះ “សន្តិភាពជាអទិភាពខ្ពស់បំផុត”

342
កំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា ពាក្យថា “អរគុណសន្តិភាព “ ជាពាក្យពេញនិយមសម្រាប់អ្នកស្រលាញ់សន្តិភាព ព្រោះ “សន្តិភាពជាអទិភាពខ្ពស់បំផុតសម្រាប់កម្ពុជា” ។
ការថ្លែងរបស់នាយឧត្តមសេនីយ៍ បានធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់អគារសាលប្រជុំកម្ពស់៥ជាន់ រួមនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិនដល់វិទ្យាស្ថានកងទ័ពជើងគោក នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីប្រវត្តិសាស្ត្រ កម្ពុជា ដែលធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ ពិសេសដំណាក់កាលចុងក្រោយនៃការសង្គ្រោះជាតិឲ្យរស់ឡើងវិញពីរបបប្រល័យពូជសាសន៍ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។
នាយយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានបន្តថា ទោះបីជាប្រជាជនបានរស់រានមានជីវិតក្តី ក៏កម្ពុជាពេលនោះនៅតែមិនទាន់មានសន្តិភាពនៅឡើយ ទើបតែនៅឆ្នាំ១៩៩៨ កម្ពុជាបានស្គាល់សន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវចងចាំ និងយល់ពាក្យថា “អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ“ ព្រោះថា សន្តិភាព មានតម្លៃមិនសាបសូន្យ មិនថាថ្ងៃនេះ ឬថ្ងៃក្រោយនោះឡើយ មានសន្តិភាពទើបមានអ្វីៗ ៕

 

អត្ថបទដែលជាប់ទាក់ទង