ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេះនឹងរៀបចំការ ប្រកួតរៀងរាល់ ៦សប្ដាហ៍ម្ដង

78

ភ្នំពេញ៖ជាមួយនឹងគោលដៅស្វែងរកមេដាយមាសឲ្យបានមួយគ្រឿងនាស៊ីហ្គេមឆ្នាំ២០២៣នោះលោកស្រីទេពម៉ូណាប្រធានសហព័ន្ធបង្ហាត់ជិះសេះបានដាក់ផែនការរៀបចំការប្រកួតបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា រៀងរាល់៦សប្តាហ៍ម្តង។

ព្រឹត្តិការណ៍ប្រកួតរៀងរាល់៦សប្ដាហ៍ម្ដងនេះនេះចែក
ចេញជាពីរកម្រិតគឺរៀបចំសម្រាប់កីឡាករកីឡាការិនីចូលរួមប្រកួតធម្មតា និងសម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិ។

នេះជាការរៀបចំឡើងដើម្បីវាស់ស្ទង់សមត្ថភាពក្រុមជម្រើសជាតិ ឆ្ពោះទៅប្រជែងមេដាយ ក្នុងឋានៈម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»។

តាមគម្រោងការប្រកួតរៀងរាល់៦សប្តាហ៍ម្តងនេះលោកស្រីប្រធានសហព័ន្ធរំពឹងថាក្រុមជម្រើសជាតិជិះសេះនឹងកាន់តែមានគុណភាពបច្ចេកទេសរឹងមាំ ប្រសើរឡើងបន្ថែមទៀត។
ប្រភេទកីឡាជិះសេះនេះមិនងាយស្រួលប៉ុន្មាននោះទេ ព្រោះកីឡាករ កីឡាការិនីត្រូវការហ្វឹកហាត់រួមគ្នាជាមួយ សេះ ពិសេសគឺត្រូវស៊ីសង្វាក់គ្នា ដើម្បីលោតឲ្យផុតរបារទីជាមួយគ្នា ឲ្យរលូន កុំឲ្យធ្លាក់។
អ្វីដែលលំបាកខ្លាំងគឺការបញ្ជាសេះលោតផ្លោះរបារដែលមានកំពស់ចន្លោះពី៧០សង់ទីម៉ែត្រដល់១ម៉ែត្រហើយត្រូវរក្សាលំនឹង និងត្រូវឆ្លងកាត់ផ្លោះរបារចំនួនរហូតដល់១២របារ និងមានការបត់បែនឆ្វេងបត់ស្តាំងជាច្រើនទៀត។

បច្ចុប្បន្នក្រុមកីឡាជិះសេះជម្រើសជាតិកម្ពុជាមានចំនួន៧នាក់ដែលអាចជិះសេះផ្លោះរបារកម្ពស់១ម៉ែត្រ។ពេលនេះគឺសហព័ន្ធកំពុងបង្ហាត់សេះផង បង្រៀនមនុស្សផង ដែលនេះជារឿង ២ដែលត្រូវធ្វើជាមួយគ្នាក្នុងពេលតែមួយ។

សហព័ន្ធបាននាំចូលពូជសេះមកពីប្រទេសបារំាងបាន១ខែចុងក្រោយនេះ ហើយសេះទាំងនោះអាចលោតបានកម្ពស់ ៧០សង់ទីម៉ែត្រ ហើយនាពេលខាងមុខ សហព័ន្ធសង្ឃឹមថា សេះនាំចូលពីប្រទេសបារំាងទាំងនេះនឹងអាចស៊ាំនឹងការលោតផ្លោះរបារកម្ពស់១ម៉ែត្រខណៈសេះរបស់កម្ពុជាមួយចំនួនអាចលោតផ្លោះរបារ ១,១០ម៉ែត្រ ទៅ ១,២០ម៉ែត្រ។

លោកស្រីទេពម៉ូណាសង្កត់ធ្ងន់ថាសហព័ន្ធត្រូវការពេលវេលាបន្ថែមទៀតដើម្បីបន្ស៊ាំសេះនិងកីឡាករកីឡាការិនីអាចធ្វើបានរួមគ្នាក្នុងអារម្មណ៍ដ៏ស្ងប់ស្ងាត់ជាមួយគ្នាក្នុងការបញ្ជាលោតឆ្លងកាត់ឧបសគ្គចំនួន១២របារ។
សម្រាប់គោលដៅប្រជែងមេដាយតាមសន្ទស្សន៍មេដាយមាស១គ្រឿងរបស់គណៈកម្មាធិការជាតិCAMSOCគឺលោកស្រីដាក់ក្តីសង្ឃឹមលើការលោតកម្ពស់ ១,២០ម៉ែត្រ ទៅ ១,២៥ម៉ែត្រ ហើយកម្ពុជាមានសេះ២ក្បាលដែលអាចលោតកម្ពស់នេះបាន។
សម្រាប់ការហ្វឹកហាត់បំប៉នបច្ចេកទេសក្រៅពីការហ្វឹកហាត់ក្នុងស្រុកក៏មានគម្រោងបញ្ចូនកីឡាករកីឡាការិនីចេញទៅហ្វឹកហាត់នៅប្រទេសបារំាង និងប្រទេសថៃ មុនស៊ីហ្គេម ២០២៣ ចូលមកដល់។
ជាមួយនឹងការខិតខំនេះ លោកស្រីដាក់ក្តីរំពឹងថា គោលដៅមេដាយមាស១គ្រឿង ក្នុងឋានៈម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូង គឺសហព័ន្ធអាចធ្វើវាបាន៕

អត្ថបទដែលជាប់ទាក់ទង