ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានិងកូរ៉េ ពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍អន្តរជាតិ

23

 

ភ្នំពេញ ៖ ភាគីទាំងពីរ (កម្ពុជានិងកូរ៉េ) បានពិភាក្សា និងប្ដេជ្ញាថា នឹងបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងការលើកកម្ពស់ការ វិនិយោគលើវិស័យឯកជន ដើម្បីទាក់ទាញអ្នកវិនិយោគកូរ៉េ ឱ្យមកបណ្តាក់ទុនច្រើនបន្ថែមទៀត ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម KOO Yun Cheol, រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួល គោលនយោបាយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនង ទ្វេភាគីរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍អន្តរជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិការ លើឆាកអន្តរជាតិ, នារសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម KOO Yun Cheol, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្ដល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance – ODA) ក្នុងការរួម ចំណែកដល់សកម្មភាព អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈមូលនិធិ សហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច (Economic Development Cooperation Fund – EDCF) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរ ជាតិកូរ៉េ (KOICA) ជាភ្នាក់ងារអនុវត្ត ។ ចាប់តាំងពីឆ្នាំ ១៩៩៦ ដល់បច្ចុប្បន្ន, សាធារណរដ្ឋកូរ៉េបានផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណជា ៤៣១ លានដុល្លារអាមេរិក ។ ក្នុងក្របខ័ណ្ឌឥណទានសម្បទាន គិត ចាប់ពីឆ្នាំ ២០០០ មកដល់បច្ចុប្បន្ន ភាគីកូរ៉េបានផ្តល់ឥណទាន សម្បទានដល់កម្ពុជា នូវទឹកប្រាក់សរុបប្រមាណ ជាង ១ ២១១ លាន ដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោងកម្មវិធីអភិវឌ្ឍន៍ចំនួន ២៦. គម្រោង ដែលសុទ្ធសឹងជាគម្រោងអាទិភាព ក្នុងការផ្តល់ឥណទានសម្បទានរបស់ខ្លួន ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ របស់ ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីយុទ្ធសាស្ត្រត្រីកោណ រហូតដល់យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលបានធ្វើឱ្យសាធារណរដ្ឋកូរ៉េ ក្លាយជាដៃគូអភិវឌ្ឍន៍ទ្វេភាគីដ៍សំខាន់ លំដាប់ទី ៣ ក្នុងការចូលរួមចំណែក ជួយគាំទ្រដល់ប្រទេសកម្ពុជា បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសជប៉ុន ។

ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណ​ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋ កូរ៉េ ដែលបានសម្រេចផ្ដល់ការ សន្យាកញ្ចប់ឥណទានសម្បទានបន្ថែមទៀត តាមរយៈកិច្ចសម្របសម្រួល ក្របខណ្ឌ (Framework Arrangement)ថ្មី ដែលមានទឹកប្រាក់ប្រមាណ ១,២ ប៊ីលាន ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ និងសង្ឃឹមថា ភាគីទាំងពីរនឹងពិភាក្សាសម្រេច ទៅលើវិស័យ និងគម្រោងអាទិភាព ក្នុង ការប្រើប្រាស់កញ្ចប់ (Framework Arrangement-F/A) ថ្មីនេះ តាមរយះកិច្ចពិគ្រោះយោបល់កម្រិតគោល នយោបាយលើកទី៤ (4th Korea-Cambodia Integrated ODA Policy Dialogue) ដែលនឹងប្រព្រឹត្តទៅ នាពេលឆាប់ៗខាងមុខ ។ ទន្ទឹមនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលន សាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រ និងជួយជ្រោមជ្រែងដល់គម្រោងសាងសង់ស្ថានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉ (Cambodia-Korea Friendship Bridge) ដែលនឹងក្លាយជានិមិត្តរូប នៃចំណងមិត្តភាពកាន់តែរឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ។

ក្រៅពីឥណទានសម្បទានដែលទទួលបានពីភាគីមិត្តកូរ៉េ សម្រាប់យក មកអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ នានានៅកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៍បានមានប្រសាសន៍ អំពីតម្រូវការវិនិយោគបន្ថែម របស់កម្ពុជា ទៅលើវិស័យសំខាន់ៗដទៃទៀត រួមមាន ហេដ្ឋារចនាសម្ព័ន្ធបៃតង, កសិកម្ម និងឧស្សាហកម្មទេសចរណ៍ ដែល ជាវិស័យដ៏មានសក្តានុពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ។ ជាងនេះទៀត, ការអភិវឌ្ឍវិស័យភស្តុភារកម្ម (Logistics) និងឌីជីថល ក៍បានក្លាយជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុក ។ ដូចច្នេះ, ការកៀរគរទុនវិនិយោគពីវិស័យឯកជន ទាំងក្នុង និងក្រៅប្រទេស ជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់ ការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាផងដែរ ។

ភាគីទាំងពីរបានពិភាក្សា និងប្ដេជ្ញាថា នឹងបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងការលើកកម្ពស់ការ វិនិយោគលើវិស័យឯកជន ដើម្បីទាក់ទាញអ្នកវិនិយោគកូរ៉េ ឱ្យមកបណ្តាក់ទុនច្រើនបន្ថែមទៀត ។

ឯកឧត្តម KOO Yun Cheol បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺ កូវី៥-១៩ ជាពិសេស ការទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាន មកលើសកម្មភាពសេដ្ឋកិច្ច ក្នុងរយះពេលកន្លងមក ហើយឯកឧត្តមសូមជូនពរ ឱ្យកម្ពុជាបំពេញភារកិច្ច ជាប្រធានអាស៊ានឆ្នាំ២០២២ប្រកបដោយជោគជ័យ និង ដឹកនាំអាស៊ានឆ្ពោះទៅ រកសុខសន្តិភាព និងវិបុលភាពជារួម សំដៅបន្តបេសកកម្ មក្នុងការកសាងសហគមន៍ អាស៊ាន ក៏ដូចជាការចូលរួម យ៉ាងសកម្មរបស់អាស៊ានក្នុងឆាកអន្តរជាតិ ក្រោមចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥ ។

ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម KOO Yun Cheol និងគណៈប្រតិភូ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានឆ្លៀត ពេលវេលាដ៏មាន តម្លៃ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងសូមជូនពរឯកឧត្តម KOO Yun Cheol និងគណៈប្រតិភូ ទទួលបាននូវសុខភាពល្អ, សុភមង្គលក្នុងក្រុមគ្រួសារ និងទទួលបាននូវ ជោគជ័យក្នុង គ្រប់ភារកិច្ច ៕

អត្ថបទដែលជាប់ទាក់ទង