អភិបាលខណ្ឌបឹងកេងកង៖ ការចុះជួយប្រជាពលរដ្ឋ គឺជាការគិតគូពីសុខទុក្ខពួកគាត់
ភ្នំពេញ៖បងប្អូនប្រជាពលរដ្ឋទីទ័លក្រ ប្រមាណ៩៩គ្រួសារ រស់នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ ដោយបានការអាណិតអាសូរ ពីសំណាក់ថ្នាក់ដឹកនាំខណ្ឌបឹងកេងកង បានយកអំណោយ ទៅចែកជូនដល់ពួកគាត់នៅតាមខ្នងផ្ទះនិមួយៗ កាលពីព្រឹកថ្ងៃទី៣០ខែមិនាឆ្នាំ២០២២នេះ ដើម្បីទុកដោះស្រាយជីវភាពរស់នៅ ប្រចាំថ្ងៃខណៈពេលជួបការខ្វះខាត។
ខណៈពេលនោះ លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ដែលអមដំណើរដោយអស់លោក លោកស្រីជាអភិបាលរងខណ្ឌ .ចៅសង្កាត់ ព្រមទាំងមន្រ្តីក្រោមឱវាទ បានអញ្ជើញចុះចែកអំណោយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅតាមខ្នងផ្ទះ និមួយៗដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករចំនួន ១០គីឡូក្រាម. មី១៥កញ្ចប់. ទឹកសុីអុីវ ជែល.ម៉ាស.ផងដែរ។
ក្នុងឱកាសនោះលោកចៅសង្កាត់ទួលស្វាយព្រៃទី១ បានមានមតិដោយថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ ខណ្ឌបឹងកេងកង ដែលជានិច្ចកាល តែងតែមានការគិតគូរខ្ពស់ ដោយយកចិត្តទុកដាក់ចំពោះជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ជាពិសេសអ្នកទីទាល់ក្រ និង ជនចាស់ជរា។ល។និង។ល។
ដោយមានមតិជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ តាមខ្នងផ្ទះនិមួយៗ នាពេលនោះ លោកអភិបាលខណ្ឌបឹងកេងកង ធឹម សំអាន បានលើកឡើងថា សកម្មភាពនាពេលនេះ គឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។
លោកអភិបាលខណ្ឌបឹងកេងកង បន្តទៀតថា ថ្វីត្បិតអំណោយទាំងអស់នេះ មានបរិមាណមិនសូវច្រើនក្ដី តែនេះគឺជាទឹកចិត្តអាណិតអាសូរ របស់ថ្នាក់ដឹកនាំខណ្ឌបឹងកេងកង ដោយបំពេញតាមតួនាទីជាថ្នាក់ដឹកនាំខណ្ឌ ក្នុងការបម្រើការងារ និងរក្សាការពារនូវ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន បានល្អប្រសើរពិសេសនាឱកាសជិត ដល់ថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីនៅ ពេលខាងមុខនេះ ពោលគឺនៅជាង១៥ ឫ១៦ថ្ងៃទៀតតែប៉ុណ្ណោះ ។ហើយអំណោយនេះ និងបានជួយដោះស្រាយចែករំលែក ការលំបាកបានមួយគ្រាផងដែរ នៅពេលបងប្អូនជួបការខ្វះខាត ផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិថា ដោយសូមអោយបងប្អូន ប្រជាពលរដ្ឋបន្តចូលរួម អនុវត្តន៍ចំពោះវិធានការ របស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវ វិធានការ «៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាព ដល់យើងទាំងអស់គ្នាផងដែរ៕