ក្នុងឆ្នាំ២០២១ កងកម្លាំងអនុវត្តច្បាប់បង្ក្រាប បទល្មើសគ្រឿងញៀនសរុប ៦,៣០៨ករណី និងចាប់យកសារធាតុញៀនជាង៤តោន
ភ្នំពេញ ៖ ក្នុងឆ្នាំ២០២១ កងកម្លាំងអនុវត្តច្បាប់បង្ក្រាបបទល្មើស គ្រឿងញៀនសរុប ៦,៣០៨ករណី ខណៈឆ្នាំ២០២០ បង្ក្រាបបាន១០,៤៦១ករណី ឃាត់ខ្លួនជនសង្ស័យសរុប១៣,៩៧៩នាក់ ខណៈឆ្នាំ២០២០មានចំនួន២១,៥៦៦នាក់ ។ សមត្ថកិច្ចក៏បានចាប់យក សារធាតុញៀនសរុបជាង៤តោន ៦៨៩គីឡូក្រាម។
នាថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ ។
កិច្ចប្រជុំបានប្រព្រឹត្តទៅដោយ មានការអញ្ជើញចូលរួមពីឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមរដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលបាលជាតិ ព្រមទាំងសមាជិកសមាជិការ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គលេខធិការ អគ្គលេខាធិការរងតំណាងក្រសួស្ថាងប័នពាក់ព័ន្ធនានា អគ្គស្នងការរងនគរបាលជាតិ ថ្នាក់ដឹកនាំអគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អងភិបាល អភិបាលរងរាជធានីខេត្ត មន្រ្តីពាក់ព័ន្ធ និងភ្ញៀវជាតិអន្តរជាតិ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើរបាយការណ៍ឱ្យដឹងថា ក្នុងរយៈកាលចុងក្រោយ ជាពិសេសនៅឆ្នាំ២០២១កន្លងទៅ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនបានឆ្លៀតឱកាសដឹកជញ្ជូនគ្រឿងញៀន ពីតំបន់ត្រីកោណមាសចូល មកកម្ពុជាតាមផ្លូវគោក និងផ្លូវទឹក ដើម្បីបន្តនាំចេញទៅប្រទេសទី៣ និងជួញដូរក្នុងស្រុក ហើយថ្មីៗនេះសមត្ថកិច្ចបានរកឃើញ ទីតាំងផលិតកែច្នៃគ្រឿងញៀន ជ្រកក្រោមស្លាករោងចក្រ សិប្បកម្ម តាមខុនដូរ និងបុរីជាដើម ។
ឯកឧត្តមបានបន្ថែមថា ក្នុងឆ្នាំ២០២១ កងកម្លាំងអនុវត្តច្បាប់ បង្ក្រាបបទល្មើសគ្រឿងញៀនសរុប ៦,៣០៨ករណី ខណៈឆ្នាំ២០២០ បង្ក្រាបបាន១០,៤៦១ករណី ឃាត់ខ្លួនជនសង្ស័យសរុប១៣,៩៧៩នាក់ ខណៈឆ្នាំ២០២០មានចំនួន២១,៥៦៦នាក់ ។ សមត្ថកិច្ចក៏បានចាប់ យកសារធាតុញៀនសរុបជាង៤តោន ៦៨៩គីឡូក្រាម ខណៈឆ្នាំ២០២០ មានជាង៣តោន ៨៧៥គីឡូក្រាម ។ ដោយឡែកករណីគ្រឿងញៀន ចាប់ពី១គីឡូក្រាមឡើងមាន៧៣ករណី ចាប់មេខ្លោង៣១នាក់ ខ្សែរយៈ១៣៣នាក់ និងសាធាតុញៀនសរុបជាង៤ពាន់គីឡូក្រាម ។
បន្ទាប់មក ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានអានខ្លឹមសារនៃផែនការ ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧ រយៈពេលមួយឆ្នាំ ដែលអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ផ្ដោតលើការបន្តអប់រំផ្សព្វផ្សាយ ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ការទប់ស្កាត់ បង្ក្រាប ពន្លឿនរាល់នីតិវិធីចាត់ចែងវត្ថុតាង និងទ្រព្យសម្បត្តិពាក់ព័ន្ធគ្រឿងញៀន លើកកម្ពស់សកម្មភាព ប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបពង្រឹងនិង ជំរុញសកម្មភាពអនុវត្តវិធានការព្យាបាល ស្ដារនីតិសម្បទា ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញថ្លែងជូនកិច្ចប្រជុំ ដោយគូសបញ្ជាក់អំពីការផ្លាស់ប្ដូរ ទិសនៃប្រតិបត្តិការបង្ក្រាបគ្រឿងញៀន តាមលំហរសមុទ្រ ដែលទាមទារនូវកិច្ចប្រជុំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ។ ជាមួយគ្នានេះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានកត់សម្គាល់អំពីកំណើន ករណីគ្រឿងញៀនទ្រង់ទ្រាយធំ ដែលកំពុងសំងំលួចលាក់ កែច្នៃផលិតគ្រឿងញៀន ដែលស្ថានភាពនេះមានការប្រែប្រួល និងទាមទារឱ្យមានការពិនិត្យឡើងវិញ នូវវិធានបង្ក្រាបឱ្យមានប្រសិទ្ធភាព ។
ឯកឧត្តមប្រធានអាជ្ញាធរជាតិ ក៏បានទាញចំណាប់ អារម្មណ៍អំពីការពិនិត្យឡើងវិញ នូវវិធានការគ្រប់គ្រង សារធាតុគីមីដែល បំរើឱ្យវិស័យសង្គម និងសេដ្ឋកិច្ច ហើយដែលក្រុមឧក្រិដ្ឋជន អាចបង្វែយកទៅផលិតកែច្នៃជាគ្រឿងញៀនខុសច្បាប់ ដ្បិតវិធានការចាស់មានវិសាលភាពមិនទាន់ទូលំទូលាយ និងមិនទាន់ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង ។ ជាមួយគ្នានេះឯកឧត្តមក៏បានលើកឡើង នូវយោបល់មួយជំនួនជូនអង្គប្រជុំ និងដើម្បីស្នើសុំការណែនាំបន្ថែមពីសម្ដេចក្រឡាហោម ស ខេង ប្រធានគណៈអធិបតីផងដែរ។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី បានសម្ដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលនៃការបង្ក្រាបបានគ្រឿងញៀន និងសារធាតុគីមីផ្សុំជាច្រើន គួរឱ្យកត់សម្គាល់ ក្នុងយុទ្ធនាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៦ឆ្នាំ២០២១កន្លងទៅ បើទោះបីជាត្រូវប្រឈមមុខ នឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។ សម្ដេចបន្ថែមថា ប្រតិបត្តិការនេះបានរួមចំណែកដ៏សំខាន់ក្នុងការការពារ និងថែរក្សាសន្តិសុខសាធារណៈ និងសុវត្ថិភាពសង្គមដែល ជាមូលដ្ឋាននៃការអភិវឌ្ឍជាតិគ្រប់វិស័យ។
សម្ដេចក៏បានចាត់ទុកសមិទ្ធផលទាំងនេះថា ជាការបង្ហាញឱ្យឃើញ ពីការចូលរួម និងគាំទ្រពីគ្រប់មជ្ឈដ្ឋាន ពិសេសពីសំណាក់ប្រជាពលរដ្ឋទូទៅ និងវិស័យឯកជន រួមទាំងសប្បុរសជននានា ដែលបានចូលរួមគ្រប់សកម្មភាព ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងគោលដៅ ធ្វើឱ្យសម្រេចបាន តាមទស្សនៈវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មាន គ្រឿងញៀន ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា និងពិភពលោកកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មឃ្លៀវក្លា ដើម្បីប្រយុទ្ធប្រឆាំង គ្រឿងញៀន។
សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់អំពីនិន្នាការ នៃការកែច្នៃសារធាតុ គីមីផ្សុំផលិតជាគ្រឿងញៀន និងគូសបញ្ជាក់អំពីសារៈសំខាន់ នៃការរិះរកយន្តការដើម្បីពង្រឹងការគ្រប់គ្រងសារធាតុគីមីដែលនាំចូលមកស្របច្បាប់ ហើយបញ្ចៀសកុំឱ្យឧក្រិដ្ឋជន យកទៅកែច្នៃផលិត ជាគ្រឿងញៀន និងបានលើកទឹកចិត្តឱ្យក្រសួងស្ថាប័ន ពាក់ព័ន្ធបង្កើនការ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការងារនេះ ។
ជាមួយគ្នានេះសម្ដេច ក៏បានជំរុញឱ្យខិតខំបង្កើនការពង្រឹងគុណភាព នៃការព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងបង្កើនការប្រុងប្រយ័ត្នករណី អ្នកវិលមកប្រើប្រាស់គ្រឿងញៀនវិញ ។
សម្ដេចក្រឡាហោមក៏បានមានប្រសាសន៍អំពីសារៈសំខាន់ នៃការអនុវត្តយុទ្ធនាការ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ ក្នុងស្មារតីប្រកបដោយ ការទទួលខុសត្រូវ និងបានផ្ដល់អនុសាសន៍ ឱ្យបន្តផ្សព្វផ្សាយ អប់រំឱ្យកាន់តែប្រសើរជាងមុន ដោយផ្ដោតឱ្យចំមុខសញ្ញា មានខ្លឹមសារស៊ីជម្រៅ ហើយពង្រីក សកម្មភាពឱ្យបានគ្រប់មធ្យោបាយ និងទីកន្លែង ព្រមទាំងជំរុញការផ្សព្វផ្សាយបន្ត សំដៅធ្វើឱ្យជនគ្រប់រូប ចៀសផុត និងមិនពាក់ព័ន្ធនឹងគ្រឿងញៀន ពិសេសការអនុវត្តទិសស្លោក៣កុំ ១រាយការណ៍។
សម្ដេចក្រឡាហោមក៏បានផ្ដល់អនុសាសន៍ឱ្យយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយលើមុខសញ្ញាមួយចំនួន ដូចជាស្រទាប់យុវវ័យ និងឪពុកម្ដាយ អាណាព្យាបាល ។ សម្ដេចក៏បានសង្កត់ធ្ងន់ថា បន្ថែមលើកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ក៏ទាមទារជាចាំបាច់នូវការ ចូលរួមពីសំណាក់ឪពុកម្ដាយនិងអាណាព្យាបាល ធ្វើយ៉ាងណាខិតខំអប់រំកូនចៅ របស់ខ្លួន កុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន ខណៈអាជ្ញាធរក៏ត្រូវខិតខំ រិះរកវិធីសាស្រ្តផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព និងត្រូវអនុវត្តច្បាប់ឱ្យបាន តឹងរឹងចំពោះជនជួញដូរគ្រឿងញៀន។
ពាក់ព័ន្ធនឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្ដេចក្រឡាហោម បានសម្ដែងការគាំទ្រ និងលើកទឹកចិត្តខ្ពស់ឱ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចបន្ត អនុវត្តវិធានការរដ្ឋបាល ត្រួតពិនិត្យរកបទល្មើសគ្រឿងញៀន នៅតាមគោលដៅប្រឈមខ្ពស់នានា ដូចជាទីតាំងកំសាន្ត ពេលរាត្រី ខុនដូ ផ្ទះសំណាក់ និងការដាក់គោលដៅ ត្រួតពិនិត្យតាមដងផ្លូវ នៅពេលយប់ដើម្បីធានាបានការបង្ក្រាប ប្រកបដោយប្រសិទ្ធភាព តាមគ្រប់មធ្យោបាយ។
សម្ដេចក៏លើកទឹកចិត្ត ឱ្យម្ចាស់ទីតាំងនានា ផ្ដល់កិច្ចសហការឱ្យបាន ល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចដែរ។
ជាមួយគ្នានេះ សម្ដេចបានផ្ដល់ការណែនាំ ឱ្យបន្តទប់ស្កាត់ការ ចរាចរណ៍គ្រឿងញៀន ឆ្លងកាត់ព្រំដេន លើកកម្ពស់សមត្ថភាព ក្រមសីលធម៌ និងវិជ្ជាជីវៈមន្រ្តីអនុវត្តច្បាប់ជាមួយ នឹងការលើកទឹកចិត្ត ចំពោះមន្រ្តីមានស្នាដៃ។
សម្ដេចបន្តថាមន្រ្តីអនុវត្តច្បាប់បង្ក្រាប គ្រឿងញៀននេះពិតជាមានឆន្ទៈ និងមនសិការស្នេហា ជាតិខ្ពស់ណាស់ ដ្បិតសម្ដេចទទួល ស្គាល់ថាការបែងចែកថវិកា លើកទឹកចិត្តមន្រ្តីនៅ មិនទាន់គ្រប់គ្រាន់ ដូចឆន្ទៈរបស់រាជរដ្ឋាភិបាលនៅឡើយទេ ។ យ៉ាងណាសម្ដេចបន្តថា រាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងដើម្បីផ្ដល់ការលើកទឹកចិត្តតាមគ្រប់មធ្យោបាយបន្ថែមទៀត ។
មុននឹងបញ្ចប់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើមន្ត្រីពាក់ព័ន្ធឱ្យបន្តលើកកម្ពស់ ការទទួលខុសត្រូវ ក្នុងការអនុវត្តការងារជាក់ស្ដែង ដើម្បីធានាឱ្យការ អនុវត្តយុទ្ធនារ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ លើកទី៧នេះ បន្តទទួលបានជោគជ័យ រួមចំណែកថែរក្សាសុខភាពសាធារណៈ និងធានាស្ថិរភាពសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រទេសជាតិ ៕