ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានទទួលជួប ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា និងអនុព័ន្ធយោធាទើបបញ្ចប់អាណត្តិ និងអនុព័ន្ធយោធាថ្មី

21

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួប ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ព្រមជាមួយនឹងលោកវរសេនីយ៍ឯក ង្វៀន ថាញ់ជីញ អនុព័ន្ធយោធាដែលទើប បញ្ចប់អាណត្តិ និងលោកវរសេនីយ៍ឯកបម្រុង ជិន វ៉ាន់តឹម អនុព័ន្ធយោធាថ្មី ដើម្បីសម្តែងការគួរសម, ជម្រាបលា និងណែនាំខ្លួន នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ក្នុងជំនួបនេះ លោកអនុព័ន្ធយោធាវៀតណាមបញ្ចប់អាណត្តិ បានជម្រាបជូន ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក អំពីលទ្ធផលការងារ ក្នុងអាណត្តិរបស់លោក និងបានបញ្ជាក់អំពីទំនាក់ទំនង រឹងមាំនៃកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ និងបានបង្ហាញផងដែរនូវទិសដៅ ក្នុងការបន្តខិតខំប្រឹងប្រែងធ្វើយ៉ាង ណាឱ្យកិច្ចសហប្រតិបត្តិការដ៏ល្អនេះ មានភាពយូរអង្វែងទៅមុខទៀត។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារក្នុង អាណត្តិការទូតយោធា របស់លោកវរសេនីយ៍ឯក ង្វៀន ថាញ់ជីញ ដែលពិតជាបានគាំទ្រ ដល់ការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានអបអរសាទរ និងស្វាគមន៍ចំពោះការចូល កាន់តំណែងរបស់ អនុព័ន្ធយោធាវៀតណាមថ្មី ដែលនឹងចូលរួមចំណែក ក្នុងការជំរុញសន្ទុះនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ យោធាទ្វេភាគី ឱ្យកាន់តែរីក ចម្រើនជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត ស្របតាមទិសដៅរបស់ ក្រសួងការពារជាតិនៃប្រទេសទាំងពីរ សំដៅធានាបាននូវសន្តិភាព និងវិបុលភាពសម្រាប់ប្រទេសនីមួយៗ ក៏ដូចជាតំបន់ទាំងមូល។

អត្ថបទដែលជាប់ទាក់ទង