ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះផ្អាកសំណង់ ផ្ទះជួល២ល្វែង ដែលសង់អត់ច្បាប់ និងបុកគ្រឹះបង្កអោយ ប៉ះពាល់ អ្នកជិតខាងប្តឹង

90

ភ្នំពេញ ៖ សំណង់ផ្ទះជួល២ល្វែង ដែលបុកគ្រឹះបង្កអោយខូចខាតផ្ទះអ្នកជិតខាង ត្រូវបានអាជ្ញាធរ ខណ្ឌពោធិ៍សែន ជ័យ ដឹកនាំដោយលោក សំ សារ៉ាវុធ និងលោក សំ ធា ក្រោមការចង្អុលបង្ហាញពីលោក ព្រាប ម៉ាណែលអភិបាលរងខណ្ឌ ពោធិ៍សែនជ័យ ចុះផ្អាកការសាងសង់ជាបណ្តោះអាសន្នហើយ នៅវេលាម៉ោង៣រសៀល ថ្ងៃទី៣១ខែមិនា ឆ្នាំ២០២២នេះ។

ការចុះផ្អាកសំណង់នោះបន្ទាប់ពី ដើមបណ្តឹងដែលរងការខូចខាតពីការបុកគ្រឹះសាងសង់នោះ មានប្រតិកម្មយ៉ាងខ្លាំង ចំពោះអាជ្ញាធរ ដែលចេះតែពន្យារពេល ទោះបីសំណង់នោះអត់ច្បាប់បង្កអោយប៉ះពាល់ដល់ផ្ទះអ្នកជិតខាងហើយ នៅតែបន្តសាងសង់រហូតជិតរួចរាល់ទៀត ។

សំណង់ផ្ទះជួល២ល្វែង ដែលបានសាងសង់បុកគ្រឹះបង្កអោយប្រេះជញ្ជាំងផ្ទះអ្នកជិតខាងនោះ ស្ថិតនៅដីឡូតិ៍លេខ B1.B2 ភូមិ កាកាបសង្កាត់កាកាបទី២ ខណ្ឌ ពោធិ៍សែនជ័យ ដែលមានម្ចាស់ឈ្មោះវ៉ែន សុគន្ធភេទប្រុស ។

តាមកំណត់ហេតុ ចុះត្រូតពិនិត្យ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា នៅពេល ចុះដល់ទីតាំង ក្រុមការងារបានត្រួតពិនិត្យ ឃើញថា សំណង់ផ្ទះល្វែង មានទំហំ៩,៧០ម៉ែត្រគុណ១៦,០ម៉ែត្រ ពុំមានលិខិតអនុញ្ញាតច្បាប់សាងសង់នៅឡើយ។ ការដ្ឋាន សំណង់បានចាក់ប្លង់សេឡៅតឿរួច , ចាក់សសរជាន់ទី១រួច និងកំពុងតែវាយពុម្ពធ្នឹមជាន់ទី១ ត្រៀមក្រាលត្តាដើម្បីចាក់ប្លង់សេជាន់ទី១។

នៅក្នុងលិខិត នោះក៏បានណែនាំអោយ ម្ចាស់ផ្អាកការសាងសង់ជាបណ្តោះអាសន្ន រួចសុំច្បាប់ទៅសាលាខណ្ឌរហូតបានលិខិតអនុញ្ញាត ទើបបន្តសាងសង់វិញបាន។ក្នុងករណី ដែលម្ចាស់នៅតែបន្តសាងសង់អាជ្ញាធរមានសមត្ថកិច្ចនឹងចុះមករឹបអូសសំភារះនិងមិនទទួលខុសត្រូវរាល់ការខូចខាតឬបាត់បង់ឡើយ។

តាមអាជ្ញាធរបានអោយដឹងថា សំណង់អត់ច្បាប់នេះត្រូវបានអាជ្ញាធរ ចុះឃាត់ចំនួន ៥លើកមកហើយ តែនៅតែរឹងរុះសាងសង់។

គួរបញ្ជាក់ថា ទីតាំងសំណង់ខាងលើ បានសាងសង់ឡើង កាលពីអំឡុង ខែធ្នូឆ្នាំ ២០២១។ ក្នុងការសាងសង់មិនបានដកគម្លាតពីព្រំឡើយ ហើយបានបុកគ្រឹះជាប់ជញ្ជាំងបង្កអោយរញ្ជួយផ្ទះ បង្កអោយបាក់ធ្លាក់ពិដាន ក្បឿង ប្រេះជញ្ជាំងនិងឡាបូលាងចាន របស់ផ្ទះឈ្មោះ ហែម សំរិត ភេទប្រុសអាយុ ៤៩ឆ្នាំ ដែលមានលំនៅជាប់ជញ្ជាំងគ្នា ។ បន្ទាប់ពីរងការប៉ះពាល់និងរងការខូចខាត អ្នកជិតខាងបានដាក់ពាក្យបណ្តឹង ចូលទៅសាលាសង្កាត់ ធ្វើការដោះស្រាយ ដោយមិនត្រូវរ៉ូវគ្នា ក៍បានបញ្ជូនទៅសាលាខណ្ឌពោធិ៍ សែនជ័យហើយបានបាត់ពាក្យបណ្តឹង ។ លុះក្រោយមកអ្នកជិតខាង ក៍បានដាក់ពាក្យបណ្តឹងជាថ្មី ដោះស្រាយសម្របសម្រួលគ្នា ត្រូវភាគី ម្ចាស់ផ្ទះបង្ក បានឯកភាព ជួយរៀបឥដ្ឋធ្វើរបងអោយដើមបណ្តឹង , រាល់ការសាងសង់ត្រូវដាក់សំណាញ់សុវត្តិភាពដើម្បី បង្ការ ហានិភ័យ ផ្សេងៗ ព្រមទាំងព្រមព្រៀងជួសជួល ការខូចខាតតែ ម្ចាស់សំណង់មិនបានអនុវត្តតាមកិច្ចសន្យាហើយ នៅតែបន្តសាងសង់ ទាំងបំពានមិនបិទបាំងសំណាញ់សុវត្តិភាពទៀត ។ ទើបអ្នកជិតខាងមានប្រតិកម្មទទួចអោយអាជ្ញាធរចុះផ្អាកនៅពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង