ថ្ងៃ៨ដល់១០មេសា ប្រជុំក្រុមប្រឹក្សាកីឡា អាស៊ីអាគ្នេយ៍ នៅសៀមរាប
ភ្នំពេញ៖ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បានបញ្ជាក់ច្បាស់ហើយថាកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នឹងធ្វើនៅខេត្តសៀមរាបពីថ្ងៃទី៨ដល់១០មេសានេះ ។
ឯកឧត្តមអគ្គលេខាធិការបានរៀបរាប់ថា កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋ
មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដែលសម្តេចនឹងអញ្ជើញប្រកាសបើកកិច្ចប្រជុំដ៏មានសារសំខាន់នេះ។
កិច្ចប្រជុំនេះត្រូវបានសម្តេចពិជ័យសេនាទៀបាញ់ជំរុញបន្ថែមឲ្យគណៈកម្មការជំនាញនានារបស់ CAMSOC ជួយគ្នាក្នុងការរៀបចំកិច្ចប្រជុំដ៏ធំជាលើកដំបូង នៅខេត្តសៀមរាប នាពេលខាងមុខនេះ ដើម្បីក្តាប់ឲ្យបានគ្រប់ជ្រុងជ្រោយនូវខ្លឹមសារ បញ្ហា សំណូមពរ ស្តីពីកិច្ចប្រជុំក្នុងក្របខណ្ឌក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
ដឹកនាំការប្រជុំគណៈកម្មការជំនាញនាថ្ងៃទី CAMSOCថ្ងៃទី៣១មីនាឯកឧត្តមវ៉ាត់ ចំរើន
បានជម្រាបជូនដល់គណៈកម្មការសករកតីនិងកីឡា គណៈកម្មកាផ្សព្វផ្សាយ និង ពត៌មាន
គណៈកម្មការវេជ្ជសាស្រ្តកីឡានិងដូពីងដើម្បីឲ្យគណៈកម្មកាជំនាញទាំងនេះធ្វើយន្តការត្រៀម
ឲ្យបានល្អប្រសើរសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ពីថ្ងៃទី៨ដល់១០មេសា ។
ពេលនេះគណៈកម្មការជំនាញទាំងអស់បានយល់ពីតួនាទីភារកិច្ចរបស់ខ្លួនសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ហើយនឹងត្រូវធ្វើរបាយការណ៍ជូនក្រុមប្រឹក្សានេះដើម្បីនឹង
ទទួលបានការគាំទ្របន្ថែមទៀតព្រមទាំងទទួលបានការឯកភាពរួមគ្នាពីបណ្ដាប្រទេសក្នុងតំ
បន់អាស៊ីអាគ្នេយ៍។
បើកាលណាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣បានទទួលការគាំទ្រពេញទំហ៊ឹងនោះបណ្ដាប្រទេសក្នុងតំបន់ទាំងអស់ដែលចូលរួមនោះកម្ពុជានឹងទទួលបានជោគជ័យ ។
ជាមួយគ្នានោះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានបង្ហាញពីការត្រៀមខ្លួនរបស់ក្រុមផ្សព្វផ្សាយ ក្នុងការផលិតការផ្សព្វផ្សាយឲ្យបានល្អជាពិសេសគឺការផលិតការផ្សព្វផ្សាយដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយកដ្ឋមន្ត្រី ហ៊ុន សែន គឺប្រព័ន្ធផ្សព្វផ្សាយជាតិ ទាំងទូរទស្សន៍ ទាំងសារព័ត៌មានទាំងអស់ ទទួលបានសិទ្ធិ និងទទួលបានការលើកទឹកចិត្ត ក្នុងការផ្សព្វផ្សាយ ស៊ីហ្គេម ២០២៣ ទាំងអស់គ្នាឲ្យបានទូលំទូលាយទូទាំងប្រទេស ព្រមទាំងលក់ការផ្សព្វផ្សាយទៅក្រៅប្រទេសបន្ថែមទៀត។
បញ្ហាដែលពិសេសមួយទៀតគឺស៊ីហ្គេម២០២៣របស់កម្ពុជាក៏ជំរុញឲ្យគណៈកម្មការស្ត្រី និងកីឡាផ្តោតការយកចិត្តទុកដាក់យ៉ាងខ្ពស់ក្នុងការគាំទ្រដល់សមភាពយេនឌ័រពោលគឺស្ត្រីត្រូវបានលើកទឹកចិត្តឲ្យចូលរួមប្រកួតស៊ីហ្គេមឆ្នាំ២០២៣។ស្ត្រីត្រូវបានការពារដោយគោលការណ៍ Fair Play ដោយគ្មានការរើសអើងអ្វីទាំងអស់។
ចំពោះផ្នែកវេជ្ជសាស្ត្រនិងកីឡាក៏ជាផ្នែកសំខាន់ដែរនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដើម្បីចូលរួមលើកកម្ពស់ដល់ការថែរក្សាសុខភាពរបស់ប្រតិភូ កីឡាករ កីឡាការិនី និងការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡា«ដូពីង»ដោយនឹងត្រូវ
ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះជនណាដែលប្រើប្រាស់សារធាតុលើកកម្លាំងដែលផ្ទុយពីគោលការណ៍ដូពីងនេះ។
ជាមួយគ្នានោះ វិធានការបង្ការជំងឺកូវីដ-១៩ ក៏ត្រូវបានដាក់ចេញនាពេលនោះដែរ ដើម្បីជាគោលបំណងដ៏ចម្បងឲ្យម្ចាស់ផ្ទះកម្ពុជាទទួលបានការគាំទ្រពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍៕