អាជីវករអ្នកលក់ដូរបន្លែផ្លែឈើ លើមហាវិថីម៉ៅសេទុងប្រមាណ៩៥%ហើយ ដែលបានចូលរួមគោរព ទៅតាមការណែនាំរបស់អាជ្ញាធរ
ភ្នំពេញ៖ ក្រោយពីអាជ្ញាធរខណ្ឌទួលគោកដឹកនាំដោយលោកជា ពិសីជាអភិបាលខណ្ឌ ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ នៅតាមបណ្ដោយមហាវិថីម៉ៅសេទុង(ផ្លូវលេខ២៤៥) ជាច្រើនសប្តាហ៍ជាប់គ្នានេះ ឃើញថា បងប្អូនប្រជាពលរដ្ឋពិសេស បងប្អូនអាជីវករអ្នកលក់ដូរបន្លែផ្លែឈើ ប្រមាណ៩៥%ហើយ ដែលបានចូលរួមគោរពទៅតាមការណែនាំរបស់អាជ្ញាធរខណ្ឌ គោលគឺនៅសល់ បងប្អូនប្រជាពលរដ្ឋប្រមាណ៥គ្រួសារប៉ុណ្ណោះ ដែលពួកគាត់មិនទាន់បានអនុវត្តន៍អោយបានគ្រប់ជ្រុងជ្រោយទៅតាមអ្វីដែលជាការណែនាំរបស់អាជ្ញាធរខណ្ឌទួលគោក។
លោកកែវ សីម៉ា ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូន, បរិស្ថាន និងអនាម័យ ,សណ្តាប់ធ្នាប់សាធារណៈខណ្ឌទួលគោកបានមានប្រសាសន៍ឲ្យដឹងថា គិតមកដល់ថ្ងៃទី០១ មេសា ឆ្នាំ២០២២នេះ ពោលគឺក្រោយពីអាជ្ញាធរខណ្ឌទួលគោក បានចាប់ផ្តើមអនុវត្តការងារទៅតាមការណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញ ជុំវិញការរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយមហាវិថី ម៉ៅសេទុង ចាប់ពីផ្លូវសហព័ន្ធរុស្ស៊ី (ស្ពានអាកាស៥មករា ) រហូតមកដល់មហោស្របចេនឡា ជាច្រើនសប្តាហ៍ជាប់គ្នានេះ ឃើញថា សកម្មភាពនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ អាជីវករប្រមាណជា ៩៥ភាគរយហើយ ដែលបានចូលរួមអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរខណ្ឌទួលគោក ពោលគឺនៅសល់តែប្រជាពលរដ្ឋប្រមាណ៥គ្រួសារប៉ុណ្ណោះដែលពួកគាត់នៅពុំទាន់អនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយទៅតាមការណែនាំរបស់អាជ្ញាធរ ។
ជុំវិញបញ្ហានេះលោក កែវ សីម៉ា បានបញ្ជាក់បន្ថែមថា ចំណោះ ការងារដែលនៅសេសសល់ខាងលើ អាជ្ញាធរខណ្ឌទួលគោក ក្រោមការដឹកនាំពីលោកជា ពិសី ជាអភិបាលខណ្ឌនិងចាត់វិធានការបន្តទៀតសំដៅធ្វើយ៉ាងណា បើកមហាវិថីម៉ៅសេទុងឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ ជៀសវាងអោយបាននូវការកកស្ទះចរាចរណ៍ដោយសារតែបងប្អូនប្រជាពលរដ្ឋអាជីវករលក់បន្លែផ្លែឈើមួយចំនួនយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងសណ្ដាប់ធ្នាប់សាធារណៈ កកស្ទះចរាចរណ៍និងធ្វើឲ្យបាត់បង់សោភណ្ឌភាពរាជធានីភ្នំពេញផងដែរ។
គួរបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃទី ០៤ខែមិនាឆ្នាំ២០២៣ នៅសាលាខណ្ឌគោកក្រោមវត្តមានលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ,លោកជា ពិសីអភិបាលខណ្ឌទួលគោក ,លោកស្នងការរងនគរបាលរាជធានីភ្នំពេញ ,មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌទួលគោកនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតនោះអាជ្ញាធររាជធានីភ្នំពេញបានធ្វើការណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈលើបណ្តោយផ្លូវខាងលើនេះឲ្យបានល្អប្រសើរ ដោយត្រូវអនុវត្តចាប់ពីយប់ថ្ងៃ០៤ មិនានេះតទៅ ជាមួយនិងការបែងចែកក្រុមការងារជា២ក្រុម ១ក្រុម ឬ២វេន ពោលគឺក្រុមទី១ ចាប់ផ្តើមអនុវត្តពីម៉ោង០៩យប់រហូតដល់ម៉ោង២ទៀបភ្លឺ និក្រុមទី២ ចាប់ផ្ដើមអនុវត្តចាប់ពីម៉ោង០២ទៀបភ្លឺ រហូតដល់ម៉ោង០៧ព្រឹក៕