ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងរ៉ែ ទទួលស្គាល់ថា មន្ដ្រីរបស់ខ្លួន ពិតជាបានលួចលុយអង្គភាព ជាង៥០ម៉ឺនដុល្លារ

369

 

ភ្នំពេញ៖ តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ ក្រសួងរ៉ែ និងថាមពល បានទទួលស្គាល់ថា មន្ដ្រីរបស់ខ្លួនដែលមានតួនាទីជា អនុប្រធានការិយាល័យគ្រប់គ្រងចំណូល ពិតជាបានលួចលុយរបស់អង្គភាពប្រាកដមែន។

ក្រសួងរ៉ែ និងថាមពល បានអះអាងថា បន្ទាប់ពីបានដឹងនូវអំពើខាងលើ ប្រធានអង្គភាពបានរៀបចំផ្ទៀងផ្ទាត់បញ្ជីបឋមហើយឃើញថា ថវិកាដែលបានបាត់បង់ជាប្រាក់ដុល្លារ មានចំនួន១៦០,២៣៧.៩២ (មួយរយហុកសិបពាន់ ពីររយសាមសិប ប្រាំពីរ និងកៅសិបពីរសេន) ដុល្លារអាមេរិក និងប្រាក់រៀលចំនួន១,៤៣១,២៨៤,៥៩៧.៨០ (មួយពាន់បួនរយ សាមសិបមួយលាន ពីររយប៉ែតសិបបួនពាន់ ប្រាំរយកៅសិបប្រាំពីរ និងប៉ែតសិបសេន) រៀល ដែលក្នុងនោះជាខ្ទង់ថវិកាប្រាក់រង្វាន់បានមកពី ចំណូលសេវាសាធារណៈរបស់ក្រសួងរ៉ែ និងថាមពល តាមប្រកាសអន្តរក្រសួង។

ថវិកាទាំងអស់នេះ សម្រាប់បើកជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់របស់ក្រសួងរ៉ែនិងថាមពល និងប្រាក់ពង្រឹងយន្តការ ដែលថ្នាក់ដឹកនាំទាំងអស់របស់ក្រសួង បានចូលរួមសន្សំចាប់តាំងពីឆ្នាំ២០១៧ មកសម្រាប់ដោះស្រាយការងារទូទៅរបស់ក្រសួងលើមុខការផ្សេងៗ របស់ក្រសួងដែលគ្មានថវិការដ្ឋសម្រាប់ចំណាយ។ ថវិកាសរុបដែល បាត់បង់ខាងលើនេះពុំមែនជាថវិកាសម្រាប់បង់ចូលថវិការដ្ឋទេ។

សូមរំលឹកថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានឃាត់ខ្លួនស្ត្រីម្នាក់ ដែលមានតំណែងជាអនុប្រធានគ្រប់គ្រងចំណូលក្រសួងរ៉ែ និងថាមពល ពាក់ព័ន្ធនឹងករណីលួចប្រាក់ចេញពីទូដែកក្រសួងរ៉ែ និងថាមពល ជាង៥០ម៉ឺនដុល្លារ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះមានឈ្មោះ ជិន លក្ខិណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិ សញ្ជាតិខ្មៃរ មុខរបរ អនុប្រធានក្រគ្រប់គ្រងចំណូល(ក្រសួងរ៉ែ និងថាមពល) ស្នាក់នៅផ្ទះលេខ២៥Eo ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង