ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបឯកឧត្ដមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា
ភ្នំពេញ៖ នៅរសៀលថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប ឯកឧត្ដម W.Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដេីម្បីពិភាក្សាការងារនៅទីស្តីការក្រសួង ។
គោលបំណងនៃជំនួបពិភាក្សា បានផ្តោតការយកចិត្តទុកដាក់ទៅលេីកិច្ចទំនាក់ទំនងពង្រឹងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្មវិធីជំនួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID Program ចំពោះកម្ពុជា និងតួនាទីកម្ពុជាជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ នេះ ។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និងលេីកឡេីងពីទំនាក់ទំនង និងការផ្តល់ជំនួយអភិវឌ្ឍនានារបស់សហរដ្ឋអាមេរិកមកកម្ពុជា តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID ) ។ ទាក់ទងនឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបញ្ជាក់ថា ជាវិស័យទេីបបញ្ចូលថ្មី នៅក្នុងក្រសួង ដែលមានសារ:សំខាន់ ហេីយកម្ពុជាត្រូវការកិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកទេសដេីម្បីពង្រឹង និងអភិវឌ្ឍវិស័យនេះ ឲ្យមានការរីកម្រេីនទាន់និន្នាកាពិភពលោក ជាពិសេសគឺការបណ្តុះបណ្តាល និងបំពាក់ឧបករណ៍បច្ចេកវិទ្យា ដេីម្បីបញ្ជ្រាបចំណេះដឹង វិស័យ វិទ្យាសាស្ត្រនិង បច្ចេកវិទ្យា ទាំងសិស្សានុសិស្សនិងមន្ត្រីបច្ចេកទេស ។ ការងារនេះទៀតសោត ក្រសួងក៏ទេីបតែចុះហត្ថលេខាជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ស្តីពីស្តីពីជំនួយឥតសំណងរបស់ឥណ្ឌាសម្រាប់ការអនុវត្តគម្រោងទទួលផលរហ័ស (QIP) ក្នុងការពង្រឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅខេត្តកំពត ប្រទេសកម្ពុជាផងដែរ ។
ទាក់ទងនឹងតួនាទីកម្ពុជា ជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២២ នេះ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ពីដំណោះស្រាយបញ្ហានៅភូមា ហេីយឯកឧត្តម W.Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានជូនពរឲ្យការដឹកនាំរបស់កម្ពុជា ជាប្រធានប្តូរវេនអាស៊ានទទួលបានជោគជ័យ សម្រាប់វិបុលភាពក្នុងតំបន់អាស៊ាន និងផលប្រយោជន៍ជាសាកល ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានផ្តល់តម្លៃខ្ពស់ទៅលេីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលសហរដ្ឋអាមេរិកបានយកចិត្តទុកដាក់ ហេីយក៏មានកញ្ចប់ថវិកាសម្រាប់ជំនួយលេីវិស័យនេះផងដែរ និងសង្ឃឹមថា នៅពេលខាងមុខនេះ ដៃគូទាំងពីរ នឹងឈានដល់ការចុះអនុស្សារណ:យោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការ និងពង្រឹងការអភិវឌ្ឍន៍លេីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រកបដោយលទ្ធផលផ្លែផ្កា ។