ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាល្លឺម៉ង់ និងបារាំង បណ្តេញបុគ្គលិកស្ថានទូតរុស្ស៊ី ជាច្រើនរូប

72

 

បែរឡាំង ៖ ក្រសួងការបរទេសរបស់ប្រទេសអាល្លឺម៉ង់ បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការបណ្តេញមន្រ្តី, បុគ្គលិកនៃស្ថានទូតរុស្ស៊ីប្រចាំទីក្រុងបែរឡាំងចំនួន៤០រូប។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២។

ក្រសួងការបរទេសអាល្លឺម៉ង់បានឲ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះ ថា «ការសម្រេចរបស់រដ្ឋាភិបាលសហព័ន្ធ ក្នុងការដកបុគ្គលិកទូតរុស្ស៊ី ចេញពីប្រទេសនាពេលនេះគឺក្រោមហេតុលផលថា អ្នកទាំងនោះ កំពុងធ្វើកិច្ចការមួយចំនួនដែល ប្រឆាំងចំពោះសេរីភាពនិងសង្គម របស់យើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្រសួងក៏បានជូនដំណឹងនេះ ទៅកាន់ឯកអគ្គរដ្ឋទូតរុស្ស៊ីរួចហើយដែរ», «យើងនឹងពង្រឹងការដាក់ទណ្ឌកម្មថែមទៀតប្រឆាំងនឹងប្រទេសរុស្ស៊ី ហើយនឹងពង្រីកកម្លាំងគាំទ្ររបស់យើងដល់អ៊ុយក្រែន ក៏ដូចជាពង្រឹងផ្នែកខាងកើតរបស់NATO»។

ដោយឡែក កាសែតអាល្លឺម៉ង់ ដឺ ប៊ីល (The Bild) បានរាយការណ៍ថា បុគ្គលិកនៃស្ថានទូតរុស្ស៊ីដែលត្រូវបានកំណត់ក្នុងបណ្តេញចេញនៅពេលនេះ គឺត្រូវបានចោទប្រកាន់ថា ពួកគេបានធ្វើការស៊ើបការណ៍ សម្ងាត់ឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ ហើយចំនួនអាចនឹងមានរហូតដល់១០០នាក់ ខណៈដែលមុនពេលមានសេចក្តីប្រកាសរបស់ក្រសួងមនុស្សជាង២០០០នាក់ ត្រូវបានសើបអង្កេតជុំវិញការចោទប្រកាន់ពីការផ្តល់ព័ត៌មានសម្ងាត់។

គួរបញ្ជាក់ថា សេចក្តីថ្លែងកាណ៍របស់ ក្រសួងការបរទេសអាល្លឺម៉ង់នៅពេលនេះ ធ្វើឡើងបន្ទាប់ពីបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប កាលពីចុងខែមីនាកន្លងទៅ បានប្រកាសថាពួកគេកំពុងពិចារណាបណ្តេញ មន្រ្តីកាទូតរុស្ស៊ីផងដែរ ដើម្បីឆ្លើយតបនឹងប្រតិបត្តិការ របស់ទីក្រុងមូស្គូលើទឹកដីអ៊ុយក្រែន ។

ចំណែកប្រទេសបារាំង នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា ខ្លួននឹងបណ្ដេញមន្ត្រីទូតរុស្ស៊ី ៣៥នាក់ចេញពីប្រទេស ជាផ្នែកមួយនៃការចូលរួម ជាមួយបណ្ដាប្រទេសអឺរ៉ុបដទៃទៀត ឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេស បារាំងបានបញ្ជាក់ដូច្នេះថា «បារាំងបានសម្រេចចិត្តនៅល្ងាចនេះ (ថ្ងៃចន្ទ) ថានឹងបណ្ដេញ មន្ត្រីទូតរុស្ស៊ីមួយចំនួនចេញពីប្រទេស ដោយសារតែសកម្មភាពរបស់ពួកគេបានប្រឆាំងនឹងផលប្រយោជន៍សន្តិសុខរបស់យើង»។ ដោយឡែក បើតាមមន្ត្រីមួយរូបនៃក្រសួងការបរទេសបារាំង បានប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាមន្ត្រីទូតរុស្ស៊ី ៣៥នាក់នឹងត្រូវបាន បណ្ដេញចេញពីប្រទេស។

គួរបញ្ជាក់ថា ការសម្រេចចិត្តខាងលើរបស់បារាំង ធ្វើឡើងជាការបង្ហាញ សាមគ្គីភាពជាមួយបណ្ដាប្រទេសអឺរ៉ុបជាច្រើនផ្សេងទៀត ដែលបាន បណ្ដេញមន្ត្រីទូតរុស្ស៊ីចេញពីប្រទេស ចាប់តាំងពីមូស្គូប្រើកម្លាំង យោធាអ៊ុយក្រែនដែលលោកខាងលិចចាត់ទុកថាជាទង្វើឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក៕

អត្ថបទដែលជាប់ទាក់ទង