បាក់រលំអគារសល់ពីសម័យបារាំងនៅតំបន់ Pub Street ស្លាប់ម្នាក់ និងរបួស៤នាក់
សៀមរាប៖ បាក់រលំអគារសល់ពីសម័យបារាំង នៅតំបន់ Pub Street ជិតផ្សារចាស់ ខេត្តសៀមរាប បណ្តាលឲ្យកម្មករដែលធ្វើការក្នុងការដ្ឋានជួសជុលអគារស្លាប់ម្នាក់ និង៤នាក់រងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី១៦ខែកញ្ញានេះ នៅខេត្តសៀមរាប។
ជនរងគ្រោះទាំងនោះរួមមាន៖ ទី១-ឈ្មោះ ឃុំ ពេជ្រ ភេទប្រុស អាយុ១៦ឆ្នាំ បានស្លាប់, ទី២-ឈ្មោះ ម៉ុត រី ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសលើភ្នែកឆ្វេង និងជើងឆ្វេង, ៣-ឈ្មោះ ឌី ស្នា ភេទប្រុស អាយុ២៧ឆ្នាំ រងរបួសស្រាល, ទី៤- ឈ្មោះ សល់ សេក ភេទប្រុស អាយុ ២៧ឆ្នាំ របួសបែកចឹញ្ចើមស្តាំ, ៥-ឈ្មោះ មឺ មេត ភេទប្រុស អាយុ៣០ឆ្នាំ របួសបែកក្បាល និងជង្គង់ឆ្វេង។ អ្នកទាំង៥នាក់ខាងលើ រស់នៅភូមិធ្វាស ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។
នៅម៉ោងជាង១២ រំលងអធ្រាត្រឈានចូល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅតំបន់ Pub Street ជិតផ្សារចាស់ខេត្តសៀមរាប ក្នុងមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីបាក់រលំអគារ ដែលនៅសល់ពីសម័យបារាំង បណ្តាលឱ្យគាបជាប់កម្មករ៥នាក់។ កម្លាំងអាជ្ញាធរ បានព្យាយាមយកឡានស្ទួច និងអេស្កាវ៉ាទ័រ ជួយកាយនឹងទាញយកកម្មករទាំង៥នាក់ ដែលជាប់ក្រោមថ្មចេញ តែទោះជាយ៉ាងណាកម្មករ៤នាក់ បានជួយសង្គ្រោះបាន។ ដោយឡែកម្មករម្នាក់បានស្លាប់ ព្រោះរងរបួសធ្ងន់ធ្ងរពេក។
ហេតុការណ៍នេះ បណ្តាលឲ្យកម្មករស្លាប់ម្នាក់ ហើយត្រូវបានអាជ្ញាធរប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រណី និងកម្មករ៤ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕