ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពិនិត្យ សម្រេចដោះស្រាយបញ្ហាប្រឈម សំណូមពរ និងទិសដៅសកម្មភាពការងារធ្វើបន្ត ដែលលើកឡើង ដោយអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង

38

ភ្នំពេញ៖ នៅថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការមកពីអង្គភាព ក្រោមឱវាទ ដោយផ្តោតជាសំខាន់លើការប្រកាសសុពលភាពមន្ត្រីរាជការទើបតែងតាំង និងការផ្ទេរ ភារកិច្ចថ្មី វឌ្ឍនភាពការងារសំខាន់ៗទាក់ទងនឹងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រសួង ការ ពិនិត្យសម្រេចដោះស្រាយបញ្ហាប្រឈម សំណូមពរ និងទិសដៅសកម្មភាពការងារបន្ត ដែលលើកឡើងដោយអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង។

កិច្ចប្រជុំនេះក៏មានការធ្វើបទបង្ហាញអំពីរបាយការណ៍វឌ្ឍនភាពនៃដំណើរការនៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដោយឯកឧត្តមនាយកវិទ្យាស្ថាន ហឿន សំនៀង បទបង្ហាញពីក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈរបស់ក្រសួងទាក់ទងនឹងការយល់ដឹងអំពីសន្តិសុខបច្ចេកវិទ្យាក្នុងនាមមន្ត្រីសាធារណៈ និងរបាយការណ៍វឌ្ឍនភាពលម្អិតទាក់ទងនឹងការសាងសង់មណ្ឌលផ្តល់សេវាសាធារណៈផងដែរ។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងបានជំរុញ លើកទឹកចិត្តដល់មន្ត្រីដែលទើបបានតែងតាំងថ្មីទាំងអស់ឱ្យខិតខំប្រឹងប្រែងធ្វើការងារឱ្យកាន់តែសកម្ម និង ប្រកបដោយភាពទទួលខុសត្រូវនៅ តាមមុខតំណែងរបស់ខ្លួន ដើម្បីជាផលប្រយោជន៍ដល់ក្រសួង និង ប្រទេសជាតិ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីគម្រោងសម្ពោធបើកដំណើរការជាផ្លូវការមណ្ឌលផ្តល់ សេវាសាធារណៈថ្មី ជាមណ្ឌលទី៦នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីបង្ខិតសេវាឱ្យទៅកៀកនឹងប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងតាមដានពង្រឹងប្រសិទ្ធភាពនិងតម្លាភាពនៃការផ្តល់សេវាឱ្យកាន់តែមានភាពប្រសើរឡើង សង្ក្រាន្តរៀបចំឡើងដោយវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន(TSI)ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងអប់រំបណ្តុះបណ្តាលធនធានមនុស្ស នៅតាមបណ្តាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត តាមស្មារតីនៃសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងទិសដៅការងារឆ្នាំ២០២២ ដែលបានដាក់ចេញកន្លងទៅ និងបានសម្តែងមោទនភាពយ៉ាង ជ្រៅដែលក្រសួងសាធារណការ និងដឹកជញ្ជូន មានវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដ៏ធំមួយ ដើម្បីប្រើប្រាស់ក្នុងការបណ្ដុះបណ្ដាលមន្ត្រី ក៏ដូចជាសិស្ស-និស្សិតពីក្រៅ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វិទ្យាស្ថាន ដែលបានខិតខំប្រឹងប្រែង បង្កើតទំនាក់ទំនងល្អជាមួយនឹងឯកជនជាដៃគូដើម្បីជួយវិទ្យាស្ថាន តាមរយៈការចុះអនុស្សរណៈយោគ យល់ ជាមួយសាកលវិទ្យាល័យក្នុងនិងក្រៅប្រទេស និងស្ថាប័នផ្សេងៗទៀត ដើម្បីពង្រឹងគុណភាពអប់រំ របស់វិទ្យាស្ថានឱ្យកាន់តែមានការរីកចម្រើនថែមទៀត និងបានថ្លែងនូវការកោតសរសើរចំពោះវិទ្យាស្ថាន ដែលបានខិតខំប្រឹងប្រែងធ្វើការងារបណ្ដុះបណ្ដាលមិនត្រឹមតែនិស្សិតពីខាងក្រៅប៉ុណ្ណោះទេ ក៏ប៉ុន្តែថែម ទាំងបានខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលដល់មន្ត្រីជំនាញបច្ចេកទេសរបស់ក្រសួងផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានណែនាំឱ្យគ្រប់អគ្គនាយកដ្ឋានទាំងអស់ពិនិត្យ ឡើងវិញ និងរៀបចំរបៀបរបបធ្វើការ(Process Mapping)ក្នុងអង្គភាពរបស់ខ្លួនឱ្យបានចប់នៅខែឧសភា ឆ្នាំ២០២២ ដើម្បីកាត់បន្ថយដំណើរការនីតិវិធីការងារ ចំណេញពេលវេលា កាត់បន្ថយចំណាយ និងការរាំង ស្ទះនានា ហើយធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំក្រសួង ដើម្បីធ្វើឱ្យប្រសើរឡើងរបៀបរបបធ្វើការ និងឈាន ទៅសម្រេចគោលដៅនៃការសាងសង់ ជួសជុល ថែទាំផ្លូវឱ្យគុណភាពល្អជាងមុន៕

អត្ថបទដែលជាប់ទាក់ទង