ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានទទួលជួប ពិភាក្សាការងារ ជាមួយប្រធានថ្មីនៃអង្គការ HALO Trust ប្រចាំនៅកម្ពុជា
ភ្នំពេញ៖ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅទីស្នាក់អាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យ លោក Miles Hawthorn ប្រធានអង្គការ HALO Trust (ថ្មី) ប្រចាំនៅកម្ពុជា និងលោក Lasha Lomidze អតីតប្រធានអង្គការ HALO Trust ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូរ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជារបស់អង្គការ HALO Trust ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ដីមានសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ឯកឧត្ដម ទេសរដ្ឋមន្រ្តីបានបន្តទៀតថា អង្គការ HALO Trust បានចូលរួមចែករំលែកយ៉ាងច្រើននូវបទពិសោធន៍ ការតាំងចិត្ត ទស្សនវិស័យ និងការណែនាំបច្ចេកទេសដល់ការងាររៀបចំនូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន និងគោលការណ៍ណែនាំផ្សេងៗសម្រាប់ការធ្វើឲ្យប្រសើរវិស័យសកម្មភាពមីននៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការតាំងចិត្តយ៉ាងមុះមុតក្នុងការបញ្ចប់ការគម្រាមកំហែងដោយសារមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ និងបានអំពាវនាវឲ្យមានការចូលរួមបន្ថែមពីដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងសប្បុរសជន ក៏ដូចជាវិស័យឯកជនផងដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩១ អង្គការ HALO Trust Cambodia បានបោសសម្អាតលើផ្ទៃដីរងប៉ះពាល់ដោយសារមីន និងយុទ្ធភ័ណ្ឌទាន់ផ្ទុះប្រមាណ ៤២៥ គីឡូម៉ែត្រក្រឡា រកឃើញនិងកម្ទេចចោលនូវគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ៥២៧.០០០ គ្រាប់ ព្រមទាំងបានផ្តល់ដីមានសុវត្ថិភាពដល់ប្រជាពលរដ្ឋជាង ១លាននាក់។ អង្គការ HALO Trust មានបុគ្គលិកជនជាតិខ្មែរចំនួន ១.១៣០ នាក់ ក្នុងនោះ ៤០% ជាស្រ្តី។