ថ្ងៃស្អែកនេះ ក្រុមហ៊ុនធំៗ ១៨ នឹងផ្តល់ឱកាសការងារ ជាង៣ពាន់កន្លែង ក្នុងវេទិកាការងាររបស់ NEA
ភ្នំពេញ៖ ឱកាសការងារចំនួន ៣២១៦ កន្លែង ក្នុងមុខជំនាញផ្សេងៗគ្នាជាច្រើន នឹងត្រូវបានផ្តល់ជូនពីក្រុមហ៊ុនធំៗចំនួន១៨ នៅក្នុងវេទិកាការងារ ដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងសហភាព សហព័ន្ធយុវជនកម្ពុជា នាថ្ងៃស្អែកនេះ ចាប់ពីម៉ោង ៨:០០រសៀល ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំពោះសិស្សនិស្សិត និងអ្នកកំពុងតែស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារអាចយក ប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ ជាមួយអ្នកតំណាងក្រុមហ៊ុនទាំងនោះបានភ្លាមៗក្នុងថ្ងៃតែមួយតែម្តង។
ក្រុមហ៊ុនធំៗទាំង១៨ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់NEA នោះរួមមាន៖ ធនាគារកាណាឌីយ៉ា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី , ក្រុមហ៊ុន EMD (F&B) Co.,ltd, GGear Group Co., Ltd, Kim Mex Construction and Investment Co., LTD, ក្រុមហ៊ុន CHIP MONG GROUP, TH GROUP, PHNOM PENH HOTEL, ម៉ាស្ទ័រ ស៊ុគីស៊ុប, DEWHIRST EST.1880, DENSO (CAMBODIA) CO., LTD , BIMA, LOPFORM, KK FUND LEASING PLC, ក្រុមហ៊ុនជប៉ុន Sumi (Cambodia) Wiring System CO.LTD, ក្រុមហ៊ុនជប៉ុន Minebea Mitsumi, CC-REALTY។
គួរបញ្ជាក់ផងដែរថា រាល់ពេលនៃការរៀបចំវេទិកាការងារ ឬកិច្ចសម្ភាសន៍ការងារ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តែងតែអនុវត្តន៍យ៉ាងម៉ត់ចត់នូវវិធានការណ៍សុវត្ថិភាព ស្របតាម ការណែនាំរបស់ក្រសួងសុខាភិបាលគឺ ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ ការឆ្លង និងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានា បាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាស ការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ៕