ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ កោតសរសើរ អភិបាលរាជធានីភ្នំពេញ ដែលបានខិតខំអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងបានយ៉ាងល្អប្រសើរ

32

 

ភ្នំពេញ៖ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានកោតសរសើរអភិបាលរាជធានីភ្នំពេញដែលបានខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីបានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យទីក្រុងនេះមានសោភ័ណភាព ស្រស់ស្អាតកាន់តែស៊ីវិល័យ។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា រាជរដ្ឋាភិបាល និងឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានខិតខំកសាងសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីអភិវឌ្ឍកែលម្អសោភ័ណភាពនៅរាជធានីភ្នំពេញ កាន់តែស្រស់ស្អាត និងបំរើសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ។

ក្រៅពីនេះឯកឧត្តមប្រធានបានបញ្ជាក់ទៀតថា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ការពារសន្តិសុខសណ្តាប់ធ្នាប់នៅរាជធានីភ្នំពេញបានល្អប្រសើរ ព្រមទំាងបានទប់ស្កាត់ អ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន​នៅក្នុងទីលានចាក់សំរាមដង្កោ បាន១០០ភាគរយ។

នៅក្នុងឱកាសនោះដែរ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចូលរួមពង្រឹងវិធានការទប់ស្កាត់ និងកាត់បន្ថយបទល្មើសនានា រួមទាំងចុះត្រួតពិនិត្យទីតាំងទទួលទិញ លក់ បញ្ចាំយានយន្តគ្រប់ប្រភេទ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះ។
ស្នើឱ្យពង្រីកការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ដូចជាខិតបណ្ណដែលទាក់ទងនឹងការផលិត រក្សាទុក ចរាចរ ចែកចាយជួញដូរគ្រឿងញៀន ។

បន្ថែមពីនេះទៀតក៏បានសំណូមពរឱ្យមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ ជួយជំរុញការជីកអណ្តូងស្នប់ឱ្យបានតាមផែនការ ព្រោះរដូវប្រាំងបានមកដល់ហើយ សម្រាប់អ្នកនៅខណ្ឌជាយក្រុង ដែលទឹកស្អាតមិនទាន់ទៅដល់ ដើម្បីឱ្យពួកគាត់មានទឹក ប្រើប្រាស់គ្រប់គ្រាន់ក្នុងជីវភាពប្រចាំថ្ងៃ។

លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួងស្រេង អភិបាលរាធានីភ្នំពេញ បានថ្លែងថា ការកោតសរសើរពីកិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋបាលរាធានីភ្នំពេញពីប្រធានក្រុមប្រឹក្សារាធានី នាពេលនេះ គឺជាការលើកទឹកចិត្តបន្ថែមទៀត ដល់រដ្ឋបាលរាជធានីភ្នំពេញក្នុងការ បំពេញការងារឱ្យកាន់ តែល្អបន្ថែមទៀត ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនានា ដែលបំរើដល់សេចក្តីត្រូវ​ការរបស់ប្រជាពលរដ្ឋ និងការលើកកម្ពស់សោភ័ណភាព ទីក្រុងឱ្យកាន់តែស្រស់ស្អាត។
លោកអភិបាលរងបានបញ្ជាក់ថា មន្រ្តី ជំនាញពាក់ព័ន្ធនៃ រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តដោះស្រាយរាល់សំណើនានាដែលបានលើកពាក់ព័ន្ធ នឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការទប់ស្កាត់គ្រឿងញៀន និងការដោះស្រាយបញ្ហាជីកអណ្តូងទឹកប្រើ ប្រាស់សម្រាប់ប្រជាពលរដ្ឋនៅ តំបន់ជាយក្រុងឱ្យបានទាន់ពេលវេលា ដើម្បីបំពេញតម្រូវ ការឆ្លើយតបក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរល្អប្រសើរឡើង។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ អាណត្តិទី៣បានពិនិត្យ និងអនុម័តការងារមួយ ចំនួនរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងឆមាសទី១ ឆ្នាំ២០២២រួមមាន ការគ្រប់គ្រងរដ្ឋបាលរាជធានីភ្នំពេញ ការងាររដ្ឋបាលខណ្ឌសង្កាត់ ការងាររបស់មន្ទីរអង្គភាពជំនាញ បញ្ហាប្រឈមដំណោះស្រាយ និងការងារទិសដៅបន្ទាប់៕

 

អត្ថបទដែលជាប់ទាក់ទង