ទេសរដ្ឋមន្រ្តី លី ធុជ ៖ កម្ពុជាស្វាគមន៍ ចំពោះការចូលរួមពីគ្រប់ភាគី និងគ្រប់ផ្នែកទាំងអស់ ក្នុងការឧបត្ថម្ភគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ឆ្ពោះទៅរកម្ពុជាមួ យគ្មានមីនឆ្នាំ២០២៥
ភ្នំពេញ៖លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា កម្ពុជា ស្វាគមន៍ចំពោះការចូលរួមពីគ្រប់ភាគី និងគ្រប់ផ្នែកទាំងអស់ ក្នុងការឧបត្ថម្ភគាំទ្រដល់ការងារ បោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ឆ្ពោះទៅរកម្ពុជាមួយគ្មានមីនឆ្នាំ២០២៥។
នេះជាការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី កាលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅទីស្នាក់អាជ្ញាធរមីន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងក្រុមហ៊ុន VIRTUS MEDIA PTE LTD (សារព័ត៌មាន Khmer Times) លើភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការចូលរួមសកម្មភាពមីននៅកម្ពុជា ក្នុងនោះក៏មានការចូលរួមផងដែរដល់ការលើកកម្ពស់ និងបង្កើនការផ្សព្វផ្សាយអំពីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាទាំងក្នុង និងក្រៅប្រទេស និងការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ក្រោមការងារសម្របសម្រួលរបស់អាជ្ញាធរមីន។
ពិធីចុះហត្ថលេខានេះ មានការអញ្ចើញចូលរួមពីលោកឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មនិងធុរកិច្ចម៉ាឡេស៊ីប្រចាំនៅកម្ពុជា (MBCC) និងបុគ្គលិក Khmer Times ។
លោក Mohan Bandam ប្រធានសារព័ត៌មាន Khmer Times និងជាអនុប្រធាន MBCC ដែលជាអ្នកចុះហត្ថលេខានាថ្ងៃនេះ បានគូសបញ្ជាក់ថា “យើងមិនត្រូវគិតថា យើងមកពីណាទេ ប៉ុន្តែអ្វីដែលសំខាន់ យើងត្រូវគិតថា តើយើងអាចធ្វើអ្វីបានខ្លះក្នុងការចូលរួមឲ្យកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥”។
លោកបន្តទៀតថា លោកបានមករស់នៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៣ និងបានឃើញយ៉ាង ច្បាស់អំពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដល់ការងារបោសស ម្អាតមីននៅកម្ពុជា ព្រមទាំងមានការចូលរួមគាំទ្រយ៉ាងច្រើនពីដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយ ជាពិសេសថ្មីៗនេះ មានការចូលរួមពីវិស័យឯកជន និងសប្បុរសជនទៀតផង។ Khmer Times និង MBCC នឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដល់ការងារមនុស្សធម៌នេះ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា “កម្ពុជាសូមស្វាគមន៍ចំពោះការចូលរួមពីគ្រប់ភាគី និងគ្រប់ផ្នែកទាំងអស់ ក្នុងការឧបត្ថម្ភគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ឆ្ពោះទៅរកម្ពុជាមួយគ្មានមីនឆ្នាំ២០២៥ ពីព្រោះការងារបោសសម្អាតមីន គឺជាបេសកកម្មរួមរបស់យើងទាំងអស់គ្នា ហើយនៅពេលបេសកកម្មរបស់យើងបានបញ្ចប់ជាមួយគ្នា ថ្ងៃថ្មីនឹងមកដល់ វានឹងក្លាយជាថ្ងៃមួយផ្តល់សុខសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ដោយសារមីន/គ្រាប់ ជាពិសេសការរកស៊ី និងការវិនិយោគនានារបស់វិស័យឯកជននឹងទទួលបានសុវត្ថិភាពខ្ពស់។
លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ Khmer Times និង MBCC ដឹកនាំដោយលោក លោក Mohan Bandam ដែលបានបង្ហាញគោលបំណង ទឹកចិត្តសប្បុរស និងការតាំងចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីន គាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា និងបានធ្វើឱ្យកាន់តែមានសុវត្ថិភាពបន្ថែមទៀតដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងត្រូវបានគំរាមកំហែងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៕ សំរិត