អគ្គមេបញ្ជាការ អនុញ្ញាតិឲ្យនាយការិយាល័យ អនុព័ន្ធយោធាចិន ទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសមនិងបង្ហាញមុខ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ មេសានេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យវរសេនីយ៍ឯកពិសេស ថាំង ហាវ ប្រធានការិយាល័យអនុព័ន្ធយោធាចិន ដែលទើបតែងតាំងថ្មី ចូលជួបសម្ដែងការគួរសម និងបង្ហាញមុខ នៅអគ្គបញ្ជាការដ្ឋាន។
នៅក្នុងឱកាសនោះ វរសេនីយ៍ឯកពិសេស ថាំង ហាវ បានថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសមនាពេលនេះ ព្រមទាំងបានលើកបង្ហាញពីចំណងទាក់ទងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរដែលមានជាយូរលង់ហើយ។
វរសេនីយ៍ឯកពិសេស ថាំង ហាវ បញ្ជាក់ថា ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ លោកនឹងខិតខំអស់ពីលទ្ធភាព ដើម្បីបន្តពូនជ្រុំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឲ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការស្វាគមន៍ចំពោះវរសេនីយ៍ឯកពិសេស ថាំង ហាវ ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ហើយតាមរយៈបេសកកម្មនេះកងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកចំណងទាក់ទងមិត្តភាព កិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតថែមទៀត។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាក់ថា ក្រោមការបង្ហាញផ្លូវរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ចំណងមិត្តភាពជាប្រពៃណី កម្ពុជា-ចិន ត្រូវបានពង្រឹងពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបមិនអាចបំបែកបាន។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីភាពជោគជ័យរបស់កម្ពុជាលើការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលកត្តាជោគជ័យនេះបានដោយមានការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល, ការចូលរួមពីមន្ត្រីរាជការ ប្រជាពលរដ្ឋ និងការជួយឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសជាមិត្ត រួមនឹងអង្គការសុខភាពពិភពលោកផងដែរ។
លើកិច្ចសហការរវាងកងទ័ពប្រទេសទាំងពីរ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់កងទ័ពរំដោះប្រជាជនចិន ដែលកន្លងមកក៏ដូចជាបច្ចុប្បន្នតែងបានឧបត្ថម្ភគាំទ្រធំធេងដល់កងយោធពលខេមរភូមិន្ទ ពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស។
នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការសង្ឃឹមថា ក្រោយស្ថានការណ៍ជំងឺកូវីដ-១៩បានធូរស្រាល ប្រទេសទាំងពីរនឹងបន្តធ្វើលំហាត់នាគមាសរួមគ្នាឡើងវិញ និងបានស្នើដល់កងទ័ពរំដោះប្រជាជនចិនជួយដល់កងយោធពលខេមរភូមិន្ទ លើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកសាងធនធានមនុស្សបន្តទៀត៕