ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សម្នាក់ស្លាប់ និងបួននាក់ផ្សេងទៀតបានរងរបួស ដោយសាររលំបាក់អគារជំនាន់បារាំងនៅតំបន់ផប់ស្ទ្រីត ក្នុងក្រុងសៀមរាប

74


មន្ទីរព័ត៌មានខេត្តសៀមរាប បានផ្សព្វផ្សាយថា លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប មានប្រសាសន៍ថា អគារសំណង់សម័យអាណានិគមបារាំង កំពុងជួសជុល មានបណ្តោយ ប្រហែល ១៦ម៉ែត្រ , ទទឹង៥ម៉ែត្រ និង មានកម្ពស់២ជាន់ ដែលស្ថិតនៅក្នុងតំបន់ផប់ស្ទ្រីត បានរលំបាក់ទាំងស្រុង កាលពីវេលាម៉ោង០០និង៤៥នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០១៨នេះ នៅចំណុចហាង ស៊ុបនាគ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបួននាក់ផ្សេងទៀតបានរងរបួស និង ខូចខាតម៉ូតូចំនួន៣គ្រឿង ជារបស់កម្មករសំណង់ ។

លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង មានប្រសាសន៍ទៀតថា ជនរងគ្រោះទាំង៥នាក់នោះរស់នៅភូមិធ្វាស ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ក្នុងនោះរួមមាន : ទី១. ឈ្មោះ ម៉ុត រី ភេទប្រុស អាយុ១៨ឆ្នាំ រងរបួស លើភ្នែកឆ្វេងនិងជើងឆ្វេង , ទី២. ឈ្មោះ ឌី ស្នា ភេទប្រុស អាយុ២៧ឆ្នាំ រងរបួសត្រង់មាត់តិចតួច , ទី៣. ឈ្មោះ សល់ សេក ភេទប្រុស អាយុ២៧ ឆ្នាំ របួសបែកចិញ្ចើមខាងស្តាំ , ទី៤.ឈ្មោះ មឺ មេត ភេទ ប្រុស អាយុ៣០ឆ្នាំ របួសបែកក្បាលនិងជង្គង់ឆ្វេង និង ទី៥. ឈ្មោះ ឃុំ ពេជ្រ ភេទប្រុស អាយុ១៦ឆ្នាំ បានស្លាប់បាត់បង់ជីវិត ។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសូរិយោដីខេត្តសៀមរាប បានឲ្យដឹងថា ករណីនេះខាងលោកកំពុងចុះទៅពិនិត្យមើល ខណៈទីតាំងនោះគឺផ្ទះចាស់នៅសល់ពីជំនាន់បារាំង ហើយការជួសជុលសំណង់នេះគឺខាងជំនាញរបស់លោកអត់បានដឹងនោះទេ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ទីតាំងសំណង់អគារខាងលើនេះមានម្ចាស់ឈ្មោះ លី គង់ស៊្រុន បើកជាហាងស៊ុប និងអាហារបរទេស យីហោ ស៊ុបនាគ ហើយមុនកើត ហេតុរលំបាក់នេះ ម្ចាស់អាគារបានរៀបចំជួសជុលជាថ្មី ហើយបានដំណើរការជួសជុលប្រហែលជិត១៥ថ្ងៃ ហើយ ។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់នៅកន្លែងកើតហេតុថា អគារនោះបាក់ គឺមកពីមេជាងធ្វើខុសបច្ចេកទេស ព្រោះកាលណាធ្វើផ្ទះត្រូវបុកគ្រឹះ ហើយចាក់ធ្នឹម ទើបអាចចាក់ប្លង់សេឡើងលើបាន ប៉ុន្តែប្រហែលមេជាងនេះ គិតថា ម្ចាស់ហាងស៊ុបនាគ បានចាក់គ្រឺះពីមុនហើយ បានជានាំកម្មករទាំងអស់ដែលមានគ្នាប្រហែលជាង៣០នាក់ ដំណើរការសាងសង់ ។ប្រភពបានបន្តថាការសាងសង់ខុសបច្ចេកទេសនេះ គឺបណ្តាលមកពីមេជាង មើលការខុសត្រូវមិនបានដិតដល់ ។

មេជាងសំណង់ឈ្មេាះ ជា ភេទប្រុស អាយុប្រហែល៤០ឆ្នាំ រស់នៅក្នុងស្រុកពួក ខេត្តសៀមរាប ត្រូវបានធានាសងសំណងជមឺ្ងចិត្តចំនួន៣.៥០០ដុល្លារអាម៉េរិក ទៅលេីសាកសព និងអ្នករងរបួស ខាងក្រុមគ្រួសារទាមទារសំណងចំនួន ៣.០០០ដុល្លារអាម៉េរិកក្នុងម្នាក់ ប៉ុន្តែនៅពេលនេះ កំពុងតែងធ្វើការសម្របសម្រួល ។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យម្តាយឈ្មោះ ជួន ឡប ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរធ្វើស្រែ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះទាំង៤នាក់ ដែលត្រូវរបួសធ្ងន់ កំពុងស្ថិតនៅសម្រាកក្នុងមន្ទីរពេទ្យឯកជនស៊ឹងរិទ្ធីរ៉េត ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ៕

អត្ថបទដែលជាប់ទាក់ទង