លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូន ដល់ប្រទេសជាតិ នៅលើខ្នងភ្នំគូលែន សៀមរាប
សៀមរាប ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ នៅលើខ្នងភ្នំគូលែន នាព្រឹក ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេស សូមឲ្យប្រទេសជាតិរួចផុតពី ជម្ងឺដង្កាត់ គ្រោះកាចចង្រៃ ជៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរណ៍សប្បាយតរៀងទៅ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានណែនាំឲ្យប្រជាពលរដ្ឋត្រូវចេះថែរក្សាបរិស្ថាន និងអនាម័យល្អនៅតំបន់បុរាណសាស្រ្ត ដើម្បីជាកត្តាទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាតំបន់នេះ និងបានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវគោរព តាមវិធានការណ៍របស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ហើយត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ចាប់ពីដូសទី១ និងដូសជម្រុញ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បាននាំយកថវិការបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋ រួមមាន ៖ កងកម្លាំងទាំង៣ប្រភេទ បុគ្គលិកអាជ្ញាធរអប្សារា អ្នកអនាម័យ មន្ត្រីឧទ្យាននុរក្ស សរុបចំនួន ៥២១គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា ៤ម៉ឺនរៀល និងបានប្រគេនព្រះសង្ឃ នូវបច្ច័យចំនួន ២.០០០$ សម្រាប់ការកសាង ៕ . សំរិត