ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ ប្រាប់គណគ្រប់គ្រង មជ្ឈមណ្ឌលជាតិ ឱ្យដឹកនាំ និងពង្រឹងឯកភាពផ្ទៃក្នុង ដេីម្បីការផ្តល់សេវា ប្រកបដោយប្រសិទ្ធភាពនិងភាពជឿជាក់

60

ខេត្តព្រះសីហនុ​:​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​មានប្រសាសន៍ណែនាំបែបនេះក្នុងឱកាសអញ្ជេីញបិទពិធីបណ្តុះបណ្តាលស្តីពីការព្យាបាល​និងស្តារនីតិសម្បទា​អ្នកញៀនគ្រឿងញៀន​ដោយផ្អែកលេីសហគមន៍សម្រាប់មន្រ្តីបម្រេីការងារនៅមជ្ឈមណ្ឌលជាតិ​ព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្មគ្រ័ចិត្តនិងផ្អែកលេីសហគមន៍និងប្រគល់វិញ្ញាបនបត្រ​ជូនសិក្ខាកាមដែលបានបញ្ចប់ការសិក្សាចំនួន៥១រូប​ នាល្ងាចថ្ងៃទី៧​ ខែមេសា​ ឆ្នាំ​២០២២នេះ​ ក្រោមវត្តមានចូលរួមពីតំណាងក្រសួង​ ស្ថាប័ន​ អង្គភាពពាក់ព័ន្ធ។

ឧត្តមសេនីយ៍ទោ​ លឹម​ តុងហួត​ ប្រធាននាយកដ្ឋាននីតិកម្ម​ អប់រំ​ និងស្តារនីតិសម្បទា​ បានធ្វេីការរាយការណ៍ពីលទ្ធផលនៃការបណ្តុះបណ្តាលថាពិតជាបានផ្ទេរចំណេះដឹងបទពិសោធន៍ដល់មន្រ្តីយេីងយ៉ាងពិតប្រាកដនិងមានប្រសិទ្ធភាពតាមរយ:ការវាស់ស្ទង់ចំណេះដឹងរបស់សិក្ខាកាមមុនវគ្គនិងក្រោយវគ្គសិក្សា​ ១-មុនវគ្គខ្សោយ​ ៨នាក់​ មធ្យម១៣នាក់​ ល្អបង្គួរ​២០នាក់​ ល្អណាស់១០នាក់​ ២-ក្រោយ​វគ្គ០នាក់​ មធ្យម០នាក់​ ល្អបង្គួរ៦នាក់​ ល្អណាស់​៤៥នាក់។

ថ្លែង​ក្នុងនាមឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ ប្រធាន​ នាឱកាសនោះ​ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​បានមានប្រសាសន៍ដោយថ្លែងអំណរគុណនិងកោតសសេីរដល់ក្រសួងសុខាភិបាល​ ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងអ្នកពាក់ព័ន្ធដែលបានខិតខំបណ្តុះបណ្តាលផ្ទេរចំណេះដឹងដល់សិក្ខាកាមទាំងអស់ប្រកបដោយគុណភាព​ ប្រសិទ្ធភាព។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានបន្ថែមទៀតថា​ ខណៈកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក​បាន និងកំពុងទទួលរងនូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ស្ថានភាព​នៃការកែច្នៃ​ ផលិត ការ​ចរាចរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ពុំមានការថយចុះនោះទេ ផ្ទុយទៅវិញ​ហាក់ដូច​ជាមានកំណើនកាន់តែច្រើនឡើងគួរឲ្យព្រួយបារម្ភ។ ទន្ទឹមនោះការងារព្យាបាល និងស្តារនីតិ​សម្បទា​ការរៀបចំគោលនយោបាយសម្រាប់ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន​គ្រឿងញៀន នៅមិនទាន់ឆ្លើយតបបាន​ទៅនឹងផលប៉ះ​ពាល់​ធ្ងន់ធ្ងរដល់​សុខុមាល​ភាពសាធារណៈ និង បំណិនជីវិតនៅឡេីយ។

ជាមួយគ្នានេះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វីរិទ្ធ​ បានប្រាប់ទៅគណ:គ្រប់គ្រងមជ្ឈមណ្ឌលជាតិឱ្យដឹកនាំនិងពង្រឹងឯកភាពផ្ទៃក្នុងដេីម្បីការផ្តល់សេវាប្រកបដោយប្រសិទ្ធភាពនិងភាពជឿជាក់​ បណ្តុះបណ្តាល​វិជ្ជាជីវ: កៀរគរ សហការគាំទ្រពីវិស័យឯកជន ពិសេសក្នុងខេត្ត​ព្រះសីហនុ ដើម្បី​ជួយ​រក​ទីផ្សារការងារសម្រាប់ក្មួយៗ ដែលកំពុងសម្រាកព្យាបាល និង​ចាត់ចែង​នូវ​សម្ភារបច្ចេកទេស ពេទ្យ បុគ្គលិកជំនាញដើម្បីធានាបាននូវនិរន្តភាពនៃការ ព្យាបាល និង​ស្តារនីតិ​សម្បទាអ្នកញៀនគ្រឿងញៀននៅមជ្ឈមណ្ឌលជាតិ។​

ចុងបញ្ចប់នៃកម្មវិធី​ មានប្រគល់នូវប័ណ្ណសសេីរ​ជូនគ្រូឧទ្ទេស​ អ្នកសម្របសម្រួល​ការងារកន្លងមក​ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមទាំងអស់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង