ចម្រៀងដែលដាស់ស្មារតី ដល់កូនខ្មែរគ្រប់រូប ឲ្យចាប់អារម្មណ៍ លើការអភិរក្សក្បាច់គុនល្បុក្កតោ និងមោទនភាពជាតិ នឹងបង្ហាញមុនចូលឆ្នាំខ្មែរ
ភ្នំពេញ៖កាដូពិសេសពីសហព័ន្ធកីឡាគុនល្បុក្កតោនិងផលិតកម្មរាមសម្រាប់មុនចូលឆ្នាំថ្មីខាងមុខនេះគឺបទចម្រៀងអ្នកចម្បាំង
ដែលបានបង្ហាញលើកដំបូងក្នុងកម្មវិធីសម្ភោធពហុកីឡាជាតិមរតកតេជោក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ពេលនេះបទចម្រៀងត្រូវបានផលិតជាMVរួចរាល់និងយ៉ាងសំរឹតសំរាំងជាទីបំផុតហើយបទចម្រៀងនេះនឹងផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ គឺមុនបុណ្យចូលឆ្នាំប្រពៃណីជាតិឈានចូលមកដល់។
លោកសេងចំណានអគ្គនាយកផលិតកម្មរាមបានឲ្យដឹងថាការផលិតបទចម្រៀងនេះឡើងគឺកើតចេញពីទឹកចិត្តភក្តីភាពចំពោះគុនល្បុក្កតោ ដែលជាស្នាដៃបង្កើតដោយបុព្វបុរសខ្មែរ ដូចនេះការផលិតក៏ត្រូវតែយកចិត្តទុកដាក់បំផុត ដើម្បីអោយសមជាស្នាដៃរបស់កូនខ្មែរ។
បទអ្នកចម្បាំងផលិតឡើងក្នុងគោលបំណង លើកដំកើង ផ្សព្វផ្សាយ បង្អួតទៅអន្តរជាតិអំពីសក្ដានុពលអ្នកដែលខ្មែរមាន។
បទចម្រៀងអ្នកចម្បាំង បានផ្តិតយករូបភាព និងសកម្មភាពដ៏កម្រងពីក្បាច់គុនល្បុក្កតោហើយក៏ជាសារមួយសម្រាប់យុវជនខ្មែរ ឲ្យងាកមកចាប់អារម្មណ៍លើប្រពៃណីទំនៀមទំលាប់ វប្បធម៌ កីឡាក្បាច់គុនល្បុក្កតោ ដែលជាមោទនភាពជាតិ។
លោកអ៊ួតារាអគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោនិងជាអ្នកដឹកនាំផលិតបានដោយដឹងថាដោយមានការគាំទ្រយ៉ាងពេញទំហឹងពីគណៈកម្មការជាតិរៀបចំព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣និងបានការសម្របសម្រួលពីអាជ្ញាធរជាតិអប្សារាបានធ្វើឲ្យការផលិតនេះទទួលបានលទ្ធផលល្អទាំងខ្លឹមសារទាំងរូបភាព ។
ស្របពេលដែលយើងត្រូវបង្ហាញពីសក្ដានុពលកីឡាប្រពៃណីរបស់យើងនិងដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ
២០២៣ផងនោះយើងសង្ឈឹមថាបទចម្រៀងនេះនិងនាំមកនូវមោទនភាពជាតិនិងពង្រឹងស្មារតីដល់កីឡាករកីឡាការនីឲ្យកាន់តែរឹងប្រៀបបាននឹងអ្នកចម្បាំងសម័យអង្គរ។