អាជ្ញាធរមីន បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយតំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group គាំទ្រដល់ការងារ បោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា
ភ្នំពេញ៖ នៅក្រុងបាវិត ស្វាយរៀង ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក Clement Yang ប្រធានតំបន់សេដ្ឋកិច្ចពិសេស Manhattan បានអញ្ជើញជាអធិតបីភាព ក្នុងពិធីចុះហត្ថលេខានៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងតំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group ដើម្បីចូលរួមគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា កាលពីថ្ងៃទី០៨ មេសា ឆ្នាំ២០២២ ។
ពិធីចុះហត្ថលេខានេះ អាជ្ញាធរមីនតំណាងដោយ លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន និងតំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedT ecs Group តំណាងដោយលោក Larry Kao នាយកប្រចាំប្រទេស ក្នុងនាមឲ្យលោក Clement Yang លោក Larry Kao បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកបាន មកដាក់ការវិនិយោគនៅប្រទេសកម្ពុជារយៈពេលជាង ២០ឆ្នាំមកហើយ ដោយចាប់ផ្តើមក្នុងឆ្នាំ២០០០ ដោយក្រុមហ៊ុន MedTecs នៅខេត្តកំពង់ចាម ផលិតនៅឧបករណ៍វេជ្ជសាស្រ្ត និងសម្លៀកបំពាក់ពេទ្យ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាយជំងឺសារ និងក្រោយមកទៀតប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោកបន្តទៀតថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០០៥ ក្រុមហ៊ុនបានធ្វើការវិនិយោគបន្ថែម បង្កើតជាតំបន់សេដ្ឋកិច្ចពិសេស Manhatt an នៅក្រុងបាវិត ដែលសម្ភោធក្រោមអធិតបីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៥ ហើយបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេស មានកម្មករធ្វើការប្រមាណជាង ៣៥០០០នាក់ និងតំណាងឲ្យការនាំចេញប្រមាណ ៦% នៃការនាំចេញផលិតផលទូទាំងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ ដោយមានបំណងចង់ចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជាលើការងារមនុស្សធម៌ តំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group បានសហការជាមួយអាជ្ញាធរមីន គាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា និងជ្រើសរើសយកខេត្តស្វាយរៀ ងជាអាទិភាព។
ក្នុងសម្តេចតេជោនាយករដ្ឋមន្រ្តី លោក ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំលោក Clement Yang និងលោក Larry Kao សម្រាប់តំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group ដែលបានចូលរួម ផ្តល់ឱកាសការងារយ៉ាងច្រើន និងលើកកម្ពស់ជីវភាពរស់ នៅឲ្យកាន់តែប្រសើរឡើងដល់ប្រជាជនខ្មែរ ជាពិសេសបានចូលរួម ប្រែក្លាយតំបន់ស្ងប់ស្ងាត់ និងវាលស្រែនៅក្រុងបាវិត ទៅជាតំបន់សំបូរទៅដោយរោងចក្រ មានភាពអ៊ូអរ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។
លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងថា “ការវិនិយោគទាំងនេះបានដំណើរការជោគជ័យ គឺដោយសារការ យកចិត្តទុកដាក់ខ្ពស់ និងការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាននាំមកនូវ សុខសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយពាសពេញផ្ទៃប្រទេស មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវឱកាសវិនិយោគ យ៉ាងច្រើនជាមួយនឹងកម្លាំងពលកម្មសំបូរបែបសម្រាប់ការទាក់ទាញ និងការសម្រចចិត្តរបស់អ្នកវិនិយោគគិន។
លោកបន្ដថា៖ សុខសុវត្ថិភាពសម្រាប់ការវិនិយោគ ក៏មានការចូលរួមធានាពីការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមផងដែរ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ក្នុងគោលដៅបញ្ចប់ការគំរាមដោយសារគ្រាប់មីននៅកម្ពុជា ហើយប្រសិន បើយើងរួបរួមគ្នា ឆ្នាំ២០២៥ ខាងមុខ នឹងគ្មានវត្តមានគ្រាប់មីន និងគ្មានអ្នកគ្រោះថ្នាក់ដោយសារគ្រាប់មីនបន្តទៀតនៅកម្ពុជា៕ សំរិត