ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណនេយ្យហ្វេសប៊ុក ឈ្មោះ Mak Mak David សរសេរបង្ហោះ ព័ត៌មានមិនពិត គឺជិះម៉ូតូដួលដោយខ្លួនឯង ប្រឌិតថាករណីប្លន់

34

 

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ខែមេសាឆ្នាំ២០២២នេះ បានចេញបដិសេធ ទាក់ទងទៅនឹងគណនេយ្យហ្វេសប៊ុក ឈ្មោះ Mak Mak David សរសេរបង្ហោះព័ត៌មានមិនពិត ក្នុងបណ្តាញសង្គមហ្វេសប៊ុក ថាមានករណីប្លន់ម៉ូតូនៅចំណុចផ្លូវ៤៣០ ក្រោយសាលាពេទ្យក្បែរមន្ទីពេទ្យរុស្សី ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ។

បន្ទាប់ពីបានឃើញគណនីហ្វេសបុកខាងលើចុះផ្សាយ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធថាមិនមែនជាករណីប្លន់នោះទេ ជាក់ស្តែងជាករណីជិះម៉ូតូដួលដោយខ្លួនឯង។

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ វេលា១៥:០០នាទី បន្ទាប់ទទួលបានព័ត៌មានពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក និងកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះស្រាវជ្រាវដល់ទីកន្លែង មើលកាមេរ៉ាសុវត្ថិភាព និងការឆ្លើយបំភ្លឺពីសាក្សីនៅកន្លែងកើតចំនួន២នាក់ ជាអ្នកលក់ដូរតាមបណ្តោយផ្លូវ៤៣០ គឺពុំមែនជាករណីប្លន់នោះទេ គ្រាន់តែជិះម៉ូតូដួលដោយខ្លួនឯងតែប៉ុណ្ណោះ ហើយពួកគាត់ក៏បានជួយលើក និងបានជូនជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសថែមទៀតផង។

ពេលនេះសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង កំពុងធ្វើការស្រាវជ្រាវដើម្បីកោះហៅអ្នកសារព័ត៌មាន ក៏ដូចជាបុគ្គលមួយចំនួនដែលបានបំផុសព័ត៌មានមិនពិត បង្កឲ្យមានអសន្តិសុខដល់សង្គមជាតិ ជាពិសេសធ្វើឲ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ៕

អត្ថបទដែលជាប់ទាក់ទង