ម្ពុជា និងអង្គការសហប្រជាជាតិបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការដ៏ល្អបច្ចុប្បន្ន
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលប្រព័ន្ធអ.ស.ប.ប្រចាំកម្ពុជា នៅថ្ងៃនេះ បានសម្តែងការពេញ ចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ហើយមានការប្តេជ្ញាចិត្តដូចគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដ៏ល្អបន្ថែមទៀត។
ក្នុងខណៈដែលលោកស្រី ចូលជួបជម្រាបលា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងការអបអរសាទរ ចំពោះការបញ្ចប់បេសកកម្មប្រកប ដោយជោគជ័យរបស់ លោកស្រី Pauline Tamesis នៅក្នុងប្រទេសកម្ពុជា និងបានអះអាងជាថ្មីម្តងទៀត ពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអ.ស.ប.ដូចបានបង្ហាញអោយឃើញ ក្នុងការរៀបចំកិច្ចសន្ទនា ប្រចាំឆ្នាំជាមួយទីភ្នាក់ងារ អ.ស.ប. ប្រចាំកម្ពុជាដោយ សម្តេចតេជោហ៊ុន សែន លើកលែងតែឆ្នាំទៅ ដោយសារតែការរីករាលដាល នៃជម្ងឺកូវីដ១៩។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានសម្តែងការកោតសរសើរចំពោះ ទីភ្នាក់ងារអ.ស.ប.ប្រចាំកម្ពុជា ក្នុងការផ្តល់ ជំនួយដ៏មានតម្លៃ រួមមានជំនួយ ផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងប្រតិបត្តិការនានា ព្រមទាំងវ៉ាក់សាំង ដ៏ច្រើនសន្ធឹកសន្ធាប់ តាមរយៈយន្តការ COVAX និងឧបករណ៍ វេជ្ជសាស្រ្តផ្សេងទៀត ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំង ការរាតត្បាតជម្ងឺកូវីដ១៩។
លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីមោទនភាព របស់កម្ពុជាដែលបាន ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងតំបន់អាស៊ីប៉ា-ស៊ីហ្វិក សម្រាប់ការ ចាក់វ៉ាក់សាំង ប្រកបដោយជោគជ័យ ដែលនេះបាន អនុញ្ញាតឱ្យរាជរដ្ឋាភិបាល បើកប្រទេសឡើងវិញ ចាប់តាំងពីខែវិច្ឆិកាឆ្នាំទៅ។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់អ.ស.ប.ដល់ប្រទេសកម្ពុជា ដែលបានក្លាយជាអ្នក ចូលរួមចំណែកដ៏ សំខាន់ដល់បេសកកម្ម ថែរក្សាសន្តិភាពរបស់អ.ស.ប. នៅទូទាំងពិភពលោក ដោយបានបញ្ជូន កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាជាង៨០០០នាក់ ចូលរួមក្នុងបេសកកម្ម ចំនួន១១ ក្នុងប្រទេសចំនួន៩ តាំងពីឆ្នាំ២០០៦មក ដែលបានធ្វើឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៨ ក្នុងចំណោមប្រទេស ចូលរួមចំនួន១២២ និងចំណាត់ថ្នាក់លេខ២ ក្នុងអាស៊ានអំពីចំនួន ស្រ្ដីចូលរួមក្នុងបេសកកម្ម ថែរក្សាសន្តិភាពរបស់អ.ស.ប.។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពី ការគាំទ្រយ៉ាងមុត មាំរបស់អ.ស.ប. ជួយដល់កម្ពុជាក្នុងការ អនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួន លើសកម្មភាពអាកាសធាតុ និងក្នុងការរៀបចំសេចក្តីព្រាងច្បាប់ និងគោលនយោបាយផ្សេងៗ ព្រមទាំងគោលការណ៍ ណែនាំបច្ចេកទេស ដើម្បីបង្កើនការបំពេញមុខងាររបស់ស្ថាប័នសាធារណៈ និងការអនុវត្ត សិទ្ធិមនុស្ស។
លោក ប្រាក់ សុខុន និងលោកស្រី Pauline Tamesis ក៏បានពិភាក្សាពីការ ពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អ.ស.ប និងការចូលរួម របស់ឯកឧត្ដម អគ្គលេខាធិការអ.ស.ប.ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អ.ស.ប.លើកទី១២ ដែលនឹងប្រារព្វឡើងក្នុងទម្រង់រូបវន្ត (physical format) ក្នុងប្រទេសកម្ពុជា នៅឆ្នាំនេះ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ។
លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យមួយចំនួន ដែលត្រូវយក ចិត្តទុកដាក់នៅក្នុងកិច្ចប្រជុំកំពូល រួមមានក្របខណ្ឌការ ស្តារឡើងវិញ គ្រប់ជ្រុងជ្រោយរបស់អាស៊ាន ការបន្ស៊ីគ្នារវាងទស្សនៈ វិស័យសហគមន៍ អាស៊ានក្រោយឆ្នាំ២០២៥និងការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនិងរបៀបវារៈ គោលដៅអភិវឌ្ឍប្រកប ដោយចីរភាពឆ្នាំ២០៣០ របៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខ ការការពារបរិស្ថាន ការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ លើវិស័យមីន ពលករទេសន្តរប្រវេសន៍ ជាដើម។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានរំលឹកពីទស្សនៈកិច្ច លើកទីមួយរបស់ ឯកឧត្ដមទៅកាន់ ប្រទេសមីយ៉ាន់ម៉ាក្នុងនាម ជាប្រេសិត ពិសេសរបស់ប្រធានអាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ា ចាកចេញពីវិបត្តិ បច្ចុប្បន្នរបស់ខ្លួន និងការផ្តល់ជំនួយ មនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។
លោកស្រី Pauline Tamesis បានកោតសរសើរ អំពីការអភិវឌ្ឍ ផ្នែកសង្គម-សេដ្ឋកិច្ច ការរួមចំណែកដ៏សំខាន់ ដល់កិច្ចខិតខំថែរក្សា សន្តិភាពអន្តរជាតិរបស់កម្ពុជា ភាពជោគជ័យ របស់កម្ពុជាក្នុង ការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដែលឈានទៅ រកការបើកប្រទេស ពេញលេញឡើងវិញ និងបានគូសបញ្ជាក់ ពីការគាំទ្រដ៏រឹងម៉ាំរបស់អ.ស.ប.សម្រាប់ការបង្កើតយុទ្ធសាស្រ្ត និងគោលនយោបាយ របស់រាជរដ្ឋាភិបាល កម្ពុជាឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន។
លោកស្រី ក៏បានសម្តែងការកោតសរសើរ និងការដឹងគុណ សម្រាប់ កិច្ចសហប្រតិបត្តិការ ការគាំទ្រ និងការសម្របសម្រួល ដែលបានផ្តល់ជូន ក្រុមទីភ្នាក់ងារអ.ស.ប.ប្រចាំកម្ពុជា ដោយរាជរដ្ឋាភិបាល ជាពិសេសក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕